ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម សុំនាយករដ្ឋមន្ត្រី អនុវត្តគោលការណ៍ឱ្យឈ្មួញនាំចូលត្រី ត្រឹម៥០ភាគរយ
20, Mar 2021 , 6:29 pm        
រូបភាព
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានស្នើសុំសម្តេច ហ៊ុន សែន ដើម្បីអនុវត្តគោលការណ៍លើការដាក់លក្ខខណ្ឌឱ្យអាជីវករឬឈ្មួញនាំចូលត្រីពីបរទេសត្រឹមបរិមាណ៥០ភាគរយ និង ប្រមូលទិញត្រីពីវារីវប្បករនៅក្នុងស្រុកចំនួន៥០ភាគរយ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។  នេះបើយោងតាមលិខិតស្នើសុំរបស់លោក វេង សាខុន ជូនទៅសម្តេច ហ៊ុន សែន នាថ្ងៃទី១៨មីនា ឆ្នាំ២០២១។

 
អត្ថបទទាក់ទង
 
ការដាក់លិខិតស្នើសុំអនុវត្តគោលការណ៍ពីសម្តេច ហ៊ុន សែននេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម បានអន្តាគមន៍ជាបន្តបន្ទាប់ចំពោះបញ្ហាទីផ្សាររបស់វារីវប្បករ តាំងពីចុងឆ្នាំ២០២០ មកម្លេះ។ ដូចជា ការអំពាវនាវឱ្យឈ្មួញជួយទិញត្រីនានារបស់វារីវប្បករដែលចិញ្ចឹមបាន  និងចំណាត់ការបិទការនាំចូលត្រីពោ ត្រីបា្រ ត្រីអណ្តែង និងត្រីឆ្តោ អស់រយៈពេល១ខែកន្លងមក ជាដើម។ ប៉ុន្តែ បញ្ហាជន់ជោរត្រី ឬគ្មានទីផ្សាររបស់វារីវប្បករក្នុងស្រុកនេះ នៅតែបន្តមានមកដល់ពេលបច្ចុប្បន្ន ពីព្រោះឈ្មួញធំៗមួយចំនួនមិនព្រមបញ្ជាទិញត្រីក្នុងស្រុក ដោយបន្តនាំចូលត្រីពីបរទេស ពិសេសពីប្រទេសវៀតណាមដ៏ច្រើនលើសលុប ចូលទីផ្សារកម្ពុជា។ 
 
កាលពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២០ ក្រសួងកសិកម្មបានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការជំរុញវារីវប្បកម្មប្រកបដោយប្រសិទ្ធភាព បានធ្វើឱ្យសកម្មភាពផ្នែកវារីវប្បកម្ម មានការផុសផុលជាខ្លាំង និងនាំឱ្យផលវារីវប្បកម្មមានការកើនឡើងប្រមាណ៣០ភាគរយ បើធៀបនឹងឆ្នាំមុនៗ ដែលអាចជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានមួយកម្រិតថែមទៀត។ នេះជាការរៀបរាប់របស់លោក វេង សាខុន នៅក្នុងលិខិតសំណើរខាងលើ ដោយបន្ថែមថា ទន្ទឹងនឹងនោះ ផលស្តុកក្នុងស្រុករបស់វារីវប្បករក៏មានការជន់ជោរ ជួបបញ្ហាទីផ្សារដែលពិបាកក្នុងការប្រកួតប្រជែងជាមួយត្រីដែលនាំចូល។ 
 
បើតាមលោក វេង សាខុន ការពិបាកប្រកួតប្រជែងជាមួយត្រីដែលនាំចូលពីបរទេសនេះ គឺដោយសារតែថ្លៃដើមនៃការចិញ្ចឹមត្រីរបស់វារីវប្បករនៅក្នុងស្រុកមានតម្លៃខ្ពស់ ពិសេសថ្លៃផលិតចំណីត្រី បានធ្វើឱ្យវារីវប្បករជួបការលំបាកក្នុងការបង្កើនការវិនិយោគលើផ្នែកវារីវប្បកម្ម។ 
 
រដ្ឋមន្ត្រីកសិកម្មរូបនេះបានលើកឡើងដូច្នេះ៖«ដើម្បីជួយដោះស្រោយនូវបញ្ហាដែលបាននិងកំពុងកើតមានចំពោះវារីវប្បករនៅក្នុងស្រុកនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមគោរពស្នើសុំសម្តេចតេជោ ដើម្បីបានអនុវត្តតាមទស្សនាទាននៃគោលនយោបាយឈ្នះ-ឈ្នះ រវាងវារីវប្បករនិងអាជីវករ ដោយគោរពស្នើសុំដាក់លក្ខខណ្ឌដល់អាជីវករដែលមានបំណងនាំចូលផល ផលិតផលជលផល ត្រូវចូលរួមប្រមូលទិញផលវារីវប្បកម្មដែលកំពុងផលិតបាន និងជន់ជោរនៅលើទីផ្សារក្នុងស្រុកពីវារីវប្បករចំនួន៥០ភាគរយ និងអនុញ្ញាតឱ្យនាំចូលចំនួន៥០ភាគរយ»។ 


លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម។ រូបថត៖ គណនីហ្វេសប៊ុក៖ Sakhon Veng 
 
គោលការណ៍ឱ្យឈ្មួញនាំចូលត្រី៥០ភាគរយ និងប្រមូលទិញត្រីពីវារីវប្បករក្នុងស្រុក៥០ភាគរយ ដែលលោកវេង សាខុន ស្នើសុំ សម្តេច ហ៊ុន សែន ដើម្បីអនុវត្តនេះ លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសមាគមវារីវប្បករកម្ពុជា បានលើកឡើងថា  បើក្រសួងកសិកម្ម ឬភាគីពាក់ព័ន្ធ អនុវត្តគោលការណ៍នេះឱ្យមានប្រសិទ្ធិភាព នោះ នឹងជួយដោះស្រោយបញ្ហាកកស្ទុះត្រីនៅក្នុងស្រះបញ្ហឬទីផ្សាររបស់វារីវប្បករបាន៥០ភាគរយ ផងដែរ។
 
លោក បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នារសៀលថ្ងៃទី២០មីនានេះ ដូច្នេះ៖«បើសិនសេចក្តីសម្រេចចិត្តរបស់សម្តេច ហ៊ុន សែន [លើគោលការណ៍ឱ្យឈ្មួញនាំចូលត្រី៥០ភាគរយ និងប្រមូលទិញត្រីពីវារីវប្បករក្នុងស្រុក៥០ភាគរយ]នេះ ក្រសួងយើងយកទៅអនុវត្តឱ្យមាន១០០ភាគរយ គឺយើងទទួលយក ដោយអាចរំលស់បញ្ហាចាល់ត្រីរបស់បងប្អូនវារីវាប្បករបាន៥០ភាគរយ»។
 
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមន៍វារីវប្បករកម្ពុជា កាលពីថ្ងៃទី៥មីនា ឆ្នាំ២០២១  ត្រីប្រា ឆ្តោ ពោ និងត្រីអណ្តែង ដែលល្មមចាប់លក់ ដែលមាននៅក្នុងស្រះចំនួន មានជាង៩ពាន់តោន៕ 
 

Tag:
 ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com