COVID-19
ជាតិ
COVID-19៖ ករណីថ្មី៣៧នាក់ទៀតនៅកម្ពុជា ថ្នាក់ដឹកនាំខេត្តកណ្តាលនាពេលចុះណែនាំបន្ថែមអ្នកដែលកំពុងធ្វើចត្តាឡីស័ក។ រូបថត រដ្ឋបាលខេត្ត
× មនុស្សចំនួន៣៧នាក់បន្ថែមទៀត មានលទ្ធផលវិជ្ជមានកូវីដ-១៩ ដែលជាករណីសហគមន៍២០កុម្ភៈ។ ការបន្តកើនឡើងនេះ នាំឲ្យកម្ពុជាមានអ្នកកើតកូវីដ-១៩ សរុបចំនួន១៥៧៨នាក់ ដោយ១០៦២នាក់ ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ ដែលរាលដាលដល់១១រាជធានី-ខេត្ត ផ្តើមពីភ្នំពេញ ដល់កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងតាកែវ។ ស្របពេលជាមួយគ្នា អ្នកជំងឺចំនួន១៩នាក់ទៀតបានជាសះស្បើយផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសុក្រទី១៩ ខែមីនា។
ក្នុងចំណោមករណីទាំង៣៧នេះ មានជនជាតិចិន៣នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ១៣នាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក ១នាក់នៅមន្ទីរពេទ្យជ័យជម្នះខេត្តកណ្តាល រីឯ២០នាក់ទៀតនៅភ្នំពេញដែលក្រសួងនឹងជូនដំណឹងបន្តទៀតទាក់ទងនឹងកន្លែងព្យាបាល។
នៅភ្នំពេញករណីសរុបទាំង៣៣ គឺអ្នកជំងឺភាគច្រើនមានអាសយដ្ឋាននៅសង្កាត់បឹងត្របែក ខណ្ឌចំការមន និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
រីឯករណីសះស្បើយ១៩នាក់ មាន៦នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ ៦នាក់ពីសណ្ឋាគារក្រេតឌុក និង៧នាក់ពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
គិតត្រឹមថ្ងៃសុក្រទី១៩ ខែមីនា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន១៥៧៨នាក់ ក្នុងនោះ១០៦២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៩១៧នាក់បានជាសះស្បើយ និងស្លាប់១នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com