ជាតិ
កញ្ញា ព្រុំ ស៊ីណា នៅស្រុកថ្មគោល បានចំណូលពីដំណាំ Mulberry ៥០០ដើម
21, Mar 2021 , 11:29 pm        
រូបភាព
 រូបភាពទាំងអស់ផ្ដល់ដោយកញ្ញា ព្រុំ ស៊ីណា
រូបភាពទាំងអស់ផ្ដល់ដោយកញ្ញា ព្រុំ ស៊ីណា
ដោយ:
កញ្ញា ព្រុំ ស៊ីណា កំពុងដាំដុះ និងប្រមូលផលផ្លែឈើម្យ៉ាងឈ្មោះ Mulberry ចំនួន ៥០០ដើម ក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ បច្ចុប្បន្ន យុវតីរូបនេះ ទទួលបានចំណូលពីការលក់ផ្លែផង និងលក់ពូជ Mulberry ទៅដល់អតិថិជនរបស់ខ្លួន ដែលមានស្ទើរគ្រប់រាជធានី-ខេត្ត ។ មានវ័យ២៨ឆ្នាំ កញ្ញា ព្រុំ ស៊ីណា គ្រោងពង្រីកការដាំដុះរបស់ខ្លួន ដើម្បីផលិតស្រាក្រហមលក់លើទីផ្សារ ដ្បិតបច្ចុប្បន្ន នាងបានសាកល្បងផលិតស្រាក្រហមពីផ្លែ Mulberry នេះលក់ក្នុងទ្រង់ទ្រាយតូចរួចហើយ ហើយក៏ទទួលបានការគាំទ្រច្រើនដែរ។

 
Mulberry ជាផ្លែឈើម្យ៉ាង ស្រដៀងផ្លែព្រីង តែមានផ្លែជាចង្កោមដូចផ្លែម្រេច។ ចំណែកដើមរបស់វាក៏មានស្រដៀងនឹងដើមព្រីងដែរ គ្រាន់តែទាបជាងអាចឈោងដៃបេះបាន។ រីឯផ្លែរបស់វា គេអាចយកទៅធ្វើជាតំណាប់ ទឹកផ្លែឈើ និងធ្វើជាស្រាក្រហម និងហូបបាននៅពេលផ្លែទុំ។


 ដើម Mulberry

អ្នកស្រុកថ្មគោល ខេត្តបាត់ដំបង កញ្ញា ព្រុំ ស៊ីណា បាននិយាយថា កញ្ញាចាប់ផ្ដើមដាំ Mulberry រយៈពេល ៣ឆ្នាំហើយ ទាំងពូជ និងបច្ចេកទេសដាំដុះ សុទ្ធតែបានមកពីប្រទេសថៃ។ សម្រាប់កម្ពុជា ដំណាំនេះវាអាចថ្មីនៅឡើយ ហើយក៏មិនសូវមានអ្នកស្គាល់ច្រើនដែរ។ «កាលដាំដំបូង អត់សូវមានអ្នកចាប់អារម្មណ៍ទេ។ តែឆ្នាំនេះគេចាប់អារម្មណ៍ច្រើន ទាំងផ្លែ ទាំងពូជ លក់សឹងមិនទាន់»។ នេះបើតាមការលើកឡើងរបស់យុវតី ស៊ីណា។
 
បច្ចុប្បន្ន ស៊ីណា បានដាំ Mulberry ចំនួន ៥០០ដើម ស្ថិតនៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងមួយឆ្នាំ ស៊ីណា អាចទទួលចំណូលប្រមាណ ១២លានរៀល ពីការលក់ផ្លែ Mulberry ដោយតម្លៃ ៣៥ ០០០រៀល ក្នុងមួយគីឡូក្រាម (តម្លៃបោះដុំ)។ បើសិនលក់លើទីផ្សារ មានតម្លៃ ១២ដុល្លារ។


 ផ្លែ Mulberry ត្រៀមលក់លើទីផ្សារ

អ្នកបាត់ដំបងរូបនេះ បានប្រាប់ThmeyThmey25 ថា Mulberry ជាដំណាំស្រួលដាំ ហើយក៏មិនរើសប្រភេទដី តែត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់។ គេអាចដាំដោយការផ្សាំមែក និងដាំកូន តែការដាំដោយមែកងាយស្រួល និងឆាប់ទទួលផល ពោលគឺរយៈពេល ៦ខែប៉ុណ្ណោះ ក្រោយដាំ។ តាមកញ្ញា ស៊ីនា ផ្លែឈើមួយប្រភេទនេះ អាចផ្ដល់ផល ៣ដង ក្នុងមួយឆ្នាំ។ 


 ផ្លែ Mulberry ពេលទុំ

បច្ចុប្បន្នយុវតី ព្រុំ ស៊ីណា ក៏កំពុងមមាញឹកក្នុងការលក់ពូជ Mulberry ដល់អ្នកយកទៅដាំបន្ត ដោយមានការបញ្ជាទិញស្ទើរទូទាំងប្រទេស។ ក្រៅពីការលក់ផ្លែ Mulberry ស៊ីណា បានរៀនរបៀបធ្វើទឹកផ្លែឈើ និងស្រាហម ពីប្រទេសថៃ ដើម្បីលក់ក្នុងតំបន់ជាលក្ខណៈគ្រួសារ។ 
 
ដោយមានការសរសើរ លើកទឹកចិត្ត និងគាំទ្រច្រើនអ្នកជុំវិញ អមពីរសជាតិទឹកផ្លែឈើ និងស្រាក្រហម ផងនោះ កញ្ញា ព្រុំ ស៊ីណា មានគម្រោងបន្ថែមការដាំដុះ ដើម្បីបង្កើនការផលិតស្រាក្រហម និងទឹកផ្លែឈើ Mulberry ដោយមានវេចខ្ចប់ និងបង្កើតស្លាកយីហោ ឲ្យបានត្រឹមត្រូវដើម្បីលក់លើទីផ្សារ។ 


 មែក Mulberry ដែលផ្សាំដើម្បីយកទៅដាំ

ដ្បិតបច្ចុប្បន្ន ស៊ីណា អាចផលិតស្រាក្រហម និងលក់ក្នុងតម្លៃ ១០ដុល្លារ ក្នុងមួយលីត្រ តែការរចនាដបមិនទាន់អាចវាយលុក នៅលើទីផ្សារនៅទេ។ «ខ្ញុំមានគម្រោងផលិតស្រាក្រហម ដើម្បីវាយលុកទីផ្សារ។ តែពេលនេះមិនទាន់អាចធ្វើបាន ព្រោះរង់ចាំការបញ្ជាទិញដបពីថៃ និងមិនទាន់បង្កើតស្លាកយីហោ»។ នេះជាការបញ្ជាក់របស់កញ្ញា ព្រុំ ស៊ីណា៕ 
 
 
 

Tag:
 SME
 Mulberry
 ព្រុំ ស៊ីណា
 
© រក្សាសិទ្ធិដោយ thmeythmey.com