អន្តរជាតិ
មន្រ្តីទូតកូរ៉េខាងជើង ចាកចេញពីស្ថានទូត បន្ទាប់ពីការដាក់ឱសានវាទរបស់ម៉ាឡេស៊ី
21, Mar 2021 , 3:05 pm        
រូបភាព
លោក Kim Yu Song ទីប្រឹក្សាប្រចាំនៅស្ថានទូតកូរ៉េខាងជើង ក្នុងទីក្រុងគូឡាឡាំពួ។ រូបភាព៖ AP
លោក Kim Yu Song ទីប្រឹក្សាប្រចាំនៅស្ថានទូតកូរ៉េខាងជើង ក្នុងទីក្រុងគូឡាឡាំពួ។ រូបភាព៖ AP
មន្រ្តីទូតកូរ៉េខាងជើង បានចាកចេញពីស្ថានទូតខ្លួន ប្រចាំនៅទីក្រុងគូឡាឡាំពួហើយ បន្ទាប់ពីដល់ថ្ងៃឱសានវាទ ដែលម៉ាឡេស៊ី កំណត់ឱ្យចាកចេញក្នុងរយៈពេល ៤៨ម៉ោង។ ការផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ធ្វើឡើងបន្ទាប់ពីម៉ាឡេស៊ីបញ្ជូនជនជាតិកូរ៉េខាងជើងម្នាក់ឱ្យអាមេរិក។


 
 
 
បន្ទាប់ពីការដាក់ឱសានវាទរបស់ម៉ាឡេស៊ី ឱ្យចាកចេញពីទឹកដីខ្លួនរយៈពេល៤៨ម៉ោង នៅថ្ងៃទី១៩ កន្លងទៅ មន្រ្តីទូតកូរ៉េខាងជើង បានចាកចេញពីស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងគូឡាឡាំពួហើយ នៅថ្ងៃទី២១ ខែមីនា។ មុននឹងចាកចេញ ភារធារី និងជាទីប្រឹក្សាកូរ៉េខាងជើងប្រចាំនៅទីក្រុងគូឡាឡាំពួ លោកKim Yu Song បានចាត់ទុកទង្វើរបស់ម៉ាឡេស៊ី ដែលបញ្ជូនជនជាតិខ្លួនម្នាក់ឱ្យអាមេរិក គឺជាទង្វើមិនអាចអត់ឱនបាន។ ការលើកឡើងរបស់ភារធារីរូបនេះ ក៏ដូចគ្នានឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង កន្លងមកដែរ។
 
«អាជ្ញាធរម៉ាឡេស៊ី បានចាប់បញ្ជូនប្រជាជនយើងទៅអាមេរិក។ ដូច្នេះ វាគឺជាការបំផ្លាញមូលដ្ឋាននៃទំនាក់ទំនងប្រទេសទាំងពីរដោយផ្អែកលើការគោរពអធិបតេយ្យ»។ លោកKim Yu Song បានបន្ថែមបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅក្រៅស្ថានទូត មុននឹងធ្វើដំណើរទៅអាកាសយានដ្ឋាន។ បើតាមកូរ៉េខាងជើង ការចោទប្រកាន់ថាជនជាតិខ្លួនបានលាងលុយកខ្វក់ គ្រាន់តែជាការប្រឌិតពីសំណាក់អាមេរិកប៉ុណ្ណោះ។ 
 
ក្នុងថ្ងៃដដែលនេះ ទង់ជាតិកូរ៉េខាងជើង ត្រូវបានហូតចុះចេញពីស្ថានទូត ចំណែកស្លាកឈ្មោះស្ថានទូតកូរ៉េខាងជើង ក៏ត្រូវបានដោះចេញផងដែរ។ រថយន្តក្រុងចំនួនពីរ បានរងចាំមន្រ្តីទូត និងក្រុមគ្រួសារ ដើម្បីដឹកទៅអាកាសយានដ្ឋាន។ 
 
យ៉ាងណាមិញ អ្នកជំនាញមួយចំនួនមើលឃើញការផ្តាច់ទំនាក់ទំនងការទូតរបស់ទីក្រុងព្យុងយ៉ាងនេះ គឺជាការបង្ហាញកំហឹងរបស់ខ្លួនប្រាប់រដ្ឋបាលអាមេរិក លោក ចូ បៃឌិន។ កន្លងមកកូរ៉េខាងជើង បានលើកឡើងថា ខ្លួន នឹងមិនចូលតុចរចាវិញឡើយ ប្រសិនបើអាមេរិកមិនបោះបង់ចោលគោលនយោបាយបែបបង្ករឿងចោល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។ 
 
សូមបញ្ជាក់ថា ម៉ាឡេស៊ី និងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧៣មក។ ទំនាក់ទំនងទ្វេភាគី មានលក្ខណៈល្អូកល្អឺនណាស់ រហូតដល់ឆ្នាំ២០១៧ ដែលជាឆ្នាំមានការធ្វើឃាត លោក Kim Jong Nam ដែលត្រូវជាបងប្រុសគីម ជុងអ៊ុន នៅម៉ាឡេស៊ី។ បន្ទាប់ពីហេតុករណ៍នោះ ប្រទេសទាំងពីរ បានបណ្តេញអគ្គរដ្ឋទូតចេញពីប្រទេស ទៅវិញទៅមកថែមទៀត៕
 

Tag:
 ម៉ាឡេស៊ី
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com