ជាតិ
សុខភាព
លោក គង់ សោភ័ណ្ឌ៖ អ្នកជំងឺកូវីដ-១៩ជាង១៥០នាក់កោះធំ សុទ្ធតែជាអ្នកដែលធ្វើចត្តាឡីស័ក
17, Mar 2021 , 5:59 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៧មីនា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល កើនដល់ ១៥៦នាក់។ ថ្វីដ្បិតចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងស្រុកមួយនេះ បានកើនឡើងជាគំហុគ នារយៈពេល២ថ្ងៃចុងក្រោយនេះក៏ពិតមែន ប៉ុន្តែលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជាក់ថា ស្ថានភាពបែបនេះខាងអាជ្ញាធរខេត្ត-ស្រុកនិងភាគីពាក់ព័ន្ធ នៅអាចគ្រប់គ្រងបាន។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកស្តាប់ កិច្ចសម្ភាសរវាង កញ្ញា អ៊ូ សុខមាននៃសារព័ត៌មានថ្មីៗ ជាមួយលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលដូចតទៅ៖ 




 
«អ្នកដែលកើត[ជំងឺកូវីដ-១៩នេះ គឺសុទ្ធសឹងជាអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក ដោយមិនមាននរណាម្នាក់បានឆ្លងជំងឺកូវីដ-១៩ ដោយមិនស្ថិតនៅទីកន្លែងដែលអាជ្ញាធរគ្រប់គ្រងឡើយ»។ នេះជាការអះអាងរបស់ លោក គង់ សោភ័ណ្ឌ។
 
សម្រាប់ខេត្តកណ្តាល ក្រៅពីស្រុកកោះធំដែលមានឆ្លងជំងឺកូវីដ-១៩ហើយនោះ ក៏មានស្រុកលើកដែក និងស្រុកល្វាឯម និងកណ្តាលស្ទឹង ផងដែរ។ បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ-១៩ ចំនួន១៩២នាក់ ក្នុងនោះប្រុស១២១នាក់ និងស្រី៧១នាក់។
 
ត្រឹមរយៈពេល២៥ថ្ងៃ នៃការផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ កម្ពុជាមានមនុស្សរហូតដល់៩៩០នាក់ ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសម្នាក់បានស្លាប់ដោយសារតែជំងឺនេះ។ ចំនួនអ្នកឆ្លងនេះ គឺស្មើប្រមាណ៦៥ភាគរយ នៃអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា សរុប ១,៥០៥នាក់។ ក្នុងចំណោម អ្នកឆ្លងកូវីដ-១៩ សរុបនេះ មាន៨៤០នាក់ បានជាសះស្បើយពីជំងឺនេះផងដែរ។
 
បច្ចុប្បន្ន ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលផ្ទុះចេញពីទីតាំងមួយកន្លែង នៅរាជធានីភ្នំពេញ  បានឆ្លងរាលដាល ដល់ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ ស្វាយរៀង បាត់ដំបង សៀមរាប និងខេត្តតាកែវ៕ 
 
 

Tag:
 COVID-19
  លោក គង់ សោភ័ណ្ឌ
  កោះធំ
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com