ជាតិ
យុវជនមួយក្រុម ចូលរួមប្រកួតវិថីម្ហូបអាហារ ដើម្បីរួមចំណែកលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់
20, Mar 2021 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ និស្សិតស្ថាបត្យកម្ម មួយក្រុមទទួលបានជ័យលាភីលេខ១ ពីការប្រកួតវិថីម្ហូបអាហារ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងទេសចរណ៍។ និស្សិតឆ្នាំទី៤ មួយក្រុមនេះលើកឡើងថា តាមរយៈការប្រកួតវិថីម្ហូបអាហារអាចឱ្យខ្លួន ប្រើប្រាស់សមត្ថភាព ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងរួមចំណែកលើកស្ទួយជីវភាព ប្រជាជនក្នុងតំបន់។


ការប្រកួតវិថីម្ហូបអាហារ គឺធ្វើឡើងដើម្បី ពង្រឹងគុណភាព សេវាកម្ម និងអនាម័យម្ហូបអាហារ តាមដងផ្លូវ ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ជាងនេះទៅទៀត គឺដើម្បី ជួយប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលពី ការប្រកបរបរក្នុងវិស័យទេសចរណ៍។
 
តាមរយៈការប្រកួតនេះដែរ បានធ្វើឱ្យនិស្សិតដែលទទួលបានជ័យលាភី អាចសិក្សា ពីស្ថានភាពរស់នៅរបស់ប្រជាជនក្នុងក្រុងស្ទឹងសែន និងបានបំពេញតម្រូវការរបស់ប្រជាជនទីនោះ តាមសមត្ថភាពរបស់ខ្លួន គឺបង្កើតគម្រោងវិថីម្ហូបអាហារដែលមានភាពទាក់ទាញ ដើម្បីឱ្យភ្ញៀវទេសចរ ទៅកម្សាន្ត។ 
  

រូបភាពពីលោក ឯមហុង បញ្ញារិទ្ធ

យុវជន សូរ ម៉ុងដេរ៉ូ វ័យ២១ឆ្នាំ ជាបេក្ខជនមួយរូបក្នុងក្រុមទទួលបានជ័យលាភី បានប្រាប់សារព័ត៌ThmeyThmey25 ដូច្នេះថា៖ « តាមរយៈការប្រកួតនេះអាចឱ្យ ខ្ញុំដឹងថាប្រជាជននៅទីនោះគាត់ជួបបញ្ហាអ្វី ហើយយើងគួរតែ មានវិធីឬ គំនិតណាមួយដើម្បី ជួយដោះស្រាយបញ្ហាទាំងនោះ។ ខ្ញុំជឿថាគម្រោងដែល ពួកខ្ញុំទទួលបានជ័យលាភីនេះ នឹងចេញជារូបរៀង ហើយអាចជួយបង្កើតមុខរបរថ្មី និងបង្កើនប្រាក់ចំណូល »។ 
 
ចំណែកយុវជន ដន ឧត្តម ដែលជាបេក្ខជន ក្នុងក្រុមជាមួយគ្នានេះ បានរៀបរាប់ ដូចមិត្តរួមក្រុមដែរ ដោយបន្ថែមដូច្នេះថា៖ « វាជាគម្រោងល្អមួយ ដែលអាចជួយប្រជាជនក្នុងតំបន់អាចបង្កើនប្រាក់ចំណូល បន្ថែមពីនេះ គម្រោងនេះ អាចឱ្យយើងបង្ហាញពីប្រវត្តិសាស្ត្រនៃខេត្តកំពង់ធំ ដោយគម្រោងយើងគឺ យកគំនិតពី ប្រាសាទសំបូរព្រៃគុក » ។


 ពេលចុះដល់ទីតាំងផ្ទាល់ រូបភាពដោយ លោក ឯមហុង បញ្ញារិទ្ធ

លើសពីនេះ យុវជន ឯមហុង បញ្ញារិទ្ធ បេក្ខជនម្នាក់ទៀត បានប្រាប់សារព័ត៌មានThmeyThmey25 ដែរថា លោកពិតជាសប្បាយរីករាយ ដែលក្រុមលោកបានបញ្ចេញសមត្ថភាព ដើម្បីជួយសង្គម។ យុវជនវ័យ២១ ឆ្នាំរូបនេះបញ្ជាក់ដូច្នេះថា៖ « ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលក្រុមរបស់ខ្ញុំទទួលបានជ័យលាភីលេខ១ ពីការប្រកួតនេះ។ ខ្ញុំជឿជាក់ថា គម្រោង វិថីសែនសម្បូរណ៍ របស់ពួកយើង នឹងចេញជារូបរៀងបន្ទាប់ពីកូវីដ-១៩ បញ្ចប់ »។
 
សូមជម្រាបផងដែរថា ការប្រកួតវិថីម្ហូបអាហារដែលរៀបចំ ដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មាន៤ដំណាក់កាល។ ដំណាក់កាលទី១ អនុវត្តគោលការណ៍បច្ចេកទេស, ទី២ បេក្ខជនត្រូវសិក្សាដល់ទីតាំងផ្ទាល់, ទី៣ បេក្ខជនត្រូវធ្វើបទបង្ហាញមុខគណៈកម្មាធិការ និងទី៤ ជាកម្មវិធីប្រគល់ជ័យលាភី។ ក្រុមជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ២លានរៀល៕


 រូបភាពពីលោក ឯមហុង បញ្ញារិទ្ធ

Tag:
 វិថីម្ហូបអាហារ
  ក្រុងស្ទឹងសែន
  កំពង់ធំ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com