ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន៦បោះទុនជាង៤០លានដុល្លារបង្កើតរោងចក្រនៅកម្ពុជា ដោយផ្តល់ការងារជាង២ពាន់កន្លែង
20, Mar 2021 , 8:59 pm        
រូបភាព
 លោក សុខ ចន្តាសោភា ប្រធានCDC
លោក សុខ ចន្តាសោភា ប្រធានCDC
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគ៦ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  ដែលហៅកាត់ថាCDC  អនុម័តឱ្យបង្កើតរោងចក្រនៅកម្ពុជា ដែលអាចបង្កើតការងារជូនពលរដ្ឋបានជាង២,៧០០នាក់។ ក្រុមហ៊ុនទាំង៦នេះ មានទុនវិនិយោគសរុប ៣៣៩លានដុល្លារ។ បើតាមការចុះផ្សាយរបស់CDC នាថ្ងៃទី១៩មីនា ឆ្នាំ២០២១ ។


ក្រុមហ៊ុនទាំង៦ ដែលCDCអនុញ្ញាតឱ្យបង្កើតរោងចក្រនោះ មានក្រុមហ៊ុន YUAN SHUO (CAMBODIA) CO.,LTD បង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រុមហ៊ុននេះ មានទុនវិនិយោគ ២,២លានដុល្លារ ។
 
ចំណែកក្រុមហ៊ុនSCHNEITIC CHINT CO., LTD បានវិនិយោគ២,៥លានដុល្លារ លើគម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី នៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 
 


បើតាមCDC ក្រុមហ៊ុន XIN WEI JIE CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាមួយវិនិយោគ២,៩លានដុល្លារ ដែលអាចបង្កើតការងារ ៦៥៩កន្លែង។ ដោយឡែកក្រុមហ៊ុនINNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ: បរិក្ខារវិជ្ជសាស្ត្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានទុនវិនិយោគប្រមាណ១០លានដុល្លារ និងអាចបង្កើតការងារបានរហតដល់១,២០០កន្លែង។
 
រីឯគម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព20MW តម្លៃ១៧,៦លានដុល្លាររបស់ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD និង គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទតម្លៃ៧លានដុល្លារ របស់ក្រុមហ៊ុន HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTDវិញ ត្រូវបានCDC សម្រេចឱ្យបង្កើតរោងចក្រនៅខេត្តស្វាយរៀង។ តាមរយៈគម្រោងបង្កើតរោងរបស់ក្រុមហ៊ុនទាំង២នេះ អាចបង្កើតការងារជូនពលរដ្ឋ បានជាង៣០០កន្លែង។ 


 
ជាមួយគ្នានេះ CDCក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD បង្កើតវារីវប្បកម្មនៅក្នុងវិស័យកសិកម្ម នៅស្រុកកៀនស្វាយ និង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផងដែរ។ CDC បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានបោះទុនប្រមាណ២៥លានដុល្លារ ក្នុងការបង្កើតវារីវប្បករនៅក្នុងស្រុកទាំង២នេះ ដែលអាចបង្កើតការងារ ឱ្យពលរដ្ឋបាន១៥៥កន្លែង៕ 








 

Tag:
 រោងចក្រ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com