កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan ត្រឡប់ចូលជម្រើសជាតិវិញ ដោយត្រូវជួយស៊ុយអែតនៅជម្រុះ World Cup
17, Mar 2021 , 2:28 pm        
រូបភាព
Zlatan Ibrahimovic ត្រឡប់ចូលក្រុមជម្រើសជាតិស៊ុយអែតសារជាថ្មី ក្រោយចូលនិវត្តន៍៥ឆ្នាំ ដើម្បីជួយក្រុមលេងក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០២២។ គ្រូស៊ុយអែតលោក Janne Andersson ធ្លាប់បានបដិសេធមិនយក Ibrahimovic ចូលក្រុមម្តងដែរ កាលពីខែវិច្ឆិកាកន្លងទៅ។


បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កីឡាករវ័យ ៣៩ ឆ្នាំ នឹងត្រូវជួយក្រុមស៊ុយអែតលេងតទល់នឹងក្រុមហ្សកហ្ស៊ី និងកូសូវ៉ូ ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក ក្រោយចូលនិវត្តន៍ពីក្រុមជម្រើសជាតិអស់រយៈពេល៥ឆ្នាំ។ ខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្លិប AC Milan បានព្យួរស្បែកជើងពីក្រុមជម្រើសជាតិ នៅក្រោយការប្រកួតពានរង្វាន់អឺរ៉ុប Euro ឆ្នាំ ២០១៦មក។
 
Ibrahimovic ដែលជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ស៊ុយអែត ចំនួន ៦២ គ្រាប់ ក្នុងការប្រកួតអន្តរជាតិចំនួន១១៦លើក ធ្លាប់បានបង្ហើបកាលពីខែវិច្ឆិកាថា រូបគេបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការត្រឡប់ពីការចូលនិវត្តន៍ ដើម្បីចូលជួយក្រុមជម្រើសជាតិវិញ។
 
គ្រូបង្វឹកស៊ុយអែតលោក Andersson បានធ្វើដំណើរទៅជួប Ibrahimovic នៅអ៊ីតាលីដើម្បីអនុញ្ញាតសម្រប់ការវិលត្រឡប់នេះ ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១៦ ខែមីនា។ ដំបូងឡើង លោក Andersson ក៏ធ្លាប់បដិសេធមិនទទួលយកខ្សែប្រយុទ្ធវ័យចំណាស់នេះចូលក្រុមជម្រើសជាតិវិញផងដែរ។ កាលណោះគ្រូសញ្ជាតិស៊ុយអែត វ័យ៥៨ឆ្នាំ អះអាងថាទ្វារត្រូវបានបិទហើយសម្រាប់ការវិលត្រឡប់របស់អតីតប្រធានក្រុមរូបនេះ។
 
យ៉ាងណា លោក Andersson នៅតែសម្រេចទទួលយក Ibrahimovic បន្ទាប់ពីរូបគេបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីទម្រង់លេងរបស់ខ្លួនក្រោយរកបាន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤ ប្រកួតនៅក្របខណ្ឌ Serie A រដូវកាលនេះ។ អតីតសមាជិក Manchester United, Juventus, Barcelona, PSG, Inter Milan និង LA Galaxy រូបនេះបានជួយ AC Milan លេចធ្លោ និងជាក្រុមបេក្ខភាពប្រជែងពានលីគកំពូលអ៊ីតាលីរដូវកាលនេះផងដែរ៕
 

Tag:
 Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com