អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន ពន្លះគ្នានាជំនួបលើកដំបូងនៅរដ្ឋ Alaska
19, Mar 2021 , 11:59 am        
រូបភាព
មន្ត្រីជាន់ខ្ពស់អាមេរិក និងចិនជួបគ្នានៅរដ្ឋ Alaska ។ រូបថត AFP
មន្ត្រីជាន់ខ្ពស់អាមេរិក និងចិនជួបគ្នានៅរដ្ឋ Alaska ។ រូបថត AFP
ដោយ:
មន្ត្រីអាមេរិក និងចិនចាប់ផ្តើមជំនួបជាន់ខ្ពស់រយៈពេល២ថ្ងៃនៅរដ្ឋ Alaska នៅថ្ងៃទី១៨ ខែមីនា។ ភាគីទាំងពីរ ប្រើពាក្យសម្ដីធ្ងន់ៗដាក់គ្នាទៅវិញទៅមក។ មន្ត្រីអាមេរិក ចោទថា សកម្មភាពចិនបង្កឱ្យមានអស្ថិរភាពនៅជុំវិញពិភពលោក។ រីឯចិនវិញលើកឡើងថា អាមេរិកប្រើអនុត្តរភាព និងអំណាចហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជិះជាន់ប្រទេសដទៃ ហើយប្រាប់ឱ្យអាមេរិកបោះបង់គំនិតសល់ពីសម័យសង្រ្គាមត្រជាក់ចោល។


 
ជំនួបជាន់ខ្ពស់ដំបូងបង្អស់រវាងចិន និងអាមេរិកនៅរដ្ឋ Alaska មានរដ្ឋមន្ត្រីការបរទេសលោកអាន់តូនី ប្ល៊ីងខិន និងលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក។  ចំណែកចិនតំណាងដោយរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី និងលោក យ៉ាង ជាឈី នាយកការិយាល័យនៃគណៈកម្មការមជ្ឈិមកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន។
 
សំណុំរឿងស៊ីនជាំង ហុងកុង តៃវ៉ាន់ ការវាយប្រហារអ៊ីនធឺណិតលើអាមេរិក និងការគំរាមបែបសេដ្ឋកិច្ចលើអូស្ត្រាលី ជប៉ុន វៀតណាម និងហ្វីលីពីនជាដើម សុទ្ធសឹងជាប្រធានបទក្ដៅនៃជំនួបទល់មុខលើកដំបូងរវាងមន្ត្រីរដ្ឋបាលលោក ចូ បៃឌិន និងចិន។ ក្នុងសុន្ទរកថាស្វាគមន៍ លោក ប្ល៊ីងខិន និយាយចំៗថា សកម្មភាពរបស់ចិនបង្កការគំរាមកំហែងស្ថិរភាពពិភពលោក ចំណែកលោក Sullivan វិញលើកឡើងថា អាមេរិកចង់ឈ្លោះជាមួយចិនឡើយ តែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងយុទ្ធសាស្រ្ត។ 
 
ដល់វេនរបស់ខ្លួន លោក យ៉ាង ក៏រិះគន់អាមេរិកមិនសំចៃមាត់ ដោយបានលើកឡើងពីដំណើរការប្រជាធិបតេយ្យដ៏ដុនដាបនៅអាមេរិក ការរើសអើងពូជសាសន៍ និងជនភាគតិច។ អ្នកការទូតជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ក៏គំរាមថា ចិនអាចនឹងឆ្លើយតបវិញលើការជ្រែតជ្រែកចូលកិច្ចការផ្ទៃក្នុងដោយអាមេរិក និងទាមទារឱ្យអាមេរិកបោះបង់ចោលសតិអារម្មណ៍សង្គ្រាមត្រជាក់។

«អាមេរិក ប្រើប្រាស់យោធា និងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីអនុវត្តគោលនយោបាយ និងដាក់សម្ពាធប្រទេសផ្សេង។» នេះជាការលើកឡើងរបស់លោក យ៉ាង ក្នុងសុន្ទរកថា១៥នាទីរបស់ខ្លួន។ លោកអះអាងថា អាមេរិកបំពានគោលករណ៍ប្រើប្រាស់ហេតុផលសន្តិសុខជាតិ រារាំងសកម្មភាពពាណិជ្ជកម្ម និងញុះញង់ប្រទេសឯទៀតឱ្យវាយប្រហារចិន។
 
មិនត្រឹមទាស់សម្ដីគ្នាលើបញ្ហាធំៗឡើយ មន្ត្រីចិន និងអាមេរិកក៏ដំឡើងសំឡេងដាក់គ្នារឿងកិច្ចប្រជុំដែរ។ លោក Sullivan ចោទប្រតិភូចិនថា បំពានពិធីការដោយថ្លែងសុន្ទរកថាក្នុងរយៈពេលមួយដ៏វែងខុសការព្រមព្រៀងគ្នាដែលកំណត់ត្រឹមពីរនាទីសម្រាប់ភាគីម្ខាងៗ។ ចំពោះរឿងពិធីការនេះដែរ ចិនប្រតិកម្មតបថា អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន មុនជំនួបនេះ។
«នេះមិនមែនជារបៀបដែលប្រទេសមួយស្វាគមន៍ភ្ញៀវនោះឡើយ»។ លោក វ៉ាង យី និយាយបែបនេះជាមួយការថ្កោលទោសការដាក់ទណ្ឌកម្មលើក្រុមហ៊ុនខ្លួន។
 
លោក យ៉ាង ដែលជាសមាជិកគណៈមជ្ឈិមបក្សផងនោះ រំឭកអាមេរិកថា ដល់ពេលហើយដែលត្រូវបោះបង់សតិអារម្មណ៍បែបសង្គ្រាមត្រជាក់ និងល្បែងដែលគ្មានអ្នកចាញ់-ឈ្នះ។ លោកសង្កត់ធ្ងន់ថាចិនចង់បានទំនាក់ទំនងជាមួយអាមេរិកដែលគ្មានការប្រឈមមុខគ្នា គ្មានជម្លោះ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។  មន្ត្រីទូតជាន់ខ្ពស់ចិនក៏បានទាមទារផងដែរ ឱ្យវ៉ាស៊ីនតោនឈប់ជំរុញគំរូនៃលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនទៅប្រទេសទាំងអស់នៅលើពិភពលោក។
 
ចំពោះរឿងនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ឆ្លើយវិញថា លោកឮខុសពីអ្វីដែលភាគីចិនបានបរិយាយ។ បើតាមលោក ប្ល៊ីងខិន លោកបានដឹងឮីការពេញចិត្តដែលអាមេរិកត្រឡប់មកលើឆាកអន្តរជាតិវិញ និងចូលរួមជាមួយសម្ពន្ធមិត្ត ក៏ដូចជាដៃគូ៕
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com