ជាតិ
កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀត នៅខែមេសា
18, Mar 2021 , 6:09 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(រូបពីទំព័រហ្វេសប៊ុកក្រសួងការបរទេស)
លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(រូបពីទំព័រហ្វេសប៊ុកក្រសួងការបរទេស)
ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រី្តក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀត នឹងមកដល់កម្ពុជា នៅខែមេសាខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២១។


លោក ប្រាក់ សុខុន អះអាងថា វ៉ាក់សាំងកូវីដ-១៩ ជាជំនួយរបស់ចិន និងCOVAX បានចាក់ជូនប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងជាច្រើនទៀត ត្រូវបានរំពឹងមកដល់កម្ពុជា ក្នុងរយៈពេលពីរ ទៅបីសប្តាហ៍ទៀត ។ ក្នុងជំនួបតាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៦ មីនា ជាមួយលោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង៊កូហ្វូនី(OIF) ស្ដីពីប្រធានបទទាក់ទងនឹងការទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយសមធម៌និងជាសកល លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖ «គ្មានប្រទេសណាអាចចាត់ទុកថារួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។ វ៉ាក់សាំងនេះ ជាដំណោះស្រាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ»។ 
 
សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ជុំវិញការទទួលបានវ៉ាក់សាំងកូវីដ-១៩ បន្ថែមទៀតនៅឡើយទេ។ 
 
តែយ៉ាងណាសម្ដេច ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី១៦ មីនាថា កម្ពុជា ទិញវ៉ាក់សាំងកូវីដ-១៩ ជាង១,៥លានដូសទៀត ដើម្បីពន្លឿនការចាក់ជូនពលរដ្ឋ។ សម្ដេច ក៏បានកំណត់មុខសញ្ញាអាទិភាពដល់គ្រូបង្រៀន កម្មកររោងចក្រ និងអ្នកធ្វើប្រកបរបរក្រៅប្រព័ន្ធជាដើម ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។
 
លោកស្រី MUSHIKIWABO បានលើកឡើងក្នុងជំនួបលោក ប្រាក់ សុខុន តាមប្រព័ន្ធវីដេអូថា លោកស្រីមានបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាមួយឥស្សរជនហ្វ្រង់កូហ្វូននៅដំណាច់ខែមេសា ឆ្នាំ២០២១នេះ។ ដំណើរទស្សនកិច្ចនេះ លោកស្រីមានបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការCOVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។ 
 
លោក ប្រាក់ សុខុន ក៏បានបង្ហាញការគាំទ្រដំណើរទស្សនកិច្ចនេះ ហើយថាអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីត្រូវបង្ហាញវត្តមាននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ លោកថានឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ដែលរៀបចំឡើងដោយកម្ពុជានៅដំណាច់ឆ្នាំ២០២១។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងចាក់ជាង៩២ម៉ឺនដូស ។ ក្នុងនោះ ចិនផ្ដល់ជំនួយវ៉ាក់សាំង Sinopharm ៦០ម៉ឺនដូស និងCOVAX បានផ្ដល់វ៉ាក់សាំងCovishea ជាង៣២ម៉ឺនដូស ដែលជារបស់ក្រុមហ៊ុន AstraZeneca ផលិតនៅប្រទេសឥណ្ឌា។ មកដល់ពេលនេះ ពលរដ្ឋកម្ពុជា ៣០ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ៕
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com