អន្តរជាតិ
អាមេរិក និងជប៉ុន ព្រមានចិនចំពោះឥរិយាបថគំរាម និងបង្កអស្ថិរភាពក្នុងតំបន់
17, Mar 2021 , 1:19 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក, រដ្ឋមន្ត្រីការបរទេសអាមេរិក, រដ្ឋមន្រ្តីការបរទេសជប៉ុន និងរដ្ឋមន្រ្តីការពារជាតិជប៉ុននាសន្និសីទសារព័ត៌មានរួមគ្នា។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក, រដ្ឋមន្ត្រីការបរទេសអាមេរិក, រដ្ឋមន្រ្តីការបរទេសជប៉ុន និងរដ្ឋមន្រ្តីការពារជាតិជប៉ុននាសន្និសីទសារព័ត៌មានរួមគ្នា។ រូបថត AFP
ដោយ:
អាមេរិក និងជប៉ុនបានចេញមុខរួមគ្នាមកព្រមានចិនលើអ្វីដែលប្រទេសទាំងពីរចាត់ទុកជាឥរិយាបថគំរាម និងបង្កអស្ថិរភាពក្នុងតំបន់។ ការព្រមានរួមគ្នាដោយជប៉ុន និងអាមេរិកធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៃរដ្ឋមន្ត្រីការពារជាតិ និងការបរទេសអាមេរិកនៅទីក្រុងតូក្យូ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីរដ្ឋបាលអាមេរិកថ្មីនៅតំបន់អាស៊ី។


ចិន ជាប្រធានបទសំខាន់នៃជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិអាមេរិក-ជប៉ុន នៅទីក្រុងតូក្យូនៅថ្ងៃទី១៦ ខែមីនា។ រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស អាន់តូនី ប្ល៊ីងខិន បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិជប៉ុន Nubuo Kishi និងរដ្ឋមន្ត្រីការបរទេស Toshimitsu Motegi ។ 
 
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីលើកឡើងពីសំណុំរឿងទាក់ទងចិនដូចជា ស្ថានការណ៍នៅហុងកុង និងតៃវ៉ាន់ ក៏ដូចជាការកើនឡើងវត្តមាន និងសកម្មភាពរបស់ចិនក្នុងតំបន់ជម្លោះសមុទ្រចិនភាគខាងកើត។ សំណុំរឿងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា និងនុយក្លេអ៊ែរកូរ៉េខាងជើងក៏ត្រូវលើកឡើងផងដែរ។ សេចក្តីថ្លែងការណ៍រួមនៃរដ្ឋមន្ត្រីទាំង៤ សង្កត់ធ្ងន់លើការប្រឆាំងទៅនឹងការគំរាម និងឥរិយាបថបណ្តាលឱ្យមានអស្ថិរភាពចំពោះប្រទេសឯទៀតក្នុងតំបន់។
 
«ឥរិយាបថរបស់ចិន មិនសមស្របទៅនឹងសណ្តាប់ធ្នាប់ពិភពលោក ហើយបង្កជាបញ្ហាប្រឈមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួម។ លោក ប្ល៊ីងខិន ក៏បញ្ជាក់ពីចក្ខុវិស័យរួមរបស់អាមេរិក និងជប៉ុនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី គោរពច្បាប់ សហការគ្នា និងដោះស្រាយជម្លោះដោយសន្តិវិធី។ ប្រមុខការបរទេសអាមេរិកសង្កត់ធ្ងន់ថា អាមេរិក និងសម្ពន្ធមិត្តនឹងប្រឆាំងចិនចំពោះឥរិយាបថគំរាម ឬឈ្លានពាន។
 
ចំពោះជម្លោះក្នុងសមុទ្រចិនខាងកើត អាមេរិកបង្ហាញជំហរបន្តការពារជប៉ុនក្នុងជម្លោះនេះ ក៏ដូចជាបដិសេធការកាន់កាប់ និងទាមទារមិនស្របច្បាប់ទាំងឡាយរបស់ចិន។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយកិច្ចប្រជុំ លោក Kishi អះអាងថា អាមេរិកប្តេជ្ញាជាថ្មីក្នុងការការពារកោះស៊ិនកាគុរបស់ជប៉ុន។
 
ចំណែកលោក Motegi អះអាងថា បញ្ហាដែលទាក់ទងជាមួយចិនត្រូវចំណាយពេលពិភាក្សាមួយភាគធំ ហើយជប៉ុនបញ្ជាក់ជាថ្មីពីការប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ងឯកតោភាគីណាមួយក្នុងការកែប្រែស្ថានការណ៍បច្ចុប្បន្នក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ លោកក៏ឆ្លៀតរិះគន់ចិនដែលប្រើប្រាស់ការគំរាម និងការឈ្លានពានជាប្រព័ន្ធដែលធ្វើឱ្យបាត់បង់ស្វ័យភាពហុងកុង ប្រជាធិបតេយ្យនៅតៃវ៉ាន់ ការរំលោភសិទ្ធិមនុស្សក្នុងតំបន់ស៊ីនជាំង និងទីបេ។
 
លើបញ្ហាសន្តិសុខ និងស្ថិរភាពច្រកសមុទ្រតៃវ៉ាន់ លោក Austin សង្កត់ធ្ងន់ថា អាមេរិកនឹងធ្វើយ៉ាងណាត្រៀមខ្លួន ឱ្យបានលឿនតាមតែអាចធ្វើទៅបានដើម្បីប្រឈមទៅនឹងបញ្ហាណាមួយដែលប៉ះពាល់ដល់សម្ព័ន្ធមិត្ត។
 
លើជំនួបមន្ត្រីអាមេរិក និងជប៉ុននេះ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ មីនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងថា ទំនាក់ទំនងអាមេរិក-ជប៉ុនមិនគួរណាសំដៅ ឬធ្វើឱ្យប៉ះពាល់ដល់ផល់ប្រយោជន៍នៃភាគីទីបីឡើយ។ សម្រាប់អ្នកនាំពាក្យរូបនេះ អាមេរិក និងជប៉ុន គួរពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
 

Tag:
 ចិន
 ជប៉ុន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com