អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ប្រចាំសប្តាហ៍
21, Mar 2021 , 10:29 pm        
រូបភាព
ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង។ ក្នុងសប្តាហ៍នេះ ចិន និងអាមេរិក បានក្លាយជាប្រធានបទដ៏សំខាន់ ដោយក្នុងនោះរួមមានទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាមេរិកមកតំបន់អាស៊ីខាងកើត និងកិច្ចប្រជុំមេដឹកនាំចិន និងអាមេរិក នៅរដ្ឋអាឡាស្កាជាដើម។ ក្រៅពីបញ្ហាចិន និងអាមេរិក ប្រធានបទកូរ៉េខាងជើង និងម៉ាឡេស៊ី ក៏សំខាន់ផងដែរ។

 
សារព័ត៌មានថ្មីៗ បានសង្ខេបព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងក្នុងសប្តាហ៍នេះដូចខាងក្រោម៖ 
ថ្ងៃទី១៥ ខែមីនា
 
លោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានចេញមុខរិះគន់សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ ប្រាប់ឱ្យរដ្ឋបាលអាមេរិកថ្មីចៀសវាងសកម្មភាពបង្ករឿង បើចង់បានសន្តិភាព។ 
 
ក្រសួងការបរទេសចិន បានប្រកាសថា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិននឹងទទួលបានការបន្ធូរបន្ថយក្នុងការទទួលបានទិដ្ឋាការពេលចូលទឹកដីរបស់ខ្លួនតាមហុងកុង។ 
 
ថ្ងៃទី១៦ ខែមីនា
 
អាមេរិក និងជប៉ុនបានចេញមុខរួមគ្នាមកព្រមានចិនលើអ្វីដែលប្រទេសទាំងពីរចាត់ទុកជាឥរិយាបថគំរាម និងបង្កអស្ថិរភាពក្នុងតំបន់។ ការព្រមានរួមគ្នាដោយជប៉ុន និងអាមេរិកធ្វើឡើងនៅក្នុងជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេស និងការពារជាតិអាមេរិក-ជប៉ុន នៅទីក្រុងតូក្យូ។ 
 
អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី ដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ស្របពេលលទ្ធិប្រជាធិបតេយ្យជាសកលកំពុងមានបញ្ហា។ 
 
ថ្ងៃទី១៧ ខែមីនា 
 
រដ្ឋមន្រ្តីការពារជាតិអាមេរិក Lloyd Austin ចាត់ទុកសម្ពន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូងជារឿសំខាន់ ស្របពេលនៃការកើនឡើងបញ្ហាប្រឈមសន្តិសុខបណ្តាលមកពីចិន និងកូរ៉េខាងជើង។ 
 
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា បានអំពាវនាវឱ្យអ្នកទទួលបទបញ្ជាពីក្រុមយោធា ឱ្យផ្តល់ព័ស្តុតាងទាំងនោះមកឱ្យខ្លួន ដើម្បីអាចប្រើប្រាស់សម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា។
 
ថ្ងៃទី១៨ ខែមីនា
 
មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន ពន្លះគ្នានាជំនួបជាន់ខ្ពស់លើកដំបូងនៅរដ្ឋ Alaska ទៅវិញទៅមក ដោយមន្ត្រីអាមេរិកចោទថា សកម្មភាពចិនបង្កឱ្យមានអស្ថិរភាពនៅជុំវិញពិភពលោក ខណៈពេលចិនវាយបកវិញថា អាមេរិកប្រើអនុត្តរភាព និងអំណាចហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជិះជាន់ប្រទេសដទៃ។ 
 
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានស្នើរៀបចំជំនួបមួយជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ ការស្នើរបស់ប្រមុខរដ្ឋរុស្ស៊ីនេះធ្វើឡើងបន្ទាប់ពីសមភាគីអាមេរិករបស់លោកនិយាយថា រុស្ស៊ីជាអ្នកជ្រៀតជ្រែកចូលការបោះឆ្នោតអាមេរិកក្នុងឆ្នាំ២០២០ និងចោទលោកថា ជាអ្នកសម្លាប់អ្នកនយោបាយប្រឆាំងរុស្ស៊ី។
 
ថ្ងៃទី១៩ ខែមីនា
 
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានអំពាវនាវឱ្យអាស៊ានបើកកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីជជែកពីបញ្ហានៅមីយ៉ាន់ម៉ា។ ប៉ុន្មានម៉ោងបន្ទាប់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានប្រកាសគាំទ្រសំណើរបស់ឥណ្ឌូណេស៊ី។ 
 
កូរ៉េខាងជើង បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ីទាំងអស់ បន្ទាប់ពីអាជ្ញាធរប្រទេសមួយនេះ បញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ទៅអាមេរិក ដោយប្រឈមនឹងបទចោទលាងលុយកខ្វក់។ ជាការឆ្លើយតប ម៉ាឡេស៊ី បានប្រកាសបិទស្ថានទូតខ្លួននៅក្រុងព្យុងយ៉ាង និងបញ្ជាឱ្យបុគ្គលិកទូតកូរ៉េខាងជើង និងអ្នកពាក់ព័ន្ធបុគ្គលិកទូតកូរ៉េខាងជើងផ្សេងទៀត ត្រូវចាកចេញពីប្រទេសមួយនេះ រយៈពេល ៤៨ម៉ោង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com