អន្តរជាតិ
៥ឆ្នាំចុងក្រោយ អាមេរិកនៅតែនាំចេញអាវុធច្រើនជាងគេ ឯការនាំចេញរបស់ចិននិងរុស្ស៊ីធ្លាក់ចុះ
17, Mar 2021 , 10:26 am        
រូបភាព
អាមេរិក នៅតែជាប្រទេសនាំចេញអាវុធច្រើនជាងគេលើពិភពលោកនៅអំឡុង៥ឆ្នាំមុន។ នេះបើតាមការរបាយការណ៍របស់វិទ្យាស្ថានស៊ុយអែតនៅថ្ងៃទី១៥ ខែមីនា។ ខណៈការនាំចេញរបស់អាមេរិកកើន ការនាំចេញអាវុធរបស់ចិន និងរុស្ស៊ី ធ្លាក់ចុះនៅរយៈពេលដូចគ្នានេះ។ ក្រៅពីអាមេរិក ការនាំចេញអាវុធរបស់បារាំង និងអាល្លឺម៉ង់ ក៏កើនឡើងផងដែរ។


នៅក្នុងរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា អាមេរិក នៅតែជាប្រទេសនាំចេញអាវុធច្រើនជាងគេ។ ការនាំចេញរបស់អាមេរិក៥ឆ្នាំចុងក្រោយ (២០១៦-២០២០) កើន៣៧ភាគរយ ធៀបនឹងរយៈពេល៥ឆ្នាំមុន (២០១១-២០១៥) ដែលកើនឡើងពី៣២ភាគរយ។
 
បើតាម SIPRI ចាប់ពីឆ្នាំ២០១៦ ដល់ ២០២០ អាមេរិក បាននាំចេញអាវុធទៅប្រទេសចំនួន៩៦ ដោយប្រមាណ ៤៧ភាគរយ នាំចេញទៅមជ្ឈិមបូព៌ា ក្នុងនោះនាំចេញទៅអារ៉ាប៊ីសាអូឌីតមានចំនួន ២៤ភាគរយ។ 
 
ឈរលេខពីរបន្ទាប់ពីអាមេរិក គឺរុស្ស៊ី ដោយការនាំចេញរបស់រុស្ស៊ីមានចំណែក២០ភាគរយនៃទំហំនាំចេញអាវុធសរុបរបស់ពិភពលោក។ ប៉ុន្តែការនាំចេញរបស់រុស្ស៊ីធ្លាក់ចុះ២២ភាគរយក្នុងរយៈពេល២០១៦-២០២០។ ភាគច្រើននៃការធ្លាក់ចុះនេះ ដោយសារតែឥណ្ឌាដែលជាម៉ូយដុំ ងាកទៅទិញអាវុធរបស់បារាំងវិញ។ យ៉ាងណាមិញ ទំហំនាំចេញអាវុធរុស្ស៊ីទៅចិន, អេហ្ស៊ីប និងអាល់ហ្សេរី បានកើនឡើង។ 
 
បារាំង ជាប្រទេសនាំចេញអាវុធលំដាប់ទី៣ ដែលមានទំហំនាំចេញអាវុធសរុបរបស់ពិភពលោក ៨,២ភាគរយ ដោយបានកើនឡើងចំនួន ៤៤ភាគរយឯណោះ។ ទីផ្សាររអាវុធរបស់បារាំង មានដូចជាឥណ្ឌា អេហ្ស៊ីប និងកាតាជាដើម ដែលមានទំហំស្មើនឹង៥៩ភាគរយ នៃទំហំនាំចេញសរុបរបស់បារាំង។ កន្លងទៅឥណ្ឌា បានទិញយន្តហោះចម្បាំង Dassault Rafale ពីបារាំងជាង ២០គ្រឿងឯណោះ។ 
 
រីឯប្រទេសអឺរ៉ុបមួយទៀត គឺអាល្លឺម៉ង់ ដែលមានទំហំនាំចេញអាវុធចំនួន ៥,៥ភាគរយនៅលើពិភពលោក បានកើនឡើងការនាំចេញអាវុធរបស់ខ្លួនហូតដល់ ២១ភាគរយ ២០១៦-២០២០ បើធៀបរយៈពេល ២០១១-២០១៥។ ទីផ្សាររបស់អាល្លឺម៉ងមានដូចជាកូរ៉េខាងត្បូង, អេហ្ស៊ីប និងអាល់ហ្សេរី។ 
 
មិនខុសពីរុស្ស៊ីឡើយ ការនាំចេញរបស់ចិនក៏ធ្លាក់ចុះដែរ។ ចិន ជាប្រទេសនាំចេញអាវុធលំដាប់ទី៥ និងមានទំហំនាំចេញអាវុធសរុបលើពិភពលោកស្មើនឹង៥,២ភាគរយក្នុងរយៈពេល២០១៦-២០២០។ តួលេខនេះ បានធ្លាក់ចុះច្រើន ធៀបនឹងការនាំចេញចន្លោះឆ្នាំ២០១១-២០១៥ ដែលមានចំនួន៧,៨ភាគរយ។ ចិននាំចេញអាវុធទៅបណ្តាប្រទេសដូចជា អាល់ហ្សេរី, បង់ក្លាដែស និងប៉ាគីស្ថាន។ 
 
សូមបញ្ជាក់ថា របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ប្រទេសដែលនាំចូលអាវុធច្រើនជាងគេ គឺនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានដូចជា អារ៉ាប៊ីសាអូឌីត និងកាតាជាដើម។ យ៉ាងណាមិញ កម្រិតនៃការនាំចេញអាវុធនៅលើពិភពលោកនៅតែរក្សាកម្រិតដដែលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ បើធៀបនឹងរយៈពេលឆ្នាំ២០១១-២០១៥ ៕
 

Tag:
 អាមេរិក ចិន
© រក្សាសិទ្ធិដោយ thmeythmey.com