ភ្នំពេញ៖ កីឡាករសញ្ជាតិអៀរឡង់ Paddy Barrett បានចែកផ្លូវគ្នាជាមួយក្លិបព្រះខ័នរាជស្វាយរៀង ជាង១ខែមកហើយ ទាំងមិនទាន់បានបង្ហាញទម្រង់លេង។ ប៉ុន្តែការចែកផ្លូវគ្នានេះ អាចបណ្ដាលមកពី«បញ្ហាអារម្មណ៍ផ្ទាល់ខ្លួន» ទើបធ្វើឱ្យកីឡាកររូបនេះ សម្រេចចាកចេញពីកម្ពុជា។
ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការមួយ កាលពីចុងខែកុម្ភៈថា« កីឡាករខ្សែការពារ Paddy Barrett បានចាកចេញពីក្លិបហើយត្រលប់ទៅអៀកឡង់វិញ ដោយសារហេតុផលផ្ទាល់ខ្លួន» ។ ហេតុផលផ្ទាល់ខ្លួននេះ គឺមកពីបញ្ហាអារម្មណ៍របស់កីឡាកររូបនេះ ដែលមិនទាន់ទម្លាប់រស់នៅទឹកដីកម្ពុជា។
Paddy Barrett បានប្រាប់សារព័ត៌មានអៀរឡង់ កាលពីសប្ដាហ៍មុនថា «ប្រទេសកម្ពុជា គឺជាអ្វីដែលខ្ញុំពិតជាពេញចិត្ត ប៉ុន្តែខ្ញុំមិនស្រលាញ់ទេ។ គ្រប់យ៉ាងនៅទីនេះ មិនមែនសម្រាប់ខ្ញុំនោះទេ» ។
មិនតែប៉ុណ្ណោះ បញ្ហាភាសា និងរូបភាពក្រីក្រនៅកម្ពុជា ក៏ជាផ្នែកមួយ នៅក្នុងអារម្មណ៍កីឡាកររូបនេះ ផងដែរ។
«ខ្ញុំបានមើលឃើញភាពក្រីក្រជាច្រើន។ វាពិតជាសោកសៅខ្លាំងណាស់ ដែលឃើញក្មេងអាយុ៣ និង៤ឆ្នាំ ដើរដោយគ្មានសម្លៀកបំពាក់ និងស្បែកជើង។ អ្នកឃើញវានៅលើកញ្ចក់ទូរទស្សន៍ប៉ុន្តែនៅពេលអ្នកឃើញវាផ្ទាល់វាកាន់តែបង្ហាញឱ្យច្បាស់ថែមទៀត។ ហើយនៅខាងបាល់ទាត់វាមានការលំបាកជាមួយនឹងឧបសគ្គភាសា»។ នេះជាការលើកឡើងរបស់ខ្សែការពារវ័យ២៧ឆ្នាំ សញ្ជាតិអៀរឡង់ ដែលធ្លាប់អះអាងថា ខ្លួននឹងយកបទពិសោធន៍មកជួយពង្រឹងតំបន់ការពាររបស់ក្លិបព្រះខ័នរាជស្វាយរៀង ក៏ដូចជាចែករំលែកដល់កីឡាករវ័យក្មេងនៅក្នុងក្រុម។
Paddy Barrett បានចុះកិច្ចសន្យាជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាមរយៈអ្នកចាត់ការទូទៅសញ្ជាតិអៀរឡង់ Conor Nestor កាលពីដើមខែមករា ឆ្នាំ២០២១។ ប៉ុន្តែការរស់នៅកម្ពុជា បានត្រឹមរយៈពេលជាង១ខែ ទាំងមិនទាន់បង្ហាញទម្រង់លេងផងនោះ ស្រាប់តែកីឡាកររូបនេះ សម្រេចចែកផ្លូវគ្នាជាមួយក្លិបព្រះខ័នរាជស្វាយរៀងវិញ។
កីឡាករ លោកBarrett Paddy Barrett បានចាប់អាជីពបាល់ទាត់ដំបូងជាមួយក្លិបយុវជន Aberdeen F.C នៅអំឡុងឆ្នាំ២០១០។ ក្រោយមករូបគេផ្ទេរទៅចូលរួមជាមួយក្លិប Dundee United ក្នុងកម្រិតយុវជនដូចគ្នា ហើយត្រូវបានដំឡើងឲ្យមកលេងក្នុងឈុតធំចន្លោះពីឆ្នាំ២០១៣-២០១៤។
ក្នុងអំឡុងពេលរួមរស់ជាមួយ Dundee United រូបគេបានចូលរួមជាមួយក្លិប Waterford ក្រោមលក្ខខណ្ឌខ្ចីជើងបាន១រដូវកាល មុនផ្ទេរទៅ Galway United នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៤។ នៅឆ្នាំ២០១៥ រូបគេផ្ទេរទៅកាន់ក្លិប Dundalk នៅអៀរឡង់ រហូតដល់ឆ្នាំ២០១៧។ នៅពាក់កណ្តាលរដូវកាលឆ្នាំ២០១៧ រូបគេ បានផ្ទេរទៅចូលរួមជាមួយ Waterford ជាថ្មីក្រោមលក្ខខណ្ឌខ្ចីជើង។
ក្រោយមកនៅឆ្នាំ២០១៨ Paddy បានផ្លាស់ទៅចូលរួមជាមួយក្លិប Cincintani FC បន្ទាប់មកផ្ទេរទៅក្លិប Indy Eleven នៅឆ្នាំ២០១៩ រហូតដល់ដំណាច់រដូវកាលឆ្នាំ២០២០៕