អន្តរជាតិ
ស្ត្រីម្នាក់នៅវៀតណាមបង្រៀនពីរបៀបបង្ហោះរូបនៅបណ្តាញសង្គម តម្លៃ១៣០ដុល្លារក្នុង១ថ្ងៃកន្លះ
21, Mar 2021 , 9:29 pm        
រូបភាព
ដោយ: ធីតា
ការបង្ហោះរូបថត វីដេអូ ឬព័ត៌មាននៅលើបណ្តាញសង្គម ត្រូវមានសិល្បៈច្បាស់លាស់។ នៅក្រុងហាណូយ ប្រទេសវៀតណាម កញ្ញា Pham Kieu Ly ដែលជាស្ត្រីល្បីឈ្មោះម្នាក់នៅលើបណ្តាញសង្គមជាពិសេស Instagram និង TikTok បានសម្រេចបើកវគ្គបណ្តុះបណ្តាញពីរបៀបបង្ហោះឲ្យត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលមួយរយៈពេល១ថ្ងៃកន្លះ ដោយមានតម្លៃ១៣០ដុល្លារ។

 
សម្រាប់វគ្គបណ្តុះបណ្តាលដែលដំណើរការពីខែកញ្ញា មក កញ្ញា Pham Kieu Ly ទទួលសិក្ខាកាមភាគច្រើនបំផុតជាស្ត្រី ដោយពួកគេចង់ដឹងពីរបៀបថត របៀបសម្តែង ញញឹម ការជ្រើសរើសទីតាំង ការដាក់ដៃ និងសកម្មភាពសិល្បៈផ្សេងៗ ក្នុងការទាក់ទាញអ្នកទស្សនា (Followers, Viewers) ឲ្យបានច្រើន។
 
នៅវៀតណាម ពលរដ្ឋប្រមាណ៧០ភាគរយមានអាយុក្រោម៣៥ឆ្នាំ ហើយដូច្នេះហើយបានជា Pham Kieu Ly មានឃើញពីឱកាសរបស់ខ្លួនក្នុងការបើកវគ្គបណ្តុះបណ្តាលជំនាញប្រើប្រាស់បណ្តាញសង្គម ជាពិសេសសម្រាប់ស្ត្រី។ រៀនមួយថ្ងៃកន្លះ តម្លៃ១៣០ដុល្លារអាមេរិក ហើយអ្នកគ្រូរូបនេះ ទទួលបានសិស្សស្រីប្រមាណ៥០០នាក់ហើយ។
 
Kieu Ly បានថ្លែងប្រាប់ AFP ថា សិស្សស្រីៗនៅក្នុងវគ្គបណ្តុះបណ្តាលខ្លួនសុទ្ធតែចង់ចេះចង់ដឹងពីវិធីបង្ហោះ និងថតរូប សម្រាប់ការងារពួកគេ ហើយភាគច្រើនចង់កសាងទំនុកចិត្តរបស់ខ្លួនច្បាស់លាស់មុននឹងបង្ហោះអ្វីមួយនៅលើបណ្តាញសង្គម។ សិស្សមួយចំនួនចង់បង្ហោះពីរឿងផ្ទាល់ខ្លួន រីឯខ្លះទៀតជាអ្នករកស៊ីលក់ផលិតផលអនឡាញ និងខ្លះជាភ្នាក់ងារអចលនទ្រព្យ។
 
អ្នកដែលចូលរួមវគ្គបណ្តុះបណ្តាលសុទ្ធតែបានអះអាងពីការទទួលបានចំណេះដឹងច្បាស់លាស់ពីជំនាញថតរូប ការប្រើប្រាស់រូបត្រឹមត្រូវសម្រាប់ការលក់ផលិតផលនៅលើហ្វេសប៊ុកដែលមានអ្នកប្រើប្រាស់ជាង៥៣លាននាក់នៅវៀតណាម និងនៅតាមបណ្តាញសង្គមផ្សេងៗទៀត ដូចជា Instagram និង TikTok  ជាដើម៕
 

Tag:
 បណ្តាញសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com