អន្តរជាតិ
រុស្ស៊ី ហៅទូតត្រឡប់ចូលប្រទេសវិញ ក្រោយលោក បៃឌិន ថា រុស្ស៊ីជ្រៀតជ្រែកការបោះឆ្នោតអាមេរិក
18, Mar 2021 , 9:29 pm        
រូបភាព
ដោយ:
ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាមេរិកឱ្យត្រឡប់ចូលមកប្រទេសវិញ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកចូ បៃឌិន និយាយថារុស្ស៊ីត្រូវតែបង់តម្លៃចំពោះការសង្ស័យជ្រៀតជ្រែកចូលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ។ កាន់តែធ្ងន់នោះ លោក បៃឌិន ក៏បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាអ្នកសម្លាប់អ្នកនយោបាយប្រឆាំងនៅរុស្ស៊ីទៅទៀត។


ទំនាក់ទំនងអាមេរិក និងរុស្ស៊ីប្រហែលជាត្រូវជួបបញ្ហារប៉ាក់រប៉ើកជាថ្មី ក្រោយប្រធានាធិបតីអាមេរីកជឿថាប្រធានាធិបតីរុស្ស៊ីជាអ្នកសម្លាប់អ្នកនយោបាយប្រឆាំង ក៏ដូចជាជ្រៀតជ្រែកចូលការបោះឆ្នោតអាមេរិក។
 
«ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន លោកAnatoly Antonov ត្រូវបានអញ្ជើញឱ្យត្រឡប់ទៅមូស្គូដើម្បីធ្វើការពិភាក្សា និងវិភាគស្ថានការណ៍»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី១៧ ខែមីនា។
 
លោកស្រី Zakharova អះអាងថា អ្វីដែលសំខាន់សម្រាប់រុស្ស៊ី គឺការកំណត់ពីទំនាក់ទំនងរុស្ស៊ី-អាមេរិក ដែលវ៉ាស៊ីនតោនធ្វើឱ្យប៉ះពាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ប្រយោជន៍របស់រុស្ស៊ីគឺបង្ការមិនឱ្យទំនាក់ទំនងទ្វេភាគីនេះឈានដល់សភាពដែលមិនអាចត្រឡប់ក្រោយបាន។
 
ក្រសួងការបរទេសរុស្ស៊ី ពុំបានបញ្ជាក់ថា ការហៅទូតខ្លួនត្រឡប់ចូលស្រុកវិញទាក់ទងនឹងអ្វីដែលលោកបៃឌិនបានលើកឡើងឬយ៉ាងណាឡើយ តែលើកហេតុផលថា ហៅទូតត្រឡប់ទៅវិញដើម្បីវិភាគលទ្ធផល និងស្ថានការណ៍ដែលលោក បៃឌិន សម្រេចបាននាពេលកាន់តំណែងបាន១០០ថ្ងៃ។
 
នៅថ្ងៃទី១៧ ខែមីនាដដែល អ្នកនាំពាក្យសេតវិមានអាមេរិក បដិសេធមិននិយាយចំពោះការហៅឯកអគ្គរដ្ឋទូតខ្លួនត្រឡប់ចូលស្រុកវិញឡើយ។ ចំណែកអ្នកនាំពាក្យរងនៃក្រសួងការបរទេសលោកស្រី Jalina Porter និយាយថា ក្រសួងដឹងពីការសម្រេចចិត្តរបស់រុស្ស៊ី ប៉ុន្តែគ្មានអ្វីត្រូវបន្ថែមឡើយ និងថា អាមេរិកដឹងពីបញ្ហាប្រឈមដែលរុស្ស៊ីបង្កឡើង ហើយនឹងធ្វើយ៉ាងណាឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះអំពើទាំងនោះ។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ABC News ផ្សាយនាថ្ងៃទី១៧ មីនា លោក បៃឌិន ត្រូវបានសួរពីឯកសារចារកិច្ចដែលបង្ហាញថា រុស្ស៊ីធ្វើឱ្យប៉ះពាល់ដល់បេក្ខភាពប្រធានាធិបតីរបស់លោក ក្នុងការបោះឆ្នោត ក៏ដូចជាការដែលរុស្ស៊ីជួយលោក ដូណាល់ ត្រាំ ផងដែរ។ លោក បៃឌិន ឆ្លើយតបថា លោក(ពូទីន) នឹងត្រូងសងថ្លៃទាំងនោះ។
 
បន្ថែមពីនេះ លោក បៃឌិន និយាយថា លោកជឿចំពោះការលើកឡើងដែលថា លោក ពូទីន ជាអ្នកសម្លាប់មនុស្ស។ ប្រធានាធិបតីរុស្ស៊ី ត្រូវបានសង្ស័យថាអ្នកនៅពីក្រោយការសម្លាប់ ឬបំពុលអ្នកនយោបាយប្រឆាំង។ 
 
នៅថ្ងៃទី១៧ ខែមីនា នេះដែរ ក្រសួងពាណិជ្ជកម្មអាមេរិកបា នប្រកាសបង្កើនការរឹតត្បិតការនាំចេញទៅរុស្ស៊ី ជាការឆ្លើយតបទៅនឹងការបំពុលអ្នកនយោបាយប្រឆាំងលោក Alexei Navalny ។ វិធានការដែលចូលជាធរមាន នៅថ្ងៃទី១៨ ខែមីនារួមមានការហាមឃាត់នូវការនាំចេញបច្ចេកវិទ្យា សូហ្វវែរ និងផ្នែកណាមួយនៃបច្ចេកវិទ្យាដែលប្រើក្នុងវិស័យសន្តិសុខជាតិ៕
 
 

Tag:
 អាមេរិក
  រុស្ស៊ី
  ចូ បៃឌិន
  វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com