អន្តរជាតិ
ប្រមុខការពារជាតិអាមេរិក៖ សម្ពន្ធភាពជាមួយកូរ៉េខាងត្បូងសំខាន់ពេលប្រឈមជាមួយចិន និងកូរ៉េខាងជើង
17, Mar 2021 , 6:29 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក និងកូរ៉េខាងត្បូងនាជំនួបនៅសេអ៊ូល។ រូបថត AFP
រដ្ឋមន្ត្រីការពារជាតិអាមេរិក និងកូរ៉េខាងត្បូងនាជំនួបនៅសេអ៊ូល។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin ចាត់ទុកសម្ពន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងជារឿសំខាន់ ស្របពេលនៃការកើនឡើងបញ្ហាប្រឈមសន្តិសុខបណ្តាលមកពីចិន និងកូរ៉េខាងជើង។ លោក Austin អះអាងបែបនេះអំឡុងទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៧ ខែមីនា


ចេញពីជប៉ុន លោក Lloyd Austin បន្តដំណើរទៅកាន់កូរ៉េខាងត្បូង។ នៅថ្ងៃទី១៧ ខែមីនា លោក Austin ជួបជាមួយសមភាគីកូរ៉េខាងត្បូង Suh Wook ដោយផ្ដោតលើបញ្ហាកូរ៉េខាងជើង និងចិន។ បើតាមប្រមុខមន្ទីរបញ្ចកោណរូបនេះ សម្ពន្ធភាពជាមួយកូរ៉េខាងត្បូងជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៃតំបន់អាស៊ីឦសាន ហើយការត្រៀមខ្លួនរួចស្រេចរបស់កងទ័ព ជាអាទិភាពខ្ពស់បំផុត។
 
 
«ដោយមើលឃើញពីបញ្ហាប្រឈមដែលមិនធ្លាប់មានបង្កើតឡើងដោយចិន និងកូរ៉េខាងជើង សម្ពន្ធភាពជាមួយសាធារណរដ្ឋកូរ៉េពិតជាសំខាន់ជាងពេលណាៗទាំងអស់»។ លោក Austin លើកឡើងបែបនេះនាជំនួបជាមួយលោកWook ។ លោកក៏ផ្ដល់ធានាជាថ្មីផងដែរថា អាមេរិកនឹងបន្តការពារសម្ពន្ធមិត្តមួយនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។
 
ការលើកឡើងរបស់លោក Austin ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយលោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ ប្អូនស្រីក៏មានឥទ្ធិពលរូបនេះ ក៏ព្រមានរដ្ឋាភិបាលកូរ៉េខាងត្បូងពីការជ្រើសរើសយកផ្លូវទៅកាន់សង្គ្រាម និងវិបត្តិ និងមិនគិតពីប្រជាជនជាមុន។
 
អាមេរិក មានកងទ័ពចំនួន២៨,៥០០នាក់ដែលកំពុងប្រចាំការនៅកូរ៉េខាងត្បូង។ កាលពីថ្ងៃទី១០ ខែមីនា អាមេរិកនិងកូរ៉េខាងត្បូងសម្រេចបានកិច្ចព្រមព្រៀងស្តីពីការចំណាយលើមូលដ្ឋានទ័ពអាមេរិកក្នុងទឹកដីកូរ៉េខាងត្បូង។ ពិធីចុះកិច្ចហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីចំណាយនេះ ទំនងជាធ្វើឡើងអំឡុងទស្សនកិច្ចរបស់ Austin និងរដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន តែម្ដង។
 
ចំពោះកិច្ចព្រមព្រៀងនេះលោក Austin អះអាងថា ជាការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីចូ បៃឌិន ក្នុងការស្រោចស្រង់ និងទំនើបកម្មសម្ពន្ធភាពនៅជុំវិញពិភពលោក។ លោកបន្តថា សម្ពន្ធភាពដែលមានអាយុជាង៧០ឆ្នាំនេះ នៅបន្តខ្ជាប់ខ្ជួនដូចដែកថែប។ 
 
ចំណែកលោក Suh វិញបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាមេរិកមានលក្ខណៈទៅវិញទៅមកឡើងវិញចាប់ពីពេលដែលលោក បៃឌិន កាន់តំណែងជាប្រធានាធិបតីមក។ 
 
នៅថ្ងៃទី១៨ ខែមីនា លោកAustin និងចូលរួមជាមួយលោកអាន់តូនី ប្ល៊ីងខិន ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរធ្វើការសម្របសម្រួលគោលនយោបាយ វិធានការទល់នឹងកូរ៉េខាងជើង និងការពង្រឹងសម្ពន្ធភាព។ ក្រោយជំនួបនោះ រដ្ឋមន្ត្រីទាំងពីរក៏ចូលជួបប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ៕
 
 

Tag:
 ចិន
 អាមេរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com