COVID-19
ជាតិ
UNDP នឹងផ្ដល់រថយន្តសង្គ្រោះបន្ទាន់៦០គ្រឿង និងបរិក្ខារវេជ្ជសាស្រ្តដល់កម្ពុជា
× ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងទទួលបាន រថយន្តសង្គ្រោះបន្ទាន់ ចំនួន៦០គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន៥០គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗទៀត ពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ។ ជំនួយរបស់UNDP នេះ ក្រោមកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក និង ធនាគារពិភពលោក។
បើតាមហ្វេសប៊ុករបស់ UNDP ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៧ មីនាថា ការផ្តល់ជូនរថយន្តសង្រ្គោះបន្ទាន់ និងបរិក្ខារពេទ្យទាំងនេះ គឺដើម្បីសម្រួលដល់ប្រតិបត្តិការឆ្លើយតបនឹងការរាលដាលជំងឺកូវីដ-១៩។
ចាប់ពីតាំងពីជំងឺកូវីដ-១៩ រាតត្បាត តាំងពីឆ្នាំ២០២០មក UNDP បានចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍជាច្រើន នៅក្នុងទំហំទឹកប្រាក់ប្រមាណ២១៩លានដុល្លារ សម្រាប់យកថវិកានោះ មកពង្រឹងវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងជំងឺកាចសាហាវមួយនេះ។
UNDP បានរៀបចំកញ្ចប់ថវិកាទាំងនេះ សម្រាប់ជួយគាំទ្រដល់រដ្ឋជាដៃគូ ក្នុងនោះរួមមាន កម្ពុជា ទីម័រខាងកើត ហ្ស៊ីមបាវ៉េ អាមេនី បូលីវី កាមេរូន ហ្គំប៊ី ហ្គីណេប៊ីស្សូ ហ្គ្រីណាដា យ៉េមែន ប៉ាឡេស្ទីន ម៉ិកស៊ិក តួគី និងអ៊ុយក្រែនជាដើម។
មកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន ១៥០៥នាក់ ដោយ៩៩០នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយមានសរុប ៨៤០នាក់ ករណីស្លាប់១នាក់ ខណៈអ្នកជំងឺ ៦៦២នាក់ទៀត កំពុងបន្តការព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com