កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho សុំទោសអ្នកគាំទ្រ ក្រោយ Spurs ធ្លាក់ពី Europa យ៉ាងអាម៉ាស
19, Mar 2021 , 11:22 am        
រូបភាព
លោក Jose Mourinho បានសុំទោសទៅកាន់អ្នកគាំទ្រ Tottenham Hotspur ក្រោយក្រុមធ្លាក់ចេញពី Europa League ត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Dinamo Zagreb ៣-០។ Mourinho បង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះកូនក្រុមលោក សម្រាប់បរាជ័យដ៏អាម៉ាស់នេះ។


បើទោះបីនាំមុខនៅជើងទី១ ក្នុងលទ្ធផល ២-០ ក្តី ប៉ុន្តែ Spurs បានរបូតគ្រាប់បាល់ដល់ទៅ៣គ្រាប់នៅទឹកដីរបស់ Dinamo Zagreb នាជំនួបជើងទី២ នៅថ្ងៃទី១៨ ខែមីនា ដែលធ្វើឱ្យពួកគេត្រូវធ្លាក់ចេញពី Europa League ត្រឹមវគ្គ១៦ក្រុម។ ៣គ្រាប់របស់ Zagreb ធ្វើបានដោយ Mislav Orsic តែម្នាក់ឯង (hat-trick)។
 
លទ្ធផលនេះមានន័យថាក្រុមរហស្សនាមមាន់ខ្នាយមាស ក្លាយជាក្រុមអង់គ្លេសដំបូងគេដែលមាន២គ្រាប់ក្នុងដៃហើយ តែនៅតែធ្លាក់ក្រោយជំនួបជើងទី២ និងជាបរាជ័យមិនធ្លាប់មាន ចាប់តាំងពី Manchester City ធ្លាក់ដោយសារ Monaco នៅវគ្គ១៦ក្រុមចុងក្រោយ Champions League កាលពីរដូវកាល ២០១៦-១៧។
 
នេះក៏ជាលើកទី ៣ ផងដែរដែលអ្នកចាត់ការ Mourinho បានចាញ់ក្នុងការប្រកួតអឺរ៉ុបដោយគ្រាប់បាល់៣គ្រាប់ ក្នុងនោះពីរប្រកួតមុននៅពេល Spurs ជួប RB Leipzig នៅខែមីនា ឆ្នាំ ២០២០ និងមួយប្រកួតទៀតពេលដឹកនាំ Real Madrid ក្នុងជំនួបជាមួយ Borussia Dortmund នៅខែមេសា ឆ្នាំ ២០១៣។
 
ក្រោយបរាជ័យដ៏អាម៉ាស់នេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានសរសើរកូនក្រុមរបស់ Zagreb ចំពោះការខិតខំប្រឹងរបស់ពួកគេ ហើយក៏បានសុំទោសទៅកាន់អ្នកគាំទ្រ Spurs ផងដែរ។
 
Special one បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ពួកគេ [Zagreb] បន្សល់ទុកនូវថាមពលញើសឈាមរបស់ពួកគេ។ ពួកគេពិតជាអស្ចារ្យ តាមរយៈការប្តេជ្ញាចិត្តខ្ពស់របស់ពួកគេ ខ្ញុំសូមសរសើរពួកគេដោយស្មោះ»។
 
ដោយឡែក អ្នកចាត់ការវ័យ៥៨ឆ្នាំ មើលឃើញថាកូនក្រុមរបស់លោកហាក់មិនទុកការប្រកួតជាការសំខាន់សម្រាប់ក្រុមនោះទេ។ «ខ្ញុំមានការខកចិត្តចំពោះភាពខុសគ្នារវាងក្រុមខ្ញុំ និងក្រុមរបស់គេ។ ខ្ញុំមានអារម្មណ៍សោកស្តាយដែលក្រុមរបស់ខ្ញុំមិនបាននាំយកការប្រកួតឱ្យស្មើនឹងតម្លៃការងាររបស់ពួកគេ។ ខ្ញុំមានតែសុំទោសអ្នកគាំទ្រ Spurs ហើយក៏ខ្ញុំសង្ឃឹមថាកូនក្រុមខ្ញុំមានអារម្មណ៍ដូចខ្ញុំដែរ»។
 
ធ្លាក់ពី Europa League ហើយ មានន័យថា Spurs នឹងពិបាកដណ្តើមកៅអី Champions League នៅរដូវកាលក្រោយ ដ្បិតចំណាត់ថ្នាក់ Top 4 រដូវកាលនេះ ក៏ពួកគេពិបាកនឹងប្រជែងយកដែរ។ Spurs ស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង Premier League ដោយរកបាន៤៥ពិន្ទុ ពីការប្រកួត២៨លើក តាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៦ពិន្ទុ៕
 
 

Tag:
 Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com