ជាតិ
សុខភាព
អភិបាលខេត្តកណ្តាល សម្រេចយកកាស៊ីណូមួយកន្លែងនៅជ្រៃធំ ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩
18, Mar 2021 , 11:29 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជ្រើសរើសយកកាស៊ីណូ«យុងជីន »ដែលស្ថិតតនៅតំបន់ប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។ លោកគង់ សោភ័ណ្ឌ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី១៨មីនា ថា កាស៊ីណូដែលក្លាយជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បណ្តោះអាសន្ននេះ  អាចដាក់អ្នកជំងឺបានជិត២០០នាក់។



ស្ថិតក្នុងស្ថានភាពអាក្រក់ចំពោះមុខ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចយកកាស៊ីណូ«យុងជីន» ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ លោក គង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា បើទំហំនៃអ្នកឆ្លងកូវី-១៩ នៅក្នុងស្រុកកោះធំ បន្តកើនពីមួយថ្ងៃទៅមួយថ្ងៃ លោកនឹងជ្រើសរើសទីតាំងផ្សេងទៀត សម្រាប់ធ្វើជាមណ្ឌលអ្នកជំងឺកូវីដ-១៩ ។ 
 
អភិបាលខេត្តកណ្តាលរូបនេះបានសរសេរយ៉ាងខ្លីដូច្នេះ៖«មើលតាមជាក់ស្តែងក្នុងការជ្រើសរើសទីកន្លែងផ្សេងធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។ ប៉ុន្តែឥឡូវយើងពង្រឹងកន្លែងមួយនេះសិន[កាស៊ីណូយុងជីន] ព្រោះវាក៏ដាក់អ្នកជំងឺកូវីដ-១៩ដើម្បីបានច្រើន ផងដែរ»។
 
សម្រាប់ខេត្តកណ្តាល ក្រៅពីស្រុកកោះធំដែលមានឆ្លងជំងឺកូវីដ-១៩ហើយនោះ ក៏មានស្រុកលើកដែក និងស្រុកល្វាឯម និងកណ្តាលស្ទឹង ផងដែរ។ បច្ចុប្បន្ន មន្ទីរបង្អែកជ័យជំនៈខេត្តកណ្តាល  មានអ្នកជំងឺកូវីដ-១៩សរុប ២០៤នាក់  ដោយក្នុងនោះ មានស្ត្រី ៧៩នាក់។ 
 
គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ សរុប១,៥៤១ករណី។ ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានរហូតដល់ ១,០២៥នាក់។ ព្រឹត្តិការណ៍សហគមន៍ ដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ។ អ្នកសះស្បើយក៏បានកើនឡើងដែរ គឺសរុប ៨៩៨នាក់ និង៦៤០នាក់ទៀតកំពុងបន្តសម្រាកព្យាបាល ខណៈមានករណីស្លាប់១នាក់ ដោយសារជំងឺកូវីដ-១៩នេះ៕
 
 
 
 

Tag:
 COVID-19
  កាស៊ីណូ
© រក្សាសិទ្ធិដោយ thmeythmey.com