អន្តរជាតិ
F-15EX យន្តហោះចម្បាំងស៊េរីថ្មីមួយទៀតនៃកងទ័ពអាកាសអាមេរិក យន្តហោះចម្បាំង F-15EX ដែលផលិតដោយក្រុមហ៊ុន Boeing។ រូបថតពីក្រុមហ៊ុន Boeing
×
ដោយ៖ ជា យូគៀង
កងទ័ពអាកាសអាមេរិក ទើបទទួលយន្តហោះចម្បាំងថ្មីមួយប្រភេទ F-15EX ដែលផលិតដោយក្រុមហ៊ុន Boeing ។ យន្តហោះ F15-EX មួយគ្រឿងដំបូង ទៅដល់មូលដ្ឋានអាកាសនៅរដ្ឋ Florida កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។
យន្តហោះចម្បាំងម៉ូដែល F-15EX ជាយន្តហោះជំនាន់ចុងក្រោយរបស់ត្រកូល F-15 Eagle ។ ក្រុមហ៊ុន Boeing បញ្ជូនយន្តហោះ F-15EX មួយគ្រឿងដំបូងទៅមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋ Florida សំរាប់ធ្វើការហោះហើរសាកល្បង។ F-15EX ទីពីរ នឹងត្រូវបញ្ជូនទៅចុងខែមេសា ឆ្នាំ ២០២១ ហើយ៦គ្រឿងផ្សេងទៀតនឹងត្រូវបញ្ជូនមកនាចុងឆ្នាំ ២០២៣។
អាមេរិកបានបញ្ជាទិញយន្តហោះប្រភេទនេះតាំងពីខែកក្កដា ឆ្នាំ២០២០។ អាមេរិករំពឹងថា នឹងទទួលបានយន្តហោះចម្បាំង F-15EX នេះចំនួន ១៤៤ គ្រឿង ដើម្បីដាក់ជំនួសយន្តហោះចម្បាំង F-15C/D ដែលជាម៉ូដែលចាស់។
F-15EX ជាយន្តហោះដែលស្ថិតនៅក្នុងប្រភេទ F-15 eagle ហើយជាម៉ូដែលថ្មីបំផុត។ វាមានមុខងារថ្មីៗ អាចផ្ទុកទម្ងន់បានច្រើនជាងមុន ហើយការហោះហើរមានលក្ខណៈងាយស្រួលជាងមុនដោយមានប្រព័ន្ធ Fly-by Wire Controls អមដោយឧបករណ៍ប្រព័ន្ធបញ្ជាឌីជីថលថ្មី។ យន្តហោះនេះក៏ សេនស័រទំនើបជាងម៉ូដែលមុនៗ ប្រព័ន្ធរ៉ាដាទំនើប ហើយមានសមត្ថភាពក្នុងសង្រ្គាមអេឡិចត្រូនិចទៀតផង។
ជាមួយនឹងទំនើបកម្មជំនាន់ចុងក្រោយបង្អស់ យន្តហោះប្រភេទនេះ អាចហោះបានដោយល្បឿនដល់ទៅ ២.៥Mach ឬប្រហែល៣០៨៧គីឡូម៉ែត្រក្នុងម៉ោង។ វាក៏អាចហោះបានខ្ពស់ជាងមុនដល់ទៅរយៈកម្ពស់៦០០០០ហ្វីតផងដែរ។ F-15EX អាចផ្ទុកអាវុធទម្ងន់បានដល់ទៅ១៣៣៨០គីឡូក្រាម ដោយអាចរក្សាល្បឿនហោះហើរលឿនដដែល។ ការចំណាយថវិកាក្នុងពេលហោះហើរ ក៏ត្រូវបានកាត់បន្ថយដោយយន្តហោះម៉ូដែលចាស់ F-15 ត្រូវចំណាយ៣៥០០០ដុល្លារសម្រាប់ការហោះហើរក្នុង១ម៉ោងដោយ F-15EX ចំណាយត្រឹមតែ ២៧០០០ដុល្លារតែប៉ុណ្ណោះក្នុង១ម៉ោង។
យន្តហោះ F-15EX នឹងចូលរួមក្នុងយុទ្ធសាស្រ្តការពារជាតិរបស់ទ័ពអាកាសអាមេរិក ស្របពេលយន្តហោះម៉ូដែលចាស់ៗមិនសមស្របទៅនឹងយុទ្ធសាស្រ្តរបស់យន្តហោះជំនាន់ទី៥នាពេលបច្ចុប្បន្នរបស់អាមេរិក។ ជាមួយនឹងតម្លៃថោកជាងប្រភេទម៉ូដែលមុនៗ វាបានក្លាយជាការចាប់អារម្មណ៍របស់អាមេរិកយកទៅបំពេញបេសកកម្មការពារជាតិដែនអាកាស និងការពារមូលដ្ឋានទ័ពផ្សេងៗទៀតរបស់ខ្លួន៕
Tag:
យន្តហោះចម្បាំង F-15EX
© រក្សាសិទ្ធិដោយ thmeythmey.com