ជាតិ
លោក ឌួង ឆាយ បាត់បង់គោរម​ងារឧកញ៉ាជាផ្លូវការ
18, Mar 2021 , 12:32 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ។ ការសម្រេចនេះ ក្រោយពេលដែលអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាបញ្ចេញឃ្លីបវីដេអូបង្ហាញពីសកម្មភាពហិង្សារបស់លោក ឌួង ឆាយ ទៅលើខ្លួន ហើយមួយថ្ងៃបន្ទាប់ លោក ឌួង ឆាយ បានព្យាយាមបកស្រាយតាមហ្វេសប៊ុកដែលមានចំនួនតាមដានផ្ទាល់ជិត២ សែន​(200k)។



លោក ឌួង ឆាយ ត្រូវសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឲ្យប្រមុខរដ្ឋស្តីទីដកគោរមងារជាឧកញ៉ា បន្ទាប់ពីអតីតភរិយារបស់លោក យកវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាព ទៅបង្ហោះលើបណ្តាញសង្គម ដោយវីដេអូនោះ បង្ហាញពីសកម្មភាពលោក ប្រើហិង្សាលើអតីតភរិយារបស់លោក។ ពេលនោះ សម្តេច ហ៊ុន សែន បានចូលទៅសរសេរក្នុងប្រអប់ខំមិន (Comment) ថា «ហេតុអី ឌួង ឆាយ ឃោរឃៅដល់កម្រិតនេះ?»។

មួយថ្ងៃមុនចេញព្រះរាជក្រឹត្យនៅថ្ងៃទី១៨ ខែមីនានេះ  សម្តេច សាយ ឈុំ បានថ្វាយលិខិតទៅព្រះមហាក្សត្រ ដែលកំពុងគង់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ដើម្បីក្រាបបង្គំទូលដល់ព្រះអង្គ ពីសំណើរបស់សម្តេចនាយករដ្ឋមន្រ្តី និងក្រាបបង្គំទូលសុំព្រះអង្គ មានព្រះតម្រិះ។

លោក ឌួង ឆាយ ទទួលបានគោរមងារជាឧកញ៉ា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ហើយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់សរសើរអ្នកជំនួញវ័យ៣១ឆ្នាំរូបនេះ ដែលចេះកែប្រែអត្តចរិតមកល្អវិញ ក្រោយមានប្រវត្តិវាយតប់គ្នា និងសមត្ថកិច្ចឃាត់ខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ២០១៥។

ឧកញ៉ា ជាគោរមងារត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យតាមសេចក្តីក្រាបបង្គំទូលថ្វាយជាផ្លូវការរបស់នាយករដ្ឋមន្ត្រី បន្ទាប់ ពីមាននូវលិខិតការវាយតម្លៃពីគណៈកម្មការផ្តល់គោរមងារនិងគ្រឿងឥស្សរិយយស នៃទីស្តីការគណៈរដ្ឋមន្ត្រី ។

តាមអនុក្រឹត្យឆ្នាំ១៩៩៤ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកា ឬសម្ភារមានតម្លៃលើសពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅ ត្រូវបានស្នើសុំព្រះរាជក្រឹត្យតែងតាំងជា ឧកញ៉ា និងគ្រឿងឥស្សរិយយសជាតិខាងស្ថាបនាជាតិថ្នាក់លេខ១(ជាតូបការ) ។

ប៉ុន្តែនៅឆ្នាំ២០១៧ រដ្ឋាភិបាលបានកែសម្រួលអនុក្រឹត្យ ដោយប្តូរពី១០ម៉ឺនដុល្លារអាមេរិក មកជា ៥០ម៉ឺនដុល្លារអាមេរិកវិញ ទើបរាជរដ្ឋាភិបាលអាចធ្វើការស្នើសុំព្រះរាជក្រឹត្យតែងតាំងជា ឧកញ៉ា រីឯការធ្វើជាអំណោយជូនរដ្ឋលើសពី១០ម៉ឺនដុល្លារអាមេរិកវិញ ត្រូវទទួលបានត្រឹមគ្រឿង ឥស្សរិយយសជាតូបការតែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com