ជាតិ
សុខភាព
COVID-19៖ ខេត្តកណ្តាលពង្រីកកន្លែងព្យាបាល ក្រោយស្រុកកោះធំវិជ្ជមានដល់ទៅ៦៤នាក់ក្នុងថ្ងៃតែមួយ
16, Mar 2021 , 5:39 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំបន្ទាន់ និងចុះត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងមណ្ឌលចត្តាឡីស័កនៅស្រុកកោះធំ ខេត្តកណ្តាល។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសតួលេខនៃអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃទី១៦មីនា ថា  ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ចំនួន១០៥នាក់នៅទូទាំងប្រទេស មាន៦៤នាក់ ជាអ្នកជំងឺស្ថិតនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ។

 
ចំនួននេះ គឺបានធ្វើឱ្យស្រុកកោះធំ មានឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត១៤០នាក់ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្តាល  ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩សរុបនៅស្រុកកោះធំនេះ មាន នៅកាស៊ីណូរបស់ក្រុមហ៊ុនព្រីន ចំនួន១០២នាក់,  កាស៊ីណូយ៉ុងយ័ន៣២នាក់ និងកាស៊ីណូឃីងហ្វា២នាក់។


 
លោក គង់ សោភ័ណ្ឌ បានអះអាងដូច្នេះ៖«បើទោះបីជាមានការកើនឡើងនៃអ្នកឆ្លងកូវីដ-១៩នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ។ ពីព្រោះ អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ ដោយមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ»។  
 
ចំពោះកាស៊ីណូទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល តាំងពីថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២១មក។ ពោល គឺបិទក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅរាជធានីភ្នំពេញ បានរយៈពេល៨ថ្ងៃ។ អភិបាលខេត្តកណ្តាលរូបនេះ បានបន្ថែមថា លើសពីនេះទៀត បុគ្គលិកដែលបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ រួមទាំងជនបរទេសផងនោះ  ត្រូវបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩  និងកំពុងធ្វើចត្តាឡីស័ក។


 
 
ជាមួយគ្នានេះ លោក គង់ សោភ័ណ្ឌ បានស្នើដល់ម្ចាស់កាស៊ីណូទាំង៦នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការធ្វើចត្តឡីស័ក ដោយមិនអនុញ្ញារឱ្យនរណាម្នាក់ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ។ លោកបានបញ្ជាក់ថា៖«កន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាលមកពីពួកគាត់ពេលកំពុងធ្វើចត្តាឡីស័ក បានចល័តចេញពីក្នុងបន្ទប់ នៅក្នុងអាគារតែមួយ»។
 
ខេត្តកណ្តាល ក្រៅពីស្រុកកោះធំដែលមានឆ្លងជំងឺកូវីដ-១៩ហើយនោះ ក៏មានស្រុកលើកដែក និងស្រុកល្វាឯមផងដែរ។ បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ-១៩ ចំនួន១៧០នាក់ ក្នុងនោះប្រុស១១២នាក់ និងស្រី៥៨នាក់។


 
នៅកម្ពុជា ក្រៅពីស្រុកកោះធំដែលកំពុងផ្ទុះខ្លាំង ទីតាំងផ្សេងទៀតរួមមាន បណ្តាសង្កាត់ ខណ្ឌក្នុងរាជធានីភ្នំពេញ, ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រុកពាមរ៍ ខេត្តព្រៃវែង និងស្រុកគិរីសាគរ ខេត្តកោះកុង ជាដើម។
 
សូមជម្រាបថា ត្រឹមរយៈពេល២៤ថ្ងៃនៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៩១៥នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះ មានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺ ស្មើជិត៦៤ភាគរយនៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប១,៤៣០នាក់។ ក្នុងចំណោម អ្នកឆ្លងកូវីដ-១៩ សរុបនេះ មាន៨១៨នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ ៕ 
 
 

Tag:
 COVID-19
  ស្រុកកោះធំ
  លោក គង់ សោភ័ណ្ឌ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com