COVID-19
ជាតិ
វិជ្ជមានកូវីដ-១៩ ចំនួន​៥៤នាក់ទៀតនៅកម្ពុជា
20, Mar 2021 , 8:55 am        
រូបភាព
កុមារាអាយុ៦ឆ្នាំម្នាក់នៅឫស្សីកែវឡើងឡានពេទ្យតែម្នាក់ទៅកន្លែងព្យាបាលនៅសណ្ឋាគារ The Great Duke គេបានឆ្លងកូវីដ-១៩ពីម្តាយ។ រូបថត លោក ជា ពិសី
កុមារាអាយុ៦ឆ្នាំម្នាក់នៅឫស្សីកែវឡើងឡានពេទ្យតែម្នាក់ទៅកន្លែងព្យាបាលនៅសណ្ឋាគារ The Great Duke គេបានឆ្លងកូវីដ-១៩ពីម្តាយ។ រូបថត លោក ជា ពិសី
ដោយ: រួបរួម
អ្នកកើតជំងឺកូវីដ-១៩ មាន​ចំនួន៥៤នាក់បន្ថែមទៀត។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ដោយ សហគមន៍ ២០កុម្ភៈមាន៥៣។ គិតមកដល់ពេលនេះ អ្នក​ឆ្លងកូវីដ-១៩ សរុបនៅកម្ពុជាឡើង​ដល់១៦៣២នាក់ ដោយ១១១៥នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែល​រាលដាលដល់១១រាជធានី-ខេត្ត រួមមាន ភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង កោះកុង កំពង់ធំ កំពង់ចាម ស្វាយរៀង សៀមរាប បាត់ដំបង និងតាកែវ។ អ្នកសះស្បើយមាន១៨នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប ឡើងដល់៩៣៥នាក់។ ប៉ុន្តែគួរឲ្យសោកស្តាយ អ្នកស្លាប់ដោយសារកូវីដ-១៩នៅកម្ពុជាមានចំនួន​៣នាក់ហើយ ដែលសុទ្ធតែជាពលរដ្ឋខ្មែរ។



ករណីតែមួយដែលមិនមែនសហគមន៍ ជាស្ត្រីជនជាតិខ្មែរអាយុ៤០ឆ្នាំ អាសយដ្ឋាននៅភ្នំពេញ ដែលបានធ្វើដំណើរពីសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមីនា។ គាត់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក។

រីឯ៥៣ករណីសហគមន៍ មាន២៣ករណីនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដែលភាគច្រើនជាជនជាតិចិន និង១ករណីដែលជាជនជាតិខ្មែរនៅខេត្តព្រះសីហនុ។ អ្នកជំងឺក្រៅពីនេះ សុទ្ធតែជនជាតិខ្មែរមានអាសយដ្ឋាននៅទីតាំងផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន​កុមារតូចៗផងដែរ។ ទីតាំងដែលមានករណីច្រើនជាងគេក្នុងរាជធានីភ្នំពេញ រួមមាន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងសង្កាត់ ខណ្ឌ ជាច្រើនទៀត។

ចំណែកអ្នកជាសះស្បើយ​១៨នាក់ មាន៤នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខ្មែរសូវៀត ៣នាក់ពីមណ្ឌលសុខភាពចាក់អង្រែ ៣នាក់ពីមន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ ៤នាក់ពីមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្តាល និង៤នាក់ពីសណ្ឋាគារក្រេតឌុក៕

© រក្សាសិទ្ធិដោយ thmeythmey.com