ជាតិ
ចាក់វ៉ាក់សាំងកូវីដ-១៩៖ សម្ដេច ហ៊ុន សែន ស្នើពលរដ្ឋកុំឱ្យប្រកាន់ថា «វ៉ាក់សាំងចិន ឬ ឥណ្ឌា »
19, Mar 2021 , 8:29 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនត្រូវប្រកាន់ថា ជាវ៉ាក់សាំងចិន ឬវ៉ាក់សាំងឥណ្ឌាឡើយ។ សម្ដេច ថ្លែងបែបនេះ ខណៈដែលពលរដ្ឋខ្លះ នៅបារម្ភពីគុណភាពវ៉ាក់សាំងចិន។


«យើងមិនមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ដើម្បីនឹងចាក់ទេ ក៏ប៉ុន្តែយើងត្រូវបន្តការខិតខំរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើងយ៉ាងហោចឱ្យបាន១០លាននាក់»។ នេះជាការថ្លែងសារពិសេសរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជានឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។
 
ដ្បិតមានវ៉ាក់សាំងពិតមែន តែបើពលរដ្ឋរអាលមិនហ៊ានចាក់នោះ ក៏មិនប្រាកដថា អាចទប់ស្កាត់ជំងឺកូវីដ-១៩ដែរ។ ត្រង់ចំណុចនេះប្រមុខរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនត្រូវប្រកាន់ថា ជាវ៉ាក់សាំងចិន ឬវ៉ាក់សាំងឥណ្ឌាឡើយ។
 
តាមរយៈសារពិសេសប្រមាណ៣០នាទី នាយករដ្ឋមន្ត្រី បាននិយាយដូច្នេះ«សូមបងប្អូនកុំប្រកាន់ថា នេះជាវ៉ាក់សាំងចិន នេះជាវ៉ាក់សាំងរបស់ឥណ្ឌា។ សូម្បីតែវ៉ាក់សាំង AstraZeneca ដែលផលិតនៅឥណ្ឌា ហើយវ៉ាក់សាំងAstraZenecaនេះខ្លួនឯង ក៏ត្រូវបានផ្អាក ឬបញ្ឈប់ការចាក់នៅប្រទេសអឺរ៉ុបមួយចំនួន ដោយគេគិតថា មានបញ្ហាសុវត្ថិភាព»។ 
 
ទោះបីនៅបណ្ដាអឺរ៉ុប មានបញ្ហាប្រតិកម្មចំពោះវ៉ាក់សាំងនេះក្តី ប៉ុន្តែនៅកម្ពុជា មិនទាន់មានបញ្ហាណាមួយឡើយ ចាប់តាំងពីដំណើរការឱ្យចាក់វ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង CoviShield នៃក្រុមហ៊ុន AstraZeneca ដែលផលិតនៅឥណ្ឌានេះ។ មួលហេតុនេះហើយ ទើបសម្ដេច ហ៊ុន សែន ស្នើពលរដ្ឋកុំបារម្ភពីការចាក់វ៉ាក់សាំង ហើយចូលរួមអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ជាមួយរដ្ឋាភិបាល។
 
បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងជាង៩២ម៉ឺនដូស ដោយក្នុងនោះ វ៉ាក់សាំងSinopharm របស់ចិន ៦០ម៉ឺនដូស និង AstraZeneca ពីCOVAX ជាង៣២ម៉ឺនដូស។ បើតាមសម្ដេច ហ៊ុន សែន ចិននឹងផ្ដល់វ៉ាក់សាំង Sinovac ប្រមាណ១,៥លានដូសទៀតមកកម្ពុជា នៅថ្ងៃទី២៦ មីនា តាមរយៈកិច្ចព្រមព្រៀងទិញ-លក់។
 
សម្រាប់ការចាក់វ៉ាក់សាំងនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងបណ្តាខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
 
មូលហេតុដែលសម្ដេច បញ្ជាឱ្យរៀបចំយុទ្ធនាការនេះ ដោយសារតែបណ្ដាមន្ទីរពេទ្យខ្លះ បានចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយមិនគិតដល់នយោបាយរដ្ឋាភិបាល។ បានន័យថា មន្ទីរពេទ្យខ្លះ បានយកវ៉ាក់សាំង CoviShield នៃក្រុមហ៊ុន AstraZeneca ចាក់ឱ្យពលរដ្ឋ ដែលមានអាយុក្រោម៦០ ឆ្នាំ ដែលផ្ទុយពីការណែនាំរបស់សម្ដេច។ ប្រមុខរដ្ឋាភិបាល បានកំណត់ថា វ៉ាក់សាំង Sinopharm ចាក់លើពលរដ្ឋអាយុ១៨ ទៅ៥៩ឆ្នាំ ហើយវ៉ាក់សាំង AstraZeneca ចាក់លើពលរដ្ឋពីអាយុ៦០ឆ្នាំឡើងទៅ។
 
គិតត្រឹមថ្ងៃទី១៩ មីនា មន្ត្រីរាជការ កងទ័ព និងពលរដ្ឋ ប្រមាណ៣១ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំង Sinopharm និង AstraZeneca ។ នេះបើតាមរបាយការណ៍ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
 
កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន១៥៧៨នាក់ ក្នុងនោះ១០៦២នាក់ជាករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺ៩១៧នាក់បានជាសះស្បើយ និងស្លាប់១នាក់៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com