ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្តល់ជំនួយជិត៥០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់ដំឡើងឧបករណ៍ច្នៃកំប្លោក និងពង្រឹងសេវាសុខាភិបាល
19, Mar 2021 , 7:59 am        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ កម្ពុជា នឹងទទួលបានជំនួយឥតសំណង ពីប្រទេសជប៉ុនចំនួន៤៨៣,២០៤ដុល្លារ សម្រាប់ការដំឡើងឧបករណ៍កែច្នៃកំប្លោក ធ្វើជាជីវអេតាណុល នៅខេត្តកំពង់ឆ្នាំង និងសាងសង់អគារសម្ភព នៅមណ្ឌលគិរី និងអគារផ្នែកជំងឺ នៅមណ្ឌលសុខភាព នៅខេត្តព្រះវិហារ។ លើសពីនេះ ថវិកាដែលជាជំនួយទាំងនេះ ក៏ដល់សម្រាប់រថយន្តគ្លីនិកចល័ត ជួយលើការស្តារនីតិសម្បទា តាមសហគមន៍មូលដ្ឋានក្នុងខេត្តសៀមរាប និងទិញបរិក្ខារវិជ្ជសាស្ត្រ នៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៧មីនា ឆ្នាំ២០២១។

 
 
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាជិត៥០ម៉ឺនដុល្លារនេះ  ដល់អង្គភាពចំនួន៥ នៅកម្ពុជា ក្រោមគ្រោងការជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ ក្នុងចំណោមថវិកាជំនួយនេះ មានជិត១៧ម៉ឺនដុល្លារ ជប៉ុន ផ្តល់ឱ្យមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សម្រាប់គម្រោងដំឡើងឧបករណ៍កែច្នៃកំប្លោក ធ្វើជាជីវអេតាណុល។ 


 
គម្រោងដំឡើងឧបករណ៍នេះ អាចកែច្នៃកំប្លោក ដែលជារុក្ខជាតិទន្រ្ទានរាតត្បាត ដែលគ្មានប្រយោជន៍បំផុត ទៅជាជីវអេតាណុល។  លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ ថា៖« តាមរយៈគម្រោងនេះ យើងនឹងលើកកម្ពស់ការយកចេញកំប្លោក ដែលគេមិនត្រូវការ និងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពក្នុងការប្រើប្រាស់ បឹងនៅតំបន់នោះ។ គម្រោងនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅ របស់គ្រួសារអ្នកនេសាទក្នុងស្រុក និងការពារប្រព័ន្ធអេកូឡូស៊ីនៅទីនោះ»។
 


 
 
សម្រាប់ថវិកាជិត៩ម៉ឺនដុល្លារទៀត រដ្ឋាភិបាលជប៉ុន ផ្តល់ឱ្យមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សម្រាប់សាងសង់អគារសម្ភព ដោយរំពឹងថា នឹងមានស្ត្រីមានផ្ទៃពោះ ជាង១០០នាក់ ក្នុងមួយឆ្នាំ ទទួលបានសេវាថែទាំផ្នែកសម្ភព ដែលមានភាពល្អប្រសើរ ខណៈថវិកាជិត៩លានដុល្លារទៀតនោះ ជប៉ុនសម្រេចផ្តល់ឱ្យមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្នុងការសង់អគារផ្នែកជំងឺសម្រាក នៅពេទ្យមួយកន្លែង និងដំឡើងគ្រែចំនួន១០ នៅក្នុងមណ្ឌលសុខភាពឆែប ខេត្តព្រះវិហារ។ 
 
ជាមួយគ្នានេះ ជប៉ុន ក៏ផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿង តម្លៃប្រមាណ ៤,៥ម៉ឺនដុល្លារ ដល់អង្គការសេហ្វហេវិន ដើម្បីជួយលើការស្តារនីតិសម្បទា តាមសហគមន៍មូលដ្ឋាន ក្នុងខេត្តសៀមរាប និងថវិការជិត៩លានដុល្លារទៀត បានផ្តល់ឱ្យអង្គភាពគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម  នៅខេត្តព្រះសីហនុ។ 


 
តាមរយៈថវិកាជំនួយនេះ នៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមនឹងបំពាក់ម៉ាស៊ីនកាំរស្មីអ៊ិច១គ្រឿង, ប្រព័ន្ធថតរូបដោយប្រើវិទ្យុសកម្ម១គ្រឿង, ម៉ាស៊ីនអ៊ុលត្រាសោន១គ្រឿង និងម៉ាស៊ីនតាមដានអ្នកជំងឺ១គ្រឿង។ 
 
បើតាម លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្ត នៅក្នុងសេចក្តីថ្លែងការណ៍ របស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៣ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលបានថ្លែងថា ៖ «ការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឆ្នាំ២០២០ ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុបប្រមាណ ៩១ លានដុល្លារ ក្នុងគោលបំណង គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ»។


 
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅកម្ពុជា តាងពីឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯង របស់ប្រជាសហគមន៍។  ពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦៣លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦៤៧គម្រោង នៅទូទាំងប្រទេសកម្ពុជា៕




 

Tag:
 ជំនួយ
  ជប៉ុន
  កែច្នៃ
  កំប្លោក
 សុខាភិបាល
  ព្រះវិហារ
  កំពង់ឆ្នាំង
  មណ្ឌលគិរី
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com