អន្តរជាតិ
កូរ៉េខាងជើង ច្រានចោលការព្យាយាមទាក់ទងសន្ទនាដោយអាមេរិកព្រោះជាល្បិច
18, Mar 2021 , 1:57 pm        
រូបភាព
អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Choe Son-hui ។ រូបថត Yonhap
អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Choe Son-hui ។ រូបថត Yonhap
ដោយ:
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែមីនា ប្រកាសបដិសេធការចរចាដែលស្នើដោយអាមេរិក ដរាបណាអាមេរិកមិនបោះបង់ចោលគោលនយោបាយដែលមានលក្ខណៈអរិភាពមកលើខ្លួន។ ការបដិសេធនេះ ជាការឆ្លើយតបសាធារណៈទៅនឹងការប៉ុនប៉ងរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ។ កូរ៉េខាងជើងចាត់ទុកសំណើរអាមេរិកជាល្បិច។


សេចក្តីថ្លែងការណ៍ណ៍របស់លោកស្រី Choe Son Hui អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ជាការបដិសេធសំណើរជាផ្លូវការដំបូងបង្អស់ទៅលើការព្យាយាមទាក់ទងដោយអាមេរិក។ ក្រសួងការបរទេសអាមេរិក និងសេតវិមាននិយាយថា ខ្លួនបានទាក់ទងកូរ៉េខាងជើងតាមបណ្តាញការទូតជាច្រើនតាំងតែពីពាក់កណ្តាលខែកុម្ភៈតែគ្មានការឆ្លើយតប។ 
 
 
«យើងបានប្រកាសរួចហើយពីជំហររបស់យើង ចំពោះការមិនមានទំនាក់ទំនងជាមួយអាមេរិក លុះត្រាណាអាមេរិកមិនបោះបង់ចោលគោលនយោបាយអរិភាពមកលើកូរ៉េខាងជើង»។ លោកស្រី Choe បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៨ ខែមីនា។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បន្ថែមថា ខ្លួនក៏នឹងមិនខ្វល់ពីការប៉ុនប៉ងទំនាក់ទំនងដោយអាមេរិកនាពេលអនាគតផងដែរ។
 
លោកស្រី Choe ក៏រិះគន់អាមេរិកផងដែរចំពោះការបន្តធ្វើសមយុទ្ធយោធា និងការបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសខ្លួន។ លោកស្រីបន្តថាថា គ្មានឡើយការសន្ទនារវាងប្រទេសទាំងពីរ បើសិនជាអាមេរិកមិនពិនិត្យឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួន ក៏ដូចជាការចរចាដែលមានលក្ខណៈស្មើរភាពគ្នា។
 
ការព្យាយាមទាក់ទងដោយអាមេរិកទៀតសោត ត្រូវបានលោកស្រី Choe ចាត់ទុកជាល្បិចក្នុងការពន្យារពេល និងដើម្បីបង្កើតឱ្យមានមតិជាសាធារណស្តីពីកូរ៉េខាងជើងតែប៉ុណ្ណោះ។ លោកស្រី សង្កត់ធ្ងន់ថា អ្វីដែលរដ្ឋបាលអាមេរិកថ្មីលើកឡើង គឺមានតែការប៉ានស្មានស្តីពីការគំរាមរបស់កូរ៉េខាងជើង ក៏ដូចជាវោហារសាស្ត្រក្នុងការរំសាយអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា កិច្ចសន្ទនាស្តីពីការកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើងនៅនឹងថ្កល់តាំងពីឆ្នាំ២០១៩មកម្ល៉េះ ក្រោយជំនួបរវាងលោកអតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុននៅទីក្រុងហាណូយ។  អាមេរិកកំពុងពិនិត្យឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួនចំពោះកូរ៉េខាងជើង ហើយអាចនឹងរួចរាល់នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុន។ 
 
ចំពោះរឿងកូរ៉េខាងជើងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានលើកឡើងថាសម្ពន្ធភាពជាមួយកូរ៉េខាងត្បូងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ស្របពេលដែលមានបញ្ហាប្រឈមពីកូរ៉េខាងជើង និងចិន។ 
 
កាលពីថ្ងៃទី១៦ ខែមីនាប្អូនស្រីលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិកដែរ។ ប្អូនស្រីលោកគីម ជុងអ៊ុន សង្កត់ធ្ងន់ថា សមយុទ្ធយោធា និងភាពតានតឹង មិនអាចនៅទន្ទឹមគ្នាជាមួយនឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឡើយ៕
 
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com