ជាតិ
ក្រសួងសុខាភិបាល ចេញវិធានការគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩
18, Mar 2021 , 9:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រាប់ឲ្យក្រុមគោលដៅ គ្រប់គ្រង និងចាត់ចែងសាកសព ដែលផ្ទុកជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាតត្បាត។

 
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមអាទិភាពគ្រប់គ្រង និងចាត់ចែងសពអ្នកជំងឺកូវីដ-១៩ ត្រូវមានឧបករណ៍ និងសម្ភារ សម្រាប់ការពារខ្លួន ដូចជា ទឹកអាល់កុល ឬសាប៊ូ ទឹកស្អាត ក្រដាសសម្រាប់ជូតដៃ ស្រោមដៃ ស្បែកជើងកវែង អាវបំពង់ដៃវែង អាវអៀមប្លាស្ទិកមិនជ្រាបទឹក វ៉ែនតាការពារភ្នែក របាំងការពារមុខ និងម៉ាស។
 
មន្ត្រីមន្ទីរពេទ្យ និងអាជ្ញាធរ ត្រូវរៀបចំសពភ្លាមៗ មុនពេលបញ្ជូនចេញពីមន្ទីរពេទ្យ ទៅកាន់ទីតាំងបូជា ឬបញ្ចុះសព ដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋាន ។ ចំណែកការបូជាឬបញ្ចុះសព ត្រូវធ្វើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឆ្លងជំងឺកូវីដ-១៩។ នេះបើតាមក្រសួងសុខាភិបាល។
 
បើតាមក្រសួងសុខាភិបាល ការរៀបចំពិធីបុណ្យសពគប្បីប្រព្រឹត្តតាមទំនៀមទម្លាប់ប្រពៃណី និងសាសនា ក្រោមការចាត់ចែងរបស់អាជ្ញាធរ។ ជាពិសេសត្រូវកំណត់មនុស្សចូលរួមក្នុងកម្រិតអប្បបរមា ដើម្បីរក្សាគម្លាតសង្គម និងបុគ្គល ដែលតម្រូវឲ្យតែក្រុមគ្រួសារសព អាចារ្យ ព្រះសង្ឃ ក្រុមអ្នកបូជា ឬបញ្ចុះសពប៉ុណ្ណោះ។ចំណែកគ្រូពេទ្យ និងបុគ្គលិក ដែលមានភារកិច្ចរៀបចំសព ត្រូវលាងដៃឲ្យបានស្អាត ជាមួយសាប៊ូ ទាំងមុន និងក្រោយពេលប៉ះពាល់សព ហើយត្រូវសម្អាតបរិស្ថានជុំវិញឲ្យបានស្អាត។
 
ក្រុមគោលដៅដែលអនុវត្តការងារនេះ រួមមាន គ្រូពេទ្យ បុគ្គលិកសុខាភិបាល បុគ្គលិកផ្នែករក្សា និងតំកល់សព អ្នកដឹកជញ្ជូនសព មន្រ្តីធម្មការនិងសាសនា មន្រ្តីបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រុមគ្រួសារសព ព្រះសង្ឃ អាចារ្យវត្ត ក្រុមអ្នកបូជាសព ឬបញ្ចុះសព។ នេះបើតាមក្រសួងសុខាភិបាល ៕
 
 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com