ជាតិ
តើត្រូវត្រៀមខ្លួនដូចម្ដេចនៅពេលដើរកម្សាន្តផ្សងព្រេងនារដូវក្តៅ?
21, Mar 2021 , 3:43 pm        
រូបភាព
ភ្នំពេញ៖ ដំណើរផ្សងព្រេង ឡើងភ្នំ បោះតង់ ជាទីពេញនិយមរបស់អ្នកទេសចរ នាពេលបច្ចុប្បន្ន។ ក្នុងនោះ អាកាសធាតុ ជារឿងចាំបាច់សម្រាប់អ្នកទេសចរ ទៅឡើងភ្នំ បោះតង់ ដើម្បីអាចត្រៀមខ្លួន និងសម្ភារឲ្យស្របតាមបរិយាកាស ក៏ដូចជាគ្មានបញ្ហាក្នុងពេលធ្វើដំណើរ។

 

លោក ជួន ភិរម្យ ជាអ្នកទេសចរផ្សងព្រេងឡើងភ្នំ រយៈពេលជាង២០ឆ្នាំហើយ។ ក្រៅពីការផ្សងព្រេងក្នុងស្រុក លោក ភិរម្យ ក៏ធ្លាប់បានសាកល្បងទៅកម្សាន្ត នៅក្រៅប្រទេសផងដែរ។ ដោយសារតែមានបទពិសោធន៍ច្រើន ទាក់ទងនឹងដំណើរផ្សងព្រេង លោក ជួន ភិរម្យ ណែនាំឲ្យអ្នកចង់ផ្សងព្រេង ត្រូវចេះត្រៀមខ្លួន និងសម្ភារ មុនពេលធ្វើដំណើរ ទៅតំបន់ណាមួយ។
 
ក្នុងរដូវក្តៅ ពិសេសខែមីនា និងខែមេសា អ្នកទេសចរដែលមានបំណង ធ្វើដំណើរផ្សងព្រេង ឡើងភ្នំ គួរតែត្រៀមសម្ភារស្រាលៗដូចជា អាវរងាមិនក្រាស់ពេក ថ្នាំពេទ្យ  Sleeping Bag ស្បែកជើងស្រាលល្មម និងសម្ភារសម្រាប់ចម្អិនអាហារផងដែរ។ នេះបើតាម ការលើកឡើងរបស់លោក ជួន ភិរម្យ ដោយបានបន្ថែមថា ទឹកគឺជារឿងសំខាន់បំផុត ក្នុងរដូវក្តៅ ព្រោះនៅពេលធ្វើដំណើរ អ្នកទេសចរអាចអស់កម្លាំងជាងរដូវត្រជាក់ ហើយនៅក្នុងព្រៃ ក៏មិនសូវមានទឹក សម្រាប់ពួកគេប្រើប្រាស់ ដូច្នេះត្រូវសម្រាលសម្ភារ ហើយស្ពាយទឹក ដែលចាំបាច់បំផុត។


 
លោក ជួន ភិរម្យ រៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទដូច្នេះថា៖«ការដើរឡើងភ្នំ រដូវក្ដៅដូចជាមិនងាយស្រួលប៉ុន្មានទេ អាចយ៉ាប់ជាងរដូវត្រជាក់។ រដូវក្ដៅ ពេលយើងដើរតាមផ្លូវហ្នឹង កន្លែងខ្លះក្តៅមែនទែន។ ហើយមួយទៀតអត់ទឹកប្រើ អូរមួយចំនួន គឺដាច់ អ៊ីចឹងគឺយ៉ាប់»។ 
 
ក្រៅពីកង្វះទឹកប្រើប្រាស់ ក្នុងដំណើរផ្សងព្រេងរដូវក្តៅ អ្នកទេសចរ ក៏អាចជួបនឹងសត្វព្រៃ ដោយចៃដន្យដែរ ពិសេសនៅពេលទៅដល់តំបន់ខ្ពស់ លើភ្នំជាដើម ព្រោះជាពេលដែលសត្វព្រៃចេញ។ នេះបើតាមការរៀបរាប់របស់លោក ជួន ភិរម្យ ។
 
សម្រាប់អ្នកទេសចរផ្សងព្រេងនៅរដូវក្ដៅនេះ លោក ជួន ភិរម្យ បានណែនាំឲ្យទៅកម្សាន្តនៅតំបន់ភាគខាងលិច ពិសេសខេត្តពោធិ៍សាត់ ដូចជាភ្នំសំកុះ ភ្នំខ្នងព្រះជាដើម ព្រោះនៅតំបន់នោះអាកាសធាតុត្រជាក់ មិនក្តៅខ្លាំង៕




 
 

Tag:
 ទេសចរណ៍
 ផ្សងព្រេង
 ជួន ភារម្យ
© រក្សាសិទ្ធិដោយ thmeythmey.com