ជាតិ
ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសន្និសីទអន្តរជាតិ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២
× ភ្នំពេញ៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ថា (ACC) និងសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា (ICAPP) នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ ក្រោមប្រធានបទ “ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ដើម្បីវិបុលភាពរួម ក្នុងអំឡុងពេល និងក្រោយកូវីដ-១៩ តាមប្រព័ន្ធអ៊ីនធឺណិត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ACC ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយនឹងលោក ចូហ្សេ ដឺវេណេស្សា ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និងលោក ចូរ ប៊ីយ៉ុងចេ អគ្គលេខាធិការ ICAPP នឹងចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០១:០០ រសៀល។
កិច្ចប្រជុំនេះមានគោលបំណងប្រមូលផ្ដុំអ្នកជំនាញវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយ នៅក្នុងតំបន់ ដើម្បីចែករំលែកទស្សនវិស័យ និងស្វែងរកដំណោះស្រាយជាក់ស្ដែង លើប្រធានបទសំខាន់ៗ ចំនួនពីររួមមាន ការវិនិយោគលើវប្បធម៌ និងភាពច្នៃប្រឌិត ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន និងការលើកកម្ពស់ភាពប្រទាក់ក្រឡាគ្នារវាងវប្បធម៌-នវានុវត្តន៍។
សេចក្ដីថ្លែងការណ៍ពីរាជធានីភ្នំពេញស្ដីពី «កិច្ចសហប្រតិបត្តិការវប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» នឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សប្ដាហ៍នេះ។
កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP បានប្រារព្វឡើងជាលើកដំបូងកាលពីថ្ងៃទី១៥ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅលើទឹកដីសៀមរាបអង្គរ ជង្រុកវប្បធម៌ និងប្រាង្គប្រាសាទ ដ៏ល្បីល្បាញរបស់កម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន ដែលជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងឥស្សវជនជាន់ខ្ពស់សំខាន់ៗ ជាសមាជិករបស់ ICAPP។ មានលោក មហាម៉ាត់ ជូសុហ្វ ខាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងបណ្ដាថ្នាក់ដឹកនាំរដ្ឋសភា មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន៣៨ប្រទេស ក៏ដូចជាបណ្ដាមិត្តមកពីទ្វីបអ៊ឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង អាមេរិកឡាទីន អង្គការអ្នកប្រជាធិបតេយ្យនិយម បណ្ដាអន្តរជាតិ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូណេស្កូ សរុបប្រមាណ៨០០រូប។
អង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការថា “ក្រុមប្រឹក្សាវប្បធម៌អាស៊ី” ជាដៃគូសហប្រតិបត្តិការល្អក្នុងកិច្ចការវប្បធម៌ ហើយអង្កការទាំងពីរ បាននឹងកំពុងធ្វើការជាមួយគ្នាលើគម្រោងជាច្រើន រួមមាន ការសិក្សាគោលនយោបាយវប្បធម៌អាស៊ីនៅឆ្នាំ២០១៩ ដែលជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នៅឆ្នាំ២០១៩៕
Tag:
វប្បធម៌
កិច្ចប្រជុំ
អាស៊ី
អន្តរជាតិ
ក្រុមប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com