អន្តរជាតិ
ចិន បើកសវនាការលើសំណុំរឿងចារកម្មរបស់បុរសកាណាដា ក្រោយឃុំខ្លួនជាងពីរឆ្នាំ
19, Mar 2021 , 6:19 pm        
រូបភាព
រូបថត AP
រូបថត AP
ដោយ:
បុរសកាណាដាមួយរូប ក្នុងចំណោមពីររូបដែលត្រូវបានចិនឃុំខ្លួនអស់រយៈពេលជាងពីរឆ្នាំ ត្រូវនាំឡើងតុលាការខេត្ត Liaoning នៅថ្ងៃទី១៩ ខែមីនា លើសំណុំរឿងចារកម្ម។ សវនាការនេះធ្វើឡើងដោយអសាធារណៈ ហើយមន្ត្រីការទូតកាណាដា ក៏មិនត្រូវអនុញ្ញាតឱ្យចូលរួមដែរ។


លោក Michael Spavor បង្ហាញវត្តមានក្នុងសវនាការទីក្រុង Dandong ខេត្ត Liaoning នៅថ្ងៃទី១៩ ខែមីនា។ សវនាការធ្វើឡើងអស់រយៈពេល២ម៉ោង ប៉ុន្តែពុំទាន់មានប្រកាសសាលក្រមឡើយ។ លោក Spavor ជាជនជាតិកាណាដាម្នាក់ក្នុងចំណោមពីរនាក់ដែលត្រូវបានចិនឃុំខ្លួនពាក់ព័ន្ធការលួចព័ត៌មានរដ្ឋ ហើយត្រូវជាប់ឃុំតាំងពីឆ្នាំ២០១៨ មក។ លោក Michael Kovrig ជាជនជាប់ឃុំម្នាក់ទៀត។ 
 
សេចក្តីថ្លែងការណ៍នៃតុលាការប្រជាជន Dandong លើកឡើងថា តុលាការបើកសវនាការអសាធារណៈ ហើយលោក Spavor និងមេធាវីការពារក្តីមានវត្តមាននៅចំពោះមុខតុលាការ។ ចំណែកសាលក្រមប្រកាសទោសវិញ តុលាការអះអាងថានឹងប្រកាសនៅពេលវេលាមួយដែលកំណត់ដោយច្បាប់។
 
នៅអាគារតុលាការ ប៉ូលិសបានរារាំងមិនឱ្យអ្នកការទូតកាណាដា និងអ្នកកាសែតចូលជិតបរិវេណនោះ ប៉ុន្តែក៏ពុំបានប្រាប់ឱ្យចាកចេញដែរ។ អ្នកការទូតចំនួន១០រូប មកពីប្រទេសចំនួន៨ដូចជាអាមេរិក អង់គ្លេស និងអូស្ត្រាលីជាដើមមានវត្តមាននៅក្រៅអាគារតុលាការដើម្បីបង្ហាញការគាំទ្រដល់លោកSpavor ។
 
សន្ធិសញ្ញាអន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីរវាងកាណាដា និងចិន អនុញ្ញាតឱ្យអ្នកការទូតកាណាដាចូលរួមស្តាប់ការកាត់ក្តីនេះបាន ប៉ុន្តែតុលាការចិនលើកឡើងថា ច្បាប់ស្តីពីសន្តិសុខជាតិមានឧត្តមានុភាពលើកាតព្វកិច្ចនៃសន្ធិសញ្ញាអន្តរជាតិ។ លោកJim Nickel អនុប្រធានបេសកកម្មការទូតកាណាដាប្រចាំចិន ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
រដ្ឋអាជ្ញាចិន ពុំដែលបង្ហាញឯកសារលម្អិតស្តីពីបទចោទរបស់ខ្លួនឡើយ។ កាសែតរដ្ឋចិន Global Time និយាយថាលោក Kovrig ត្រូវបានចោទពីការប្រើប្រាស់លិខិតឆ្លងដែនធម្មតា និងទិដ្ឋាការពាណិជ្ជកម្មដើម្បីចូលប្រទេសចិន និងលួចព័ត៌មានសំងាត់តាមរយៈបណ្តាញរបស់ខ្លួនក្នុងប្រទេសចិនតាំងពីឆ្នាំ២០១៧ មកម្ល៉េះ ហើយលោក Spavor ត្រូវបានចោទថា ជាបុគ្គលគន្លឹះដែលផ្តល់ព័ត៌មានសម្ងាត់ទាំងនោះទៅលោក Kovrig ។
 
សវនាការរបស់លោក Kovrig នឹងធ្វើនៅសប្ដាហ៍ក្រោយ៕
 
 
 

Tag:
 ចិន
  កាណាដា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com