ជាតិ
ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណគេហទំព័រលោក ផែង វណ្ណៈ
18, Mar 2021 , 5:00 pm        
រូបភាព
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន នាថ្ងៃនេះ បាន​សម្រេចលុបអាជ្ញាបណ្ណអាជីវកម្ម​គេហទំព័រ phengvannaknews.com ដោយលើកឡើងថា លោក ផែង វណ្ណៈ​ដែលជាម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថព្រះសង្ឃ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា។



អត្ថបទទាក់ទង


ការលុបនេះអាជ្ញាបណ្ណរបស់លោកផែង វណ្ណៈ នេះ គឺធ្វើឡើងក្រោយពីព្រះអង្គ ជុំ គឹមឡេង មេគណខេត្តសៀមរាប បានថ្វាយលិខិតថ្វាយសម្តេច នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយស្នើសុំទៅរដ្ឋាភិបាលដើម្បីមានចំណាត់ការ លើលោក ផែង វណ្ណៈ ដែលនិយាយពាក្យមិនសមរម្យសំដៅទៅព្រះគ្រូចៅអធិការវត្តបូណ៌ ព្រះអង្គ ពិន សែម ជុំវិញសកម្មភាពប្រៀនប្រដៅលើសិស្សគណដែលបានធ្វើខុសវិន័យ។ 
 
ក្នុងសេចក្តីប្រកាសរបស់លោកខៀវ កាញរីទ្ធ នារសៀលថ្ងៃទី១៨មីនា ឆ្នាំ២០២១ បានសរសេរដូច្នេះ៖« ម្ចាស់អាជ្ញាបណ្ណ[លោក ផែង វណ្ណៈ]  បានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
 
«ជាប់គុកជាប់ទៅខ្ញុំលេងវិញហើយ ខ្ញុំអត់យកទៅប្តឹងផ្តល់អ្វីទេនិយាយដោយស្មោះត្រង់។ ប្រសិនបើវ៉ៃកូនខ្ញុំដល់របៀបអ៊ីចឹង ខ្ញុំអត់វ៉ៃទេ ខ្ញុំទៅបាញ់ចោលតែម្តង និយាយត្រង់ អត់អនុវត្តច្បាប់ទេ»។ នេះជាការស្រង់សំដីរបស់លោក ផែង វណ្ណៈ ក្នុងហ្វេសប៊ុក Live របស់ខ្លួន ពេលប្រតិកម្មនឹងវិធានការរបស់ព្រះមហា ពិន សែម ដែលប្រើរំពាត់ផ្តៅវាយសិស្ស៩អង្គដែលបានប្រព្រឹត្តខុស។
 
តាមពិតទៅរឿងរ៉ាវបានបញ្ចប់នេះទៅហើយ ដោយកាលពីថ្ងៃទី១៥ខែមីនា ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ត្រូវបានតម្រូវឲ្យធ្វើកិច្ចសន្យាឲ្យកែប្រែការអប់រំពីហិង្សាទៅជាអហិង្សាវិញ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង បន្ទាប់មានឃ្លីបវីដេអូមួយដែលបានបង្ហាញពីសកម្មភាពព្រះសង្ឃ ប្រើរំពាត់ផ្តៅវាយភិក្ខុ សាមណេរ៩អង្គដែលខុសវិន័យ រហូតដល់មានស្លាកស្នាម​៕

© រក្សាសិទ្ធិដោយ thmeythmey.com