ជាតិ
ភ្ញៀវបរទេសទិញសំបុត្រចូលរមណីយដ្ឋានអង្គរក្នុងតម្លៃដដែល តែអាចទស្សនាបានយូរថ្ងៃជាងមុន
20, Mar 2021 , 7:59 am        
រូបភាព
ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេស អាចចូលទស្សនារមណីយដ្ឋានអង្គរបានយូរជាងមុន។ នេះជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាប។ តាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១០ មីនា ភ្ញៀវទេសចរដែលទិញសំបុត្រសម្រាប់១ថ្ងៃ នឹងអាចចូលទស្សនាបាន ២ថ្ងៃ។ ទិញសំបុត្រ៣ថ្ងៃ  អាចចូលទស្សនាបាន ៥ថ្ងៃ។ ទិញសំបុត្រសម្រាប់៧ថ្ងៃ នឹងអាចចូលទស្សនាបានរហូត១០ថ្ងៃ។ 

 

ចាប់ពីពេលនេះ រហូតដល់ ដំណាច់ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេស អាចទស្សនារមណីយដ្ឋានអង្គរបានយូរថ្ងៃជាងមុន លើសំបុត្រដែលខ្លួនបានទិញ។ ទិញសំបុត្រសម្រាប់១ថ្ងៃ ដែលមានតម្លៃ ៣៧ដុល្លារ អាចចូលទស្សនាបាន ២ថ្ងៃ។ ទិញសំបុត្រ៣ថ្ងៃ  ដែលមានតម្លៃ៦២ដុល្លារ អាចចូលទស្សនាបាន ៥ថ្ងៃ ឬទិញសំបុត្រសម្រាប់៧ថ្ងៃ តម្លៃសរុប៧២ដុល្លារ នឹងអាចចូលទស្សនាបានរហូត១០ថ្ងៃ។ នេះបើយោងតាមតាមសេចក្តីជូនដំណឹង របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី១០ មីនា។ 
 
តាមគ្រឹះស្ថានអង្គរ នេះនេះគឺជាគោលនយោបាយថ្មី ដែលរដ្ឋាភិបាលបានដាក់ចេញ ដើម្បីស្រោចស្រង់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប និងដើម្បីទាក់ទាញទេសចរបរទេស មកទស្សនាតំបន់អង្គរ នាអំឡុងវិបត្តិកូវីដ-១៩។ វិបត្តិជំងឺរាតដ្បាត កូវីដ-១៩ បានធ្វើឱ្យទេសចរណ៍ខេត្តសៀមរាបពឹងផ្អែកខ្លាំងលើភ្ញៀវបរទេស បានបានធ្លាក់ដុនដាបកាន់តែខ្លាំង។  
 
ក្រៅពីនេះ ការលើកទឹកចិត្តក៏ត្រូវបានអនុវត្តចំពោះបណ្ណ ឬសំបុត្រ សម្រាប់រយៈពេលវែងផងដែរ។ តាមសេចក្តីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ បើទិញបណ្ណចូលរមណីយដ្ឋានអង្គរ សម្រាប់រយៈពេល១ខែ ដែលមានតម្លៃ ១០០ដុល្លារ ភ្ញៀវបរទេសអាចចូលរទស្សនាបានរយៈពេល២ខែ។ បើទិញបណ្ណសម្រាប់រយៈពេល៣ខែ ដែលមានតម្លៃ ២៥០ដុល្លារ ភ្ញៀវបរទេស អាចចូលទស្សនា បាន៦ខែ។ ប្រសិនបើទិញបណ្ណទស្សនា សម្រាប់រយៈពេល៦ខែ ដែលមានតម្លៃ ២៥០ដុល្លារវិញ ភ្ញៀវបរទេស អាចចេញ-ចូលទស្សនាតំបន់អង្គរ បានពេញ១ឆ្នាំតែម្តង។   
 
ប្រភេទបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់រយៈពេលវែង គឺច្រើនតែសម្រាប់ភ្ញៀវទេសចរ ឬជនបរទេស ដែលរៀបការជាមួយជនជាតិខ្មែរ, អ្នកកំពុងស្នាក់នៅធ្វើការ ឬប្រកបធុរកិច្ចនានាកម្ពុជា ពិសេសនៅខេត្តសៀមរាប។  
 
សូមជម្រាបថា ភ្ញៀវទេសចរបរទេស ដែលទៅកម្សាន្តនៅខេត្តសៀមរាប បានចាប់ថយចុះ តាំងពីមុនមានជំងឺរាតត្បាតកូវីដ-១៩ ទៅទៀត ពោលគឺតាំងពីអំឡុងឆ្នាំ២០១៩មកម្ល៉េះ។

វិបត្តិកូវីដ-១៩ បានក្លាយជាបន្ទុកបន្ថែមកាន់តែខ្លាំង សម្រាប់វិស័យខេត្តសៀមរាប ដោយសារតែចំនួនភ្ញៀវទេសបរទេស ចាប់ធ្លាក់ចុះយ៉ាងគំហុកតែម្តង។ រយៈពេលជាង១ឆ្នាំមកនេះ មិនថាវិស័យទេសចរក្នុងស្រុក ឬនៅក្នុងខេត្តសៀមរាបនោះទេ គឺពឹងផ្អែកស្ទើរទាំងស្រុងលើ ទេសចរជាតិ។ ប៉ុន្តែការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តបន្ទាប់នេះ បានធ្វើឱ្យទេសចរណ៍នៅកម្ពុជា កាន់តែយ៉ាប់យ៉ឺនមួយកម្រិតទៀត។
 
សូមបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៧២,៨២៣ដុល្លារ ពីទេសចរបរទេសចំនួន ៤.១៩៤នាក់។ ចំនួនទេសចរដែលបានទិញសំបុត្រចូលទស្សនាតំបន់អង្គរនេះ ស្មើតែជាង១ ភាគរយប៉ុណ្ណោះ នៃចំនួនទេសចរបរទេស ដែលបានទិញសំបុត្រចូលតំបន់អង្គរ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ 
 

ដោយឡែក កាលឆ្នាំ២០២០នៃវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានចំណូលជាង១៨,៦លានដុល្លារ ពីភ្ញៀវទេសចរបទេសជាង៤០ម៉ឺន ដែលទិញបណ្ណចូលទស្សនា«រមណីយដ្ឋានអង្គរ»។ ចំណូលនេះ ធ្លាក់ចុះរហូតជាង៨១ភាគរយ  បើធៀបនឹងឆ្នាំ២០១៩៕

 


Tag:
 ចំណូល
 សំបុត្រ
 អង្គរ
 គ្រឹះស្ថានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com