ជាតិ
ក្រុមអាជីវកម្មកែច្នៃឫស្សីខ្នាតតូច«ស្រែព្រះ»កើនចំណូលជិត៤ដងក្នុងរយៈពេល២ឆ្នាំ រូបភាព៖ WCS
× ក្រុមអាជីវកម្មកែច្នៃឫស្សីខ្នាតតូច «ស្រែព្រះ» កើនចំណូលជិត៤ដងពី ២១២ដុល្លារក្នុងឆ្នាំ២០១៩ ដល់៨០៦ដុល្លារ ក្នុងឆ្នាំ២០២០។ ក្រុមអាជីវកម្មនេះ រកចំណូលបានពីការលក់វត្ថុអនុស្សាវរីយ៍ និងលក់សម្ភារប្រើប្រាស់ធ្វើពីឫស្សី ដោយមានសមាជិក ២៧នាក់ ក្នុងនោះមានស្រ្តីចំនួន ១៥ ដែលមកពីភូមិចំនួនបីគឺ ពូចា ពូគង់ និងអូរច្រា ខេត្តមណ្ឌលគិរី។
ក្រុមជីវកម្មកែច្នៃឫស្សីខ្នាតតូច«ស្រែព្រះ» ជាសហគ្រាសសហគមន៍មួយ ដែលបានបង្កើតឡើងខែកញ្ញា ឆ្នាំ២០១៨ ដោយទទួលការគាំទ្រថវិកាពីទីភ្នាក់ងារជំនួយអាមេរិច USAID។ ក្រុមនេះ បានផលិតសម្ភារជាច្រើនរួមមាន កំសៀវទឹក កែវទឹកធំមានដៃ ពែងទឹក ប្រដាប់ដាក់ទៀនក្រអូប ប្រអប់ដាក់ក្រដាសជូតដៃ ពម្ពក់ព្យួរខោអាវ ឧបករណ៍បំពងសម្លេងទូរសព្ទដៃ ប្រដាប់ដាក់ប៊ិច បំពង់ដាក់គ្រឿងធ្វើម្ហូបក្នុងផ្ទះបាយ ថូផ្កា និងសម្ភារជាច្រើនទៀត។
រូបភាព៖ WCS
ចំពោះកំណើនឡើងនៃការលក់ដោយសារ ក្រុមនេះបានផលិតនិងកែច្នៃបន្ថែមឲ្យមានផលិតផលជាច្រើនប្រភេទ រួមទាំងបានកែលម្អគុណភាពនៃផលិតផលឫស្សីរបស់ពួកគេ។ ពិសេសជាងនេះ ការផ្លាស់ប្តូរឥរិយាបថពីការឈប់ប្រើប្រាស់សម្ភារប្លាស្ទិច មកប្រើប្រាស់សម្ភារពីឫស្សីវិញ ក៏ជាកត្តាមួយដែរ។
រូបភាព៖ WCS
សមាជិកក្រុម អាចប្រើប្រាស់ប្រាក់ចំណូលពីការលក់ផលិតផលនេះ សម្រាប់ទ្រទ្រង់ការចំណាយក្នុងគ្រួសារ និងរក្សាទុកមួយផ្នែកសម្រាប់ចំណាយលើការងារអភិរក្សព្រៃឈើក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ បន្ថែមលើនេះ សមាជិកក្រុមសង្ឃឹមថា នឹងបន្តកំណើននៃការលក់ផលិតផលឫស្សីកែច្នៃ និងពង្រីកផ្ទៃដីឫស្សីដែលបានកាប់បំផ្លាញឡើងវិញទូទាំងសហគមន៍ការពារធម្មជាតិ។ ក្រុមនេះក៏សិក្សាបន្ថែមលើតម្លៃតម្រូវការទីផ្សារ និងលទ្ធភាពក្នុងការផលិតប្រភេទសម្ភារឫស្សីផ្សេងៗទៀត។
រូបភាព៖ WCS
បច្ចុប្បន្ន ក្រុមអាជីវកម្មកែច្នៃឫស្សីនេះកំពុងគ្រប់គ្រងព្រៃឫស្សីទំហំ ៦៩ហិកតា ស្ថិតនៅក្នុងសហគមន៍ការពារធម្មជាតិស្រែព្រះ ដែលមានពូជ ៤ប្រភេទដូចជា ឫស្សីថ្ងរ ឫស្សីព្រៃ ឫស្សីខ្លី និងឫស្សីរលាក។ សមាជិកក្រុមនេះ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសប្រមូលផល និងជំនាញកែច្នៃឫស្សី ពីទីភ្នាក់ងារជំនួយអាមេរិក USAID។ លើសពីនេះ ក៏ទទួលបណ្តុះបណ្តាលការរៀបចំធ្វើផែនការអាជីវកម្ម គ្រប់គ្រងសារពើភ័ណ្ឌឫស្សី ការបែងចែកផលប្រយោជន៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ៕
Tag:
ក្រុមអាជីវកម្មច្នៃឫស្សីខ្នាតតូច«ស្រែព្រះ»
អង្គការ WCS
USAID
© រក្សាសិទ្ធិដោយ thmeythmey.com