កីឡាអន្តរជាតិ
អន្តរជាតិ
Manchester City និង Real Madrid បានកៅអីបន្តទៅវគ្គ៨ក្រុមចុងក្រោយ Champions League
17, Mar 2021 , 6:01 am        
រូបភាព
Kevin De Bruyne របស់ Man City និង Sergio Ramos របស់ Real Madrid អបអរគ្រាប់បាល់បញ្ចូលទីរៀងៗខ្លួន។ រូបថត UCL
Kevin De Bruyne របស់ Man City និង Sergio Ramos របស់ Real Madrid អបអរគ្រាប់បាល់បញ្ចូលទីរៀងៗខ្លួន។ រូបថត UCL
Manchester City និង Real Madrid បានឈានបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក្រោយបន្តជ័យជម្នះរៀងៗខ្លួននៅជើងទីពីរ។ Manchester City ឈ្នះ Borussia Monghchengladbach ២-០ ទាំងពីរជើង ខណៈ Real Madrid បន្តឈ្នះ Atlanta ៣-១ ក្រោយមានប្រៀប ១-០ កាលពីជើងទីមួយ។



អត្ថបទទាក់ទង


Manchester City ឈានទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ៤រដូវកាលជាប់គ្នា ក្រោយជ័យជម្នះទាំងពីរលើកលើ Borussia Mongchengladbach។ ក្រោយមានប្រៀប ២-០ នៅជើងទីមួយ ក្រុមមេឃខៀវសម្រេចបានលទ្ធផលដដែលនេះទៀតនៅជើងទីពីរ ដែលស៊ុតបញ្ចូលទីជាបន្តបន្ទាប់ដោយ Kevin De Bruyne និង Ilkay Gundogan ត្រឹម១៨នាទីដំបូង។



ការប្រកួតទាំងពីរជើង បានប្រព្រឹត្តទៅនៅកីឡដ្ឋាន Puskas Arena ក្រុង Budapest ដោយសារតែការរឹតត្បិតដើម្បីទប់ស្កាត់កូវីដ-១៩។ ជ័យជម្នះនេះ នាំឲ្យក្រុមរបស់លោក Pep Guardiola ស្ថិតក្នុងដំណើរដើម្បីក្លាយជាក្រុមអង់គ្លេសទីមួយដែលឈ្នះពាន៤ គឺ Premier League, Champions League, FA Cup និង League Cup។

ចំណែកឯ Real Madrid ឯណោះវិញ ពួកគេឈានដល់វគ្គ១/៤ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ជាមួយនឹងជ័យជម្នះសរុបទាំងពីរជើង ៤-១លើ Atlanta។

សម្រាប់ជំនួបជើងទីពីរនៅកីឡដ្ឋាន Alfredo Di Stefano ក្រុម Real  បានយកឈ្នះ ៣-១ ដែលស៊ុតបញ្ចូលទីដោយ Karim Benzema នៅតង់ទីមួយ Sergio Ramos និង Marco Asensio នៅតង់ទីពីរ ខណៈ Luis Muriel ជាអ្នកដែលរកបានតែ១គ្រាប់ឲ្យក្រុមភ្ញៀវ។



លទ្ធផលនេះ បង្ហាញថា លោក Zinedine Zidane ដឹកនាំឈ្នះការប្រកួត Champions League ចំនួន៣០លើកក្នុងចំណោម៤៩លើក ក្នុងតួនាទីជាអ្នកចាត់ការទូទៅ Real Madrid។

Manchester City និង Real Madrid រួមដំណើរជាមួយ Borrussia Dortmund, Porto, Liverpool និង PSG ទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយរង់ចាំ៤ក្រុមទៀត ខណៈការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕

© រក្សាសិទ្ធិដោយ thmeythmey.com