ជាតិ
សម្ដេច ទៀ បាញ់ ៖ កងទ័ព៥នាក់ ឆ្លងកូវីដ-១៩ មានសុខភាពធម្មតា ព្រោះចាក់វ៉ាក់សាំងហើយ
19, Mar 2021 , 3:00 pm        
រូបភាព
ភ្នំពេញ៖ កងទ័ព៥នាក់ ដែលមានជំងឺកូវីដ-១៩នោះ មានសុខភាពធម្មតា ។ នោះក៏ព្រោះតែពួកគេ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយ មុនពួកគេឆ្លងជំងឺនេះ។ សម្ដេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារ ថ្លែងប្រាប់អ្នកកាសែតបែបនេះ ក្រោយពីអមដំណើរ សម្តេច ហ៊ុន សែន ពិនិត្យមើលដំណើរការជួសជុល កែលំអរស្តូបព្រះបរមរតនកោដ្ឋ នៅសួនច្បារវិមានឯករាជ្យ ។


សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា កងទ័ពទាំង៥នាក់នេះ មិនទាន់មានអាការធ្ងន់ធ្ងរ ឬសុខភាពចុះទ្រុឌទ្រោមនោះទេ។ សម្ដេច ទៀ បាញ់ ដែលបានសួរសុខទុក្ខមន្ត្រីកងទ័ពខ្លួននោះ បានបញ្ជាក់ថា សុខភាពកងទ័ពទាំងនោះ មានសភាពធម្មតា ដោយរង់ចាំតែយកសំណាកពិនិត្យជាថ្មីទៀតប៉ុណ្ណោះ។ កងទ័ពទាំងនេះព្យាបាលនៅសណ្ឋាគារ ហ្គ្រេដឌុក។
 
«ជាជំហានដំបូងគឺអាចសន្និដ្ឋានបានថា អ្នកដែលទទួលបានវ៉ាក់សាំងហើយនេះ ច្បាស់ណាស់គឺជំងឺនេះ វាមិនអាចធ្វើឱ្យសុខភាពទ្រុឌទ្រោមធ្ងន់ធ្ងន់ទេ ក៏ប៉ុន្តែវានៅតែអាចឆ្លង(ពីអ្នកដ៏ទៃ)បានដែរ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិ ដែលបានបន្ថែមថា កងទ័ពទាំង៥នាក់នោះ បានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២រួចហើយ មុនឆ្លងកូវីដ-១៩។
 
ករណីនេះ វាជាពិសោធន៍សម្រាប់ពលរដ្ឋដទៃទៀត។ សម្ដេច ទៀ បាញ់ ប្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងរួចហើយ កុំធ្វេសប្រហែស និងមើលស្រាលជំងឺកូវីដ-១៩នេះ ព្រោះវានៅតែចម្លងបានគ្រប់ពេល។ «ចំណុចមួយ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ហើយកុំឱ្យក្រអឺតក្រទម អះអាងថា ខ្ញុំមានវ៉ាក់សាំងហើយលែងអី ព្រោះជំងឺនៅតែឆ្លងបាន»។ នេះបើតាមប្រមុខការពារជាតិ។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ វ៉ាក់សាំងSinopharm របស់ចិន ៦០ម៉ឺនដូស និង AstraZeneca ពីCOVAX ជាង៣២ម៉ឺនដូស។ គិតត្រឹមថ្ងៃទី១៩ មីនា មន្ត្រីរាជការ កងទ័ព និងពលរដ្ឋ ប្រមាណ៣១ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំង Sinopharm និង AstraZeneca ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
 
គួរបញ្ជាក់ថា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន១៥៧៨នាក់ ក្នុងនោះ១០៦២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៩១៧នាក់បានជាសះស្បើយ និងស្លាប់១នាក់៕
 

Tag:
 ទៀ បាញ់
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com