ជាតិ
អាជ្ញាធរកំពង់ស្ពឺ ដកហូតដីព្រៃជាង២៦០ហិកតាពីជនខិលខូចដែលទន្ទ្រានយកដោយខុសច្បាប់
18, Mar 2021 , 8:59 am        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ រូបថត​រដ្ឋបាលខេត្ត
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ រូបថត​រដ្ឋបាលខេត្ត
ដោយ:
រដ្ឋបាលខេត្តកំពង់ស្ពឹ បានដកហូតដីព្រៃទំហំជាង២៦០ហិកតា ដែលជនខិចខូចលួចកាប់ទន្ទ្រានដោយខុសច្បាប់ មកធ្វើជាសម្បត្តិរដ្ឋវិញហើយ។ ផ្ទៃដីទាំងនោះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រ ឃុំតាសាល និងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់។

 
រដ្ឋបាលខេត្តកំពង់ស្ពឺ បានដកហូតដីព្រៃចំនួន ២៦៦,៣១ហិកតា ជនខិលខូចទន្ទ្រានយកដោយខុសច្បាប់ មកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយលោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា ផ្ទៃដីទាំងនោះ មាន ៩ទីតាំងផ្សេងគ្នា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់។ 
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ ThmeyThmey យ៉ាងដូច្នេះ៖«យើងបានដកហូតមកវិញហើយ ហើយយើងក៏មិនស្គាល់មុខ អ្នកដែលទន្ទ្រានដីព្រៃឈើដែរ។ តាមច្បាប់ជនដែល ទន្ទ្រានដីព្រៃឈើសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួន នឹងត្រូវជាប់ពន្ធនាគារ ពី ៥ឆ្នាំទៅ ១០ឆ្នាំ»។
 
លោកអភិបាលខេត្ត បានស្នើឲ្យមានការបញ្ឈប់នូវសកម្មភាពខុសច្បាប់ ដែលបំផ្លាញផលប្រយោជន៍សាធារណៈ ពិសេសព្រៃឈើដែលជាអត្ថប្រយោជន៍សម្រាប់មនុស្ស និងសត្វ។ លោកបន្តថាព្រៃឈើ មិនសម្រាប់តែជាជម្រកសម្រាប់សត្វព្រៃទេ តែវាបានផ្ដល់ផលប្រយោជន៍ ដល់ពលរដ្ឋដែលនៅក្នុងតំបន់នោះ ពិសេសបងប្អូនជនជាតិដើមភាគតិច ដែលពឹងអាស្រ័យល់អនុផលព្រៃឈើ៕
 
 

Tag:
 ដីព្រៃ
  ព្រៃឈើ
  វ៉ី សំណាង
  ដែនជម្រកសត្វព្រៃ
  ឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com