ជាតិ
សង្គមជាតិ
ព្រះមហា ពិន សែម សរសើរលោក ផែង វណ្ណៈដែលបានទម្លាក់អស្មិមានះ
20, Mar 2021 , 10:22 am        
រូបភាព
ដោយ: រួបរួម
នៅព្រឹកថ្ងៃទី២០ ខែមីនា នេះ លោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្តាញសង្គមល្បីឈ្មោះមួយរូប បានទៅកាន់វត្តរាជបូណ៌ផ្ទាល់ដើម្បីចូលខ្លួនសុំខមាលទោសចំពោះព្រះភក្ត្ររបស់ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការរាជបូណ៌ ក្រុងសៀមរាប ទាក់ទនឹងការប្រើប្រាស់ពាក្យសំដីមិនសមរម្យតាមបណ្តាញសង្គមរបស់ខ្លួន។ សម្រាប់ព្រះអង្គ ពិន សែម គ្មានការប្រកាន់ទោសពៃរ៍អ្វីនោះឡើយ ដោយព្រះអង្គបានកោតសរសើរលោក ផែង វណ្ណៈ ដែលបានទម្លាក់អស្មិមានះរបស់ខ្លួន ពោលគឺលះបង់សេចក្ដីប្រកាន់ចិត្តរឹងត្អឹងថាអញ ថាគេឬថាយើងថាគេមិនព្រមទទួលជឿស្ដាប់អ្នកណា។

 
«អ្នកប្រាជ្ញខាងពុទ្ធសាសនាថា យើងទាំងអស់គ្នាជាមិត្តនឹងគ្នាយ៉ាងស្និទ្ធស្នាល»។ នេះជាការសង្ឃដីការបស់ព្រះមហា ពិន សែន ទៅកាន់លោក ផែង វណ្ណៈ ដោយលំអិតថាមិត្ត៣យ៉ាងនោះ មានមិត្តរួមជាតិខ្មែរដូចគ្នា ដែលគ្មានអ្នកណាស្រឡាញ់ជាងជាតិយើងទេ មានតែជាតិយើងដែលត្រូវស្រឡាញ់គ្នាជួយការពារគ្នាទៅវិញទៅមក  លើសលស់ខុសបន្តិចបន្តួចក៏ជួយណែនាំទូន្មាន  មិត្តរួមសាសន៍ដែលជ្រកក្រោមម្លប់ពុទ្ធសាសនាដូចគ្នា និងមិត្តរួមទុក្ខដែលត្រូវកើតចាស់ ឈឺស្លាប់ដូចគ្នា ហេតុដូច្នេះ ត្រូវតែចេះស្រឡាញ់គ្នា។


ព្រះអង្គ ពិន សែម ដែលជាទីប្រឹក្សាគណសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ផងដែរនោះ បានបន្ថែមថា៖ «បើចងទុកកំហឹងថា អ្នកនោះបានជេរអញ វាយអញ លួចទ្រព្យអញ ពៀររបស់ជននោះមិនស្ងប់រម្ងាប់ទេ តែងតែមាន គំនុំនៅតែមាន។ អ្នកលះបង់ការឈ្នះការចាញ់បានហើយ មានក្តីសុខ»។ 
 
ព្រះអង្គសុំការរាប់អានសេចក្តីស្និទស្នាលរវាងលោក ផែង វណ្ណៈ និងព្រះអង្គផ្ទាល់ ដោយចាត់ទុកលោក ផែង វណ្ណៈ ជាបរិស័ទដ៏ល្អសម្រាប់ព្រះអង្គ ហើយព្រះអង្គក៏សុំធ្វើជាអ្នកបួសជាទីពឹងរបស់លោក ផែង វណ្ណៈ ដែលអាចទូរសព្ទសួរព្រះអង្គបានគ្រប់ពេលទាក់ទងនឹងសាសនា ព្រោះព្រះអង្គមានភាពសាមញ្ញបំផុត។
 
សូមបញ្ជាក់ថា លោក ផែង វណ្ណៈ បាននិយាយក្នុងការ Live Facebook របស់ខ្លួន ដោយប្រមាថលើព្រះអង្គ ពិន សែម ចំពោះចំណាត់ការប្រើផ្តៅវាយគណសិស្សដែលខុសវិន័យ។ សំដីរបស់លោក ផែង វណ្ណៈ បង្កឲ្យមានប្រតិកម្មមិនពេញចិត្តជាច្រើនពីពុទ្ធបរិស័ទ ដោយសង្ឃគណៈខេត្តសៀមរាបបានផ្ញើលិខិតទៅសម្តេចសង្ឃនាយក និងរដ្ឋាភិបាលឲ្យមានចំណាត់ការ ខណៈក្រសួងព័ត៌មានបានដកអាជ្ញាបណ្ណគេហទំព័រព័ត៌មានរបស់លោក។
 
ក្រោយមក លោក ផែង វណ្ណៈ បានសរសេរលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេស មុននឹងសុំខមាទោសចំពោះព្រះភក្ត្រព្រះមហា ពិន សែម ដោយផ្ទាល់៕
 

Tag:
 ព្រះមហា ពិន សែន
  ផែង វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com