កីឡាអន្តរជាតិ
អន្តរជាតិ
មន្ត្រីរៀបចំអូឡាំពិកតូក្យូម្នាក់ទៀត លាលែងពីតំណែង ក្រោយប្រើពាក្យមិនសមរម្យលើស្រ្តី
19, Mar 2021 , 8:29 am        
រូបភាព
លោក Hiroshi Sasaki ប្រធានក្រុមច្នៃប្រឌិតលើការរៀបចំពិធីបើក និងបិទព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងតូក្យូ បានលាឈប់ពីតំណែងនេះ បន្ទាប់ពីលោកបានអត្ថាធិប្បាយបែបប្រមាថលើតារាស្ត្រីជប៉ុនម្នាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo នៅថ្ងៃទី១៧ ខែមីនា។



នេះជាករណីទី២ហើយ ជុំវិញការតិះទៀនស្រ្តី ពីសំណាក់មន្ត្រីសំខាន់ៗនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ។ លោក Yoshiro Mori ជាបុរសដំបូងដែលបានចុះចេញពីតំណែងប្រធានគណៈកម្មកាធិការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ក្រោយអត្ថាធិប្បាយថា «ស្ត្រីនិយាយច្រើនពេក»។
 
ភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយថាលោក Sasaki បានលើកឡើងពីតារាជប៉ុនម្នាក់ឈ្មោះ Naomi Watanabe ដោយបានប្រាប់ក្រុមផែនការក្នុងន័យលេងសើចថា ស្រ្តីវ័យ៣៣ឆ្នាំដែលមានរាងធាត់ផងនោះ អាចដើរតួជា «Olympig» នៅក្នុងពិធីបើកកីឡាអូឡាំពិក។ 
 
ការនិយាយបែបនេះ ក៏ត្រូវបានស្សនាវដ្តីព័ត៌មានប្រចាំសប្តាហ៍របស់ជប៉ុន Shukan Bunshun យកទៅចុះផ្សាយ។
 
យ៉ាងណាលោក Sasaki ក៏បានដឹងពីកំហុសពីការនិយាយររបេញរបុញរបស់ខ្លួន និងបានសុំទោសតារាជប៉ុននោះផងដែរ។ លោកបញ្ជាក់ថា៖«ខ្ញុំសុំទោសដោយស្មោះចំពោះនាង និងមនុស្សដែលមានអារម្មណ៍មិនសប្បាយចិត្តនឹងការនិយាយបែបលេងសើចរបស់ខ្ញុំ»។
 
Sasaki វ័យ៦៦ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមច្នៃលើការបើកបិទអូឡាំពិកកាលពីខែធ្នូ បានព្យាយាមកែលម្អផែនការសម្រាប់កម្មវិពិធីជាច្រើន បន្ទាប់ពីព្រឹត្តិការណ៍នេះត្រូវបានពន្យាររយៈពេលមួយឆ្នាំដោយសារតែជំងឺកូវីដ-១៩ រាតត្បាតជុំវិញពិភពលោក៕
 

Tag:
 Hiroshi Sasaki
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com