អន្តរជាតិ
ហ្វេសប៊ុកត្រៀមបង្កើត Instagram សម្រាប់កុមារអាយុក្រោម១៣ឆ្នាំ
20, Mar 2021 , 8:29 am        
រូបភាព
លោក ADAM MOSSERI អគ្គនាយកក្រុមហ៊ុន Instagram
លោក ADAM MOSSERI អគ្គនាយកក្រុមហ៊ុន Instagram
ដោយ: ធីតា
លោក Adam Mosseri ប្រធានបណ្តាញ Instagram ដែលជាបុត្រសម្ព័ន្ធរបស់ហ្វេសប៊ុក បានបង្ហាញពីគម្រោងដំណើរការ Instagram សម្រាប់កុមារអាយុក្រោម១៣ឆ្នាំ។ ហ្វេសប៊ុកបានមើលឃើញពីទាមទារជាច្រើនពីសំណាក់ក្រុមកុមារដែលចង់មានគណនី Instagram ប៉ុន្តែលោក Mosseri មិនបានបង្ហាញពីព័ត៌មានលម្អិតនោះឡើយ។

 
 
«ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់កុមារ យើងនឹងដំណើរការមុខងារ Instagram សម្រាប់យុវជនវ័យក្មេង ឬកុមារ ដោយឪពុកម្តាយ អាចគ្រប់គ្រងពីលើនោះបាន»។ លោក Mosseri បានថ្លែងយ៉ាងដូច្នេះប្រាប់សារព័ត៌មាន BuzzFeed News ខណៈដែលបច្ចុប្បន្ន Instagram មានគោលការណ៍ហាមប្រើប្រាស់ចំពោះក្មេងអាយុក្រោម១៣ឆ្នាំ។
 
តាមការឆ្លើយឆ្លងអ៊ីម៉ែលទៅកាន់ The Verge លោក Joe Osborne អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនហ្វេសប៊ុក បានអះអាងថា ក្មេងកាន់តែច្រើនបានសុំឪពុកម្តាយរបស់គេចូលរួមកម្សាន្តក្នុង Apps Instagram ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ។ «បច្ចុប្បន្ន យើងអត់ផ្នែកច្រើនទេសម្រាប់ឪពុកម្តាយ ដូច្នេះយើងកំពុងធ្វើការលើផលិតផលបន្ថែមទៀត ដូចជា Messenger Kids ជាដើម ដែលស្ថិតក្រោមការឃ្លាំមើលពីឪពុកម្តាយអាណាព្យាបាល»។
 
ការផ្សព្វផ្សាយផលិតផលអនឡាញទៅក្រុមកុមារអាយុក្រោម១៣ឆ្នាំ ជាបញ្ហាដ៏ធំមួយផ្នែកច្បាប់ ដែលមិនមែនត្រឹមតែជាការរំលោភឯកជនភាពនោះឡើយ។ YouTube របស់ Google ក៏ដូចជាបណ្តាញសង្គម TikTok ក៏ធ្លាប់រងការពិន័យរាប់លានដុល្លារអាមេរិកផងដែរពីបទរំលោភសិទ្ធិឯកជនកុមារនៅលើប្រព័ន្ធអនឡាញ (COPPA)។
 
ចាប់ពីឆ្នាំ២០១៧ ហ្វេសប៊ុកបានបង្កើត Messenger Kids សម្រាប់កុមារពីអាយុ៦ដល់១២ឆ្នាំ ដោយស្ថិតក្រោមការឃ្លាំមើលពីអាណាព្យាបាល ប៉ុន្តែឆ្នាំ២០១៩ កុមារជាច្រើនដែលប្រើប្រាស់បែរជាយកភ្ជាប់ទៅបុគ្គល និងក្រុមចម្លែកជាច្រើន ហើយពួកគេអាចឆាតទំនាក់ទំនាក់ជាមួយអ្នកដែលមិនស្គាល់មុខ។ ហ្វេសប៊ុកបានព្យាយាមដោះស្រាយបញ្ហានេះ យ៉ាងស្ងៀមស្ងាត់ ហើយអះអាងថា វាបានប៉ះពាល់លើអ្នកប្រើប្រាស់មួយក្រុមតូចប៉ុណ្ណោះ៕
 

Tag:
 បណ្តាញសង្គម
  ហ្វេសប៊ុក
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com