ភ្នំពេញ៖ ជាបុរាណវិទូ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បាននាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅដាក់បញ្ចូលក្នុងរឿង RAYA AND THE LAST DRAGON របស់ក្រុមហ៊ុនផលិតភាពយន្តគំនូរជីវចល Walt Disney ដ៏ល្បី ក្នុងនាមជាទីប្រឹក្សា។ មានជំនាញពាក់ព័ន្ធនឹងបុរាណវិទ្យា ប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ ដោយទទួលបានសញ្ញាបត្របណ្ឌិត ពីប្រទេសបារាំង លោក ចិន្ត ច័ន្ទរតនា ថាដោយសារតែលោកមានជំនាញខាងវប្បធម៌ ទើបបានជាក្រុមហ៊ុន Walt Disney ជ្រើសរើសយកលោកធ្វើជាទីប្រឹក្សាសម្រាប់ក្រុមហ៊ុន។
ធ្លាប់មានបទពិសោធធ្វើការងារ លើប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ និងការងារថតវិដេអូឯកសារ បុរាណវិទូ ចិន្ត ច័ន្ទរតនា ថារឿង RAYA AND THE LAST DRAGON គឺជារឿងដំបូងដែលបានបង្ហាញពី ជីវិតរស់នៅរបស់ប្រជាជន និងអរិយធម៌ចាស់ៗនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ប្រទេស៥ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ ត្រូវបានក្រុមហ៊ុន Walt Disney ជ្រើសរើសចុះទៅសិក្សាស្រាវជ្រាវ ដើម្បីបញ្ចូលក្នុងភាពយន្តគំនូរជីវចលរឿង RAYA AND THE LAST DRAGON នោះ មានប្រទេសកម្ពុជា ថៃ ឡាវ ភូមា និងឥណ្ឌូនេស៊ី។
លោក ចិន្ត ច័ន្ទរតនា បន្ថែមថា ក្នុងដំណើរការចុះស្រាវជ្រាវរបស់ក្រុមហ៊ុន Walt Disney មកប្រទេសកម្ពុជា ក្រុមការងារបានទៅតំបន់អង្គរ ទៅប្រាសាទបាយ័ន ប្រាសាទព្រះខណ្ឌ ប្រាសាទតាព្រហ្ម សិក្សាពីក្បាច់ចម្លាក់ នៅតាមប្រាសាទនានា សិក្សាពីជីវភាពប្រជាជនខ្មែរ ទៅមើលគុនល្បុកតោ និងទៅមើលភូមិបណ្ដែតទឹកនៅកំពុងភ្លុក ខេត្តសៀមរាបផងដែរ។ នៅដើមឆ្នាំ២០១៩ ក្រុមផលិតនឹងក្រុមបច្ចេកទេសរបស់ក្រុមហ៊ុន Walt Disney បានមកសិក្សាស្រាវជា្រវនៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ ភូមា និងឥណ្ឌូនេស៊ី រួមគ្នាតែម្ដង។
«កន្លែងខ្លះយើងអាចមើលទៅដឹងថា ត្រង់នេះជាខ្មែរ ត្រង់នេះជាមីយ៉ាន់ម៉ា ជាថៃ ជាឡាវ ជាឥណ្ឌូណេស៊ី វាបូកបញ្ចូលគ្នា ដោយយើងមិនអាចនិយាយបានថា យកប្រទេសណាមួយឱ្យច្បាស់ទេ ដោយសារគេចង់ផ្ដោតទៅលើអាស៊ីអាគ្នេយ៍ទាំងមូល។ គេសិក្សាច្រើនពីវប្បធម៌នៅតំបន់អាស៊ីអាគេ្នយ៍ ជាពិសេសគេចាប់អារម្មណ៍ប្រទេសខ្មែរ ព្រោះមានប្រាសាទ មានអរិយធម៌ចំណាស់ និងចម្លាក់»។
ធ្វើការជាមួយក្រុមហ៊ុន Walt Disney ក្នុងនាមជាទីប្រឹក្សា តាំងពីចុងឆ្នាំ២០១៨ លោក ចិន្ត ច័ន្ទរតនា ថាលោកបានផ្ដល់យោបល់ទៅក្រុមហ៊ុន Walt Disney លើសម្លៀកបំពាក់ ដើម្បីធ្វើយ៉ាងណាឱ្យមានលក្ខណៈជាខ្មែរកាលពីសម័យមុនខ្លះ។ លោកបន្ថែមថា នៅតាមតំបន់នីមួយៗ នៃប្រទេស គឺមានលក្ខណៈពិសេសរៀងៗខ្លួន ដោយការចម្លងមានលក្ខណៈច្នៃប្រឌិត។
យ៉ាងណាក៏ដោយ ក្រុមផលិតទាំងមូល បានប្រជុំពិភាក្សាគ្នាជាមួយទីប្រឹក្សាផ្នែកបច្ចេកទេសផ្សេងៗជាច្រើន ដើម្បីឱ្យមានការទទួលយកបាន ទៅលើសម្លៀកបំពាក់ គ្រឿងតុបតែង ស្ថាបត្យកម្ម សិល្បៈ ម្ហូបអាហារ ភ្លេង ការរាំ ក៏ដូចជាភាពចម្រុះនិងសម្បូរបែប នៅក្នុងខ្សែភាពយន្ត។
«ខ្ញុំបានពន្យល់គេពីដំណើរដើមទងរបស់អរិយធម៌អង្គរ ចម្លាក់ សិល្បៈ ស្ថាបត្យកម្ម និងអ្វីផ្សេងៗ ដែលពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ ដើម្បីឱ្យគេបញ្ចូលជាគំនិតច្នៃប្រឌិត ក្នុងរឿងរបស់គេ។ នៅសៀមរាបខ្ញុំបានជួបច្រើនជាមួយអ្នកដឹកនាំរឿង អ្នកនិពន្ធ ក្រុមការងារបច្ចេកទេសថត និងក្រុមការងារផ្នែកគំនូរ។ ប្រសិនបើខ្ញុំមិនមានចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ របៀបរបបរស់នៅរបស់ប្រជាជនទាំងនៅកម្ពុជា អាស៊ីអាគ្នេយ៍ ប្រទេសចិន ឥណ្ឌា មជ្ឈិមបូព៌ា អ៊ឺរ៉ុប ឬនៅអាមេរិក ខ្ញុំក៏ពិបាកជជែកជាមួយគេ ក្នុងការងារជាទីប្រឹក្សានេះដែរ»។
លោក ចិន្ត ច័ន្ទរតនា បញ្ជាក់បន្ថែមថា អន្តរជាតិ ក៏ដូចជាពិភពលោកចាប់ផ្ដើមចាប់អារម្មណ៍កម្ពុជា តាមរយៈកេរដំណែលដូនតា នៅពេលដែលតំបន់អង្គរ បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងឆ្នាំ១៩៩២។ ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុកជាដើម រួមទាំងសម្បត្តិបេរិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត ដូចជារបាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែងជាដើម ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ ជាបន្តបន្ទាប់ បានធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា។
ទាំងនេះលោក ច័ន្ទរតនា ថាជាឥទ្ធិពលនៃការដើរទន្ទឹមគ្នា រវាងការផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងការចងក្រង។ បុរាណវិទូរូបនេះ ក៏បានផ្ដល់ដំបូន្មានដល់យុវជនកម្ពុជាដែរថា ដាច់ខាតត្រូវតែខំសិក្សារៀនសូត្រ នឹងចាប់យកជំនាញសិក្សាណាមួយឱ្យច្បាស់។
«ត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ អានឱ្យបានច្រើន សិក្សាឱ្យបានច្រើន ទទួលព័ត៌មានឱ្យបានគ្រប់កន្លែងទាំងអស់ មុននឹងចាប់ផ្ដើមវិភាគ ឬក៏គិតថារឿងនោះត្រូវឬក៏ខុស។ មុនចាប់យកជំនាញអ្វីសិក្សា ត្រូវគិតឱ្យបានច្បាស់ កុំគ្រាន់តែឮគេថា ហើយក៏សម្រេចចិត្តខុស។ ដោយសារប្រទេសកម្ពុជាយើង មានសង្គ្រាមស៊ីវិលអស់រាប់សិបឆ្នាំ ដូច្នេះពីមុនពិភពលោកមិនសូវស្គាល់ខ្មែរ តាមរយៈវប្បធម៌ និងអរិយធម៌ទេ ទើបតែក្រោយពីប្រាសាទ និងសម្បត្តិបេរិកភណ្ឌវប្បធម៌អរូបីខ្មែរ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ទើបគេស្គាល់ខ្មែរយើងច្រើន ក្នុងនាមជាប្រទេសមានវប្បធម៌ខ្ពង់ខ្ពស់»។
ក្រៅពីជាទីប្រឹក្សារបស់ក្រុមហ៊ុន Walt Diseny លោក ចិន្ត ច័ន្ទរតនា ក៏ជាទីប្រឹក្សានៅក្នុងស្ថាប័នមួយចំនួនទៀតនៅសហរដ្ឋអាមេរិក ជាពិសេសនៅសមាគមខ្មែរនៅអាមេរិក។ លោកជាទីប្រឹក្សារបស់ក្រសួងព័ត៌មានកម្ពុជា និងជាទីប្រឹក្សារបស់សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាផងដែរ។ ការងារដែលលោកធ្វើ គឺផ្ដោតលើការស្រាវជ្រាវ ចែករំលែកចំណេះវប្បធម៌ ប្រវត្តិសាស្ត្រ និងការផ្សព្វផ្សាយ។ បច្ចុប្បន្នលោក ច័ន្ទរតនា កំពុងធ្វើការនិងបន្តការសិក្សានៅសហរដ្ឋអាមេរិក៕