ជាតិ
សុខភាព
ពលរដ្ឋជាង៣០ម៉ឺននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈអ្នកឆ្លងក្នុងសហគមន៍មិនថមថយ
18, Mar 2021 , 11:29 am        
រូបភាព
ភ្នំពេញ៖ មានពលរដ្ឋជាង៣០ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៧មីនា។ ក្នុងចំណោមនោះ មានពលរដ្ឋអាទិភាពជិត២០ម៉ឺននាក់ និងយោធាចំនួនជិត ១១ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

 
 
គិតត្រឹមថ្ងៃទី១៧ មីនា មានមនុស្សសរុបចំនួន៣០៨ ៤៥៩ នាក់ហើយ  ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ យោងតាមរបាយការណ៍ប្រចាំថ្ងៃដោយឡែកពីគ្នា របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ក្នុងចំណោមអ្នកដែលទទួលបានវាក់សាំងទាំងអស់ មានយោធាចំនួន ១០៩ ៥២៦នាក់ ដែលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដែលជាជំនួយរបស់ប្រទេសចិន។ ចំណែកក្នុងចំណោមក្រុមពលរដ្ឋអាទិភាព ចំនួន ១៩៨ ៩៣៣នាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយនោះ មាន ៤៩,៥៩៧ នាក់ បានចាក់វ៉ាក់សាំង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅឥណ្ឌា។ 
 
កម្ពុជា ចាប់ផ្តើមវ៉ាក់សាំងរបស់ក្រុមហ៊ុន Sonopharm ចំពោះមនុស្សវ័យពី១៨ឆ្នាំដល់៥៩ឆ្នាំ តាំងពីថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១។ មកដល់ ថ្ងៃទី៤មីនា កម្ពុជា ក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ AstraZeneca  លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង រហូតដល់បច្ចុប្បន្ន។ សូមជម្រាបថា សម្រាប់អ្នកដែលមានបញ្ហាសុខភាព និងប្រតិកម្មនានា គឺមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងនេះបានឡើយ។ 
 
ជាការកត់សម្គាល់ ការចាក់វាក់សាំងលើក្រុមពលរដ្ឋអាទិភាព និងយោធា ហាក់មានកំណើនឡើងក្រោយផ្ទុះឡើងនូវព្រឹត្តិការណ៍២០កុម្ភៈ។ មានមនុស្សចំនួន ១ ០២៥នាក់ហើយ ដែលត្រូវបានប្រកាសថាវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងបានរាលដាលដល់ ១១ រាជធានី-ខេត្ត ហើយមកទល់ពេល ដោយចាប់ផ្ទុះចេញពីទីតាំងមួយកន្លែងនៅរាជធានីភ្នំពេញ  ទៅខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ ស្វាយរៀង បាត់ដំបង សៀមរាប និងខេត្តតាកែវ។ 
 
រហូតមកទល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១ ៥៤១នាក់ ដោយ១ ០២៥នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានសរុប ៨៩៨នាក់ ករណីស្លាប់១នាក់ ខណៈអ្នកជំងឺ ៦៤០នាក់ទៀត កំពុងបន្តការព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា៕
 

Tag:
 វាក់សាំង
  COVID-19
  Sinopharm
  Astra Zaneca
  COVISHIELD
© រក្សាសិទ្ធិដោយ thmeythmey.com