អន្តរជាតិ
លោក ពូទីន ស្នើជួបលោក បៃឌិន តាមអនឡាញ តែសេតវិមានបដិសេធ
19, Mar 2021 , 7:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបថតពីវេបសាយប្រធានាធិបតីរុស្ស៊ី
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៨ ខែមីនា បានស្នើរៀបចំជំនួបមួយជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ ការស្នើរបស់ប្រមុខរដ្ឋរុស្ស៊ីនេះធ្វើឡើងបន្ទាប់ពីសមភាគីអាមេរិករបស់លោកនិយាយថា រុស្ស៊ីជាអ្នកជ្រៀតជ្រែកចូលការបោះឆ្នោតអាមេរិកក្នុងឆ្នាំ២០២០ និងចោទលោកថា ជាអ្នកសម្លាប់អ្នកនយោបាយប្រឆាំងរុស្ស៊ី។


ទំនាក់ទំនងអាមេរិក-រុស្ស៊ីប្រហែលជាត្រូវធ្លាក់ចុះមួយកម្រិតទៀត រាប់ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក។ កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនចូលប្រទេសវិញ ចំថ្ងៃដែលលោក ចូ បៃឌិន លើកឡើងពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតអាមេរិក។ 
 
លោក វ៉្លាឌីមៀ ពូទីន ដែលត្រូវលោក បៃឌិន ជឿថា នៅពីក្រោយផែនការសម្លាប់អ្នកនយោបាយប្រឆាំងនោះ ក៏នៅមិនស្ងៀមដែរ។ ក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី១៨ ខែមីនា លោក ពូទីន ក៏បបួលលោក បៃឌិន ជួបគ្នាតាមអនឡាញដើម្បីជជែកពីបញ្ហានានា ដោយជំនួបអាចធ្វើនៅថ្ងៃទី១៩ ឬទី២១ ខែមីនាក៏បាន។ 
 
«ខ្ញុំចង់ស្នើប្រធានាធិបតី បៃឌិនថា យើងត្រូវបន្តកិច្ចសន្ទនាតបស់យើង ប៉ុន្តែក្នុងលក្ខខណ្ឌមួយដែលផ្សាយផ្ទាល់ និងគ្មានការពន្យារពេល»។ នេះជាការលើកឡើងរបស់លោក ពូទីន ។ លោក ពូទីន និងលោក បៃឌិន ជួបពិភាក្សាគ្នាតាមទូរសព្ទលើកទីមួយនៅថ្ងៃទី២៦ ខែមករាកន្លងទៅ។
 
ចំពោការលើកឡើងរបស់ប្រមុខរដ្ឋរុស្ស៊ី លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន និយាយថាលោក បៃឌិន ពុំមានការសោកស្តាយចំពោះអ្វីដែលលោកបាននិយាយឡើយ។ លើសំណើជជែកពិភាក្សាជាសាធារណៈដែលលោក ពូទីន បានស្នើ ដោយលោកស្រី អះអាងថា លោក បៃឌិន រវល់កិច្ចការជាច្រើន និងមិនទាន់បានជជែកជាមួយថ្នាក់ដឹកនាំនៃប្រទេសដទៃទៀតនៅឡើយទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
បន្ថែមពីលើការឆ្លើយតបទៅនឹងអ្វីដែលលោកបៃឌិនបានលើកឡើង លោក ពូទីន ក៏រំឭកពីប្រវត្តិសាស្ត្រដ៏អាក្រក់របស់អាមេរិកផងដែរ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ លើកឡើងពីអំពើប្រល័យពូជសាសន៍លើជនជាតិដើមដែលរស់នៅក្នុងទឹកដីអាមេរិក ទាសភាព ការធ្វើទុក្ខបុកម្នេញលើជនជាតិស្បែកខ្មៅ និងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកពីរគ្រាប់លើជប៉ុន អំឡុងសង្គ្រាមលោកលើកទីពីរ។
 
សម្រាប់លោក ពូទីន អាមេរិក គិតថា រុស្ស៊ីដូចខ្លួន ប៉ុន្តែតាមពិតទៅ រុស្ស៊ីខុសពីអាមេរិក ដោយមានហ្សែនខុសគ្នា និងក្រឹត្យក្រមវប្បធម៌ និងសីលធម៌ខុសគ្នាដែរ។ យ៉ាងណាក្តី ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ថា រុស្ស៊ីនឹងធ្វើការជាមួយអាមេរិកក្នុងវិស័យដែលខ្លួនចាប់អារម្មណ៍ និងគិតថា មានប្រយោជន៍សម្រាប់ខ្លួន ហើយមិនខ្វល់ពីការដាក់ទណ្ឌកម្ម ឬការប្រមាថបែបណានោះឡើយ៕
 
 

Tag:
 អាមេរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com