COVID-19
ជាតិ
៣៦នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈមានអ្នកសះស្បើយ ៥៨នាក់ ស្ត្រីម្នាក់ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វិជ្ជមានកូវីដ១៩ ហើយត្រូវបានដឹកយកទៅសម្រាកព្យាបាលកាលពីថ្ងៃទី១៧ ខែមីនា។ រូបថត លោក ជា ពិសី អភិបាលខណ្ឌ
× របាយការណ៍ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា នេះ បង្ហាញ មនុស្សចំនួន ៣៦នាក់នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ក្នុងនោះ៣៥ នាក់ជាករណីសហគមន៍២០កុម្ភៈ។ ការបន្តកើនឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥៤១នាក់ ដោយ ១០២៥នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ។ ស្របពេលជាមួយគ្នា អ្នកជំងឺចំនួន ៥៨នាក់ទៀតបានជាសះស្បើយផងដែរ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣៦នាក់នោះ មាន៣៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយក្នុងនោះមាន ២១នាក់ ជាជនជាតិខ្មែរ និងវៀតណាម រស់នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ នៅរាជធានីភ្នំពេញ មាន១៤នាក់ ជាជនជាតិខ្មែរ, អាមេរិក, ចិន ,វៀតណាម រស់នៅខណ្ឌច្បារអំពៅ , ខណ្ឌឫស្សីកែវ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ, ខណ្ឌជ្រោយចង្វារ និងខណ្ឌចំការមន។
ចំណែក១ករណីទៀត ជាករណីនាំចូលកើតលើស្ត្រីជនជាតិហ្វីលីពីន អាយុ ៥៣ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែលបានធ្វើដំណើរពីហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី៣មីនា។
ទន្ទឹមនឹងនេះ ក្រសួងក៏បានប្រកាសដែរថា មានអ្នកជំងឺដល់ទៅ៥៨នាក់ឯណោះ បានសះស្បើយ ក្នុងនោះមាន៤នាក់ជាករណីនាំចូល ដោយ ១នាក់ បានចេញពីមណ្ឌលសុខភាពចាក់អង្រែនិង៣នាក់ទៀត ត្រូវចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ ចំណែកមនុស្ស ៥៤នាក់ទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តាមក្រសួងសុខាភិបាល អ្នកជំងឺដែលសះស្បើយចំនួន ១២នាក់ ត្រូវបាននុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ, ២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តស្វាយរៀង, ១៥នាក់ ត្រូវបានអនុញ្ញតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, ៩នាក់ ត្រូវត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកណ្តាល ១១នាក់ ចេញពីសណ្ឋាគារ Great Duke និង៥នាក់ទៀត បានចេញពីព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ សរុបចំនួន ១៥៤១ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមានរហូតដល់ ១០២៥នាក់។ ព្រឹត្តិការណ៍សហគមន៍ ដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ។ អ្នកសះស្បើយក៏បានកើនឡើងដែរ គឺសរុប ៨៩៨នាក់ និង៦៤០នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។ កម្ពុជា មានករណីស្លាប់១នាក់ ដោយសារជំងឺកូវីដ-១៩នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com