កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន CAF ថ្មី ជឿជាក់ថា ក្រុមទ្វីបអាហ្រ្វិកនឹងឈ្នះ World Cup ឆាប់ៗនេះ
17, Mar 2021 , 10:59 pm        
រូបភាព
លោក Patrice Motsepe ដែលទើបឡើងកាន់តំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) នៅថ្ងៃទី១៦ ខែមីនា ជឿជាក់ថា ចំណោមក្រុមជម្រើសជាតិនៅទ្វីបមួយនេះត្រូវតែមានមួយឈ្នះ World Cup នាពេលឆាប់ៗនេះ។


 
«ក្រុមអាហ្រ្វិកត្រូវតែឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup នាពេលឆាប់ៗខាងមុខនេះ»។ នេះជាការអះអាងរបស់មហាសេដ្ឋីអាហ្រ្វិកខាងត្បូង នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
 
លោក Motsepe ត្រូវបានជ្រើសតាំងជាអ្នកដឹកនាំ CAF នៅសប្តាហ៍មុន បន្ទាប់ពីស្ថាប័នមួយនេះជួបបញ្ហារកាំរកូស ហើយត្រូវបាន FIFA ហាមឃាត់រយៈពេល២ឆ្នាំនៅក្រោមការដឹកនាំរបស់លោក Ahmad Ahmad ជុំវិញអំពើពុករលួយ។
 
ក្រោយឡើងកាន់តំណែង មហាសេដ្ឋីរ៉ែមាសដែលមានប្រាក់ជិត៣ពាន់លានដុល្លារអាមេរិករូបនេះ បានសន្យាថានឹងលាឈប់ពីតំណែងបន្ទាប់ពីអាណត្តិរយៈពេល៤ឆ្នាំ ប្រសិនបើ CAF មិនមានការរីកចម្រើនដូចក្រោមការដឹកនាំរបស់លោក Ahmad។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
ស្របពេលគ្នានេះ លោក Motsepe ក៏បានទទូចឱ្យក្រុមអាហ្វ្រិកទាំងអស់បញ្ឈប់ភាពទុទិដ្ឋិនិយម និងអវិជ្ជមានអំពីពានរង្វាន់ FIFA World Cup។ លោកចង់បញ្ជាក់ថា «មិនមានក្រុមណាដែលទទួលជោគជ័យ ដោយផ្អែកលើភាពបរាជ័យនោះទេ»។
 
ចាប់តាំងពីបង្កើតពាន World Cup មក គ្មានក្រុមអាហ្រ្វិកណាឆ្លងចូលវគ្គ៨ក្រុមចុងក្រោយនោះទេ ក្រៅតែពីកាមេរូន នៅឆ្នាំ ១៩៩០ សេណេហ្គាល់នៅឆ្នាំ២០០២ និងហ្គាណានៅឆ្នាំ២០១០ ប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក Motsepe នៅតែជឿជាក់ថា បាល់ទាត់អាហ្រ្វិកនឹងទទួលបានជោគជ័យ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីក្លាយជាក្រុមល្អបំផុតនៅលើលោក៕
 

Tag:
 Patrice Motsepe
  World Cup
  CAF
© រក្សាសិទ្ធិដោយ thmeythmey.com