កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Dinamo Zagreb ចុះចេញពីតំណែង ក្រោយត្រូវកាត់ទោសពីបទឆបោក
16, Mar 2021 , 11:29 pm        
រូបភាព
លោក Zoran Mamic បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុម Dinamo Zagreb បន្ទាប់ពីលោកត្រូវតុលាការកំពូលក្រូអាស៊ីកាត់ទោសឱ្យជាប់ពន្ធនាគារ ពីបទឆបោក និងកិបកេងប្រាក់។


លោក Mamic វ័យ៤៩ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររួមជាមួយបងប្រុសលោក Zdravko តាំងពីឆ្នាំ ២០១៨។ បើទោះបីជាតុលាការកំពូលរបស់ប្រទេសក្រូអាស៊ីបន្ធូរបន្ថយទោសលោក Mamic ចំនួន៣ខែក្តី ប៉ុន្តែបុរសសញ្ជាតិក្រូអាស៊ីរូបនេះនៅតែត្រូវជាប់ពន្ធនាគារដល់ទៅ ៤ឆ្នាំ ៨ខែទៀតឯណោះ។
 
លោក Zdravko បងប្រុសរបស់ Mamic ជាអតីតអនុប្រធានសហព័ន្ធកីឡាបាល់ទាត់ក្រូអាស៊ី (CFF) ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបូស្ន៊ី នៅមុនការផ្តន្ទាទោសនៅឆ្នាំ ២០១៨ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ៦ខែ ក្រោយតុលាការកំពូលសម្រេចក្តីនៅថ្ងៃទី១៥ ខែមីនា។
 
នៅក្នុងសេចក្តីប្រកាសមួយនៅលើវេបសាយផ្លូវការបស់ក្លិប Dinamo Zagreb លោក Mamic បានសរសេរថា៖« ទោះបីខ្ញុំមិនមានអារម្មណ៍ថាមានកំហុសក៏ដោយ ខ្ញុំបានលាលែងពីតំណែងដូចអ្វីដែលខ្ញុំបាននិយាយថាខ្ញុំនឹងធ្វើវា ប្រសិនបើខ្ញុំពិតជាត្រូវបានកាត់ទោស។ ខ្ញុំសូមជូនពរឱ្យក្លឹបមានសំណាងល្អ»។
 
លើសពីនេះទៀតតុលាការកំពូលក្រូអាស៊ី បានកាត់ទោស អតីតប្រធានក្លិប Dinamo Zagreb លោក Damir Vrbanovic និងអធិការពន្ធលោក Milan Pernar ផងដែរ។ លោក Vrbanovic, Pernar និងបងប្អូនប្រុសរបស់ Mamic ត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់ ១៣លានផោន (១៨លានដុល្លារអាមេរិក) តាមរយៈការផ្ទេរប្រាក់ពីក្លិបកំពូលរបស់ក្រូអាស៊ីមួយនេះ និងការគេចពន្ធដែលមានតម្លៃជាង២លានដុល្លារទៀត។
 
Dinamo Zagreb នឹងត្រូវធ្វើដំណើរទៅជួប Tottenham Hotspurs ក្នុងជំនួបជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Europa League នៅរាត្រីថ្ងៃទី១៨ ខែមីនា។ កាលពីជើងទី១ Spurs បានយកឈ្នះ Dinamo Zagreb ក្នុងលទ្ធផល ២-០ រួចមកហើយ៕
 
 

Tag:
 Dinamo Zagreb
  Zoran Mamic
© រក្សាសិទ្ធិដោយ thmeythmey.com