COVID-19
ជាតិ
សុខភាព
មរណ​ភាព​កូវីដ​«ដំបូង​»នៅ​កម្ពុជា៖​ ​គ្រួសារ​រំឭក​វេលា​ចុង​ក្រោយ​និង​ការ​ចង​ចាំ
22, Mar 2021 , 11:58 pm        
រូបភាព
រូបឯកសារ៖ លោក ឡៅ វណ្ណា ឈរថតនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីឆ្នាំ ២០២០។ (រូបថតផ្ដល់ឲ្យដោយក្រុមគ្រួសារ) Photo: Courtesy Photo
រូបឯកសារ៖ លោក ឡៅ វណ្ណា ឈរថតនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលពីឆ្នាំ ២០២០។ (រូបថតផ្ដល់ឲ្យដោយក្រុមគ្រួសារ) Photo: Courtesy Photo
ដោយ: VOA
ភ្នំពេញ — ខែ​មីនា​នេះ​ ជា​គម្រប់​អនុស្សា​វរីយ៍ ​១៨ ឆ្នាំ​នៃ​ចំណង​អាពាហ៍ពិពាហ៍​រវាង​លោក​ ឡៅ វណ្ណា និង​អ្នកស្រី វ៉េង សុម៉ាលី។ អ្នក​ទាំង​ពីរ​រៀប​ការ​នៅថ្ងៃទី​ ៣ ខែ​មីនា ឆ្នាំ ២០០៣។

 
ប៉ុន្តែ​នៅ​ខែ​អនុស្សាវរីយ៍​អាពាហ៍​ពិពាហ៍​នា​ឆ្នាំ​ ២០២១​ នេះ​ បាន​បន្សល់​ទុក​នូវ​សំណោកសោកសៅ​ឲ្យ​ក្រុម​គ្រួសារ​ ដែល​មាន​កូន​ប្រុស​ស្រី ​៤ ​នាក់​មួយ​នេះ​។
 
លោក ឡៅ វណ្ណា ត្រូវ​ចូល​សម្រាកព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ក្រោយ​ពី​បាន​តេស្ដ​វិជ្ជមាន​កូវីដ​១៩ នៅ​ថ្ងៃទី ២៧​ ខែ​កុម្ភៈ ដោយសារ​លោក​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​ម្នាក់​ដែល​លោក​បើក​រថយន្ត​ឲ្យ។
 
តែ​ភាព​សោក​សៅ​និង​ការ​លំបាក​នៃ​ក្រុម​គ្រួសារ​នេះ ​មិន​បញ្ចប់​ត្រឹម​ការ​ចូល​សម្រាក​ពេទ្យ​នេះ​ទេ។
 
តាំង​តែ​ពី​ចូល​សម្រាក​នៅ​មណ្ឌល​សុខ​ភាព​ចាក់​អង្រែ​មក លោក វណ្ណា អាច​ទាក់​ទង​ឃើញ​មុខ​ក្រុម​គ្រួសារ​ដែល​ត្រូវ​ធ្វើចត្តាឡីស័ក​នៅ​ផ្ទះ​បាន​តែ​តាម​ Facebook Messenger ​ប៉ុណ្ណោះ។
 
នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ចំ​ខួប​អាពាហ៍​ពិពាហ៍ លោក វណ្ណា បាន​ប្រាប់​អ្នកស្រី វ៉េង សុម៉ាលី ឱ្យ​ផ្ដាំ​បង​ប្អូន​ផ្ញើ​ទិញ​បបរ​គ្រឿង​ ដែល​លោក​ចូលចិត្ត​ ផ្ញើ​ឱ្យ​លោក​ហូប​នៅ​មណ្ឌល​សម្រាក​ព្យាបាល។ មក​ទល់​នឹង​ថ្ងៃ​នោះ​ ស្ថានភាព​ជំងឺ​លោក​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។
 
ក្រោយ​បរិភោគ​បបរ​គ្រឿង​ដែល​ធ្លាប់​តែ​ឆ្ងាញ់​ជាប់​មាត់ លោក វណ្ណា បាន​ប្រាប់​ភរិយា​ថា ​លោក​ភ្លក់​លែង​ដឹង​រស​ជាតិ​អ្វី​ទាំង​អស់។
 
អ្នកស្រី សុម៉ាលី បាន​ប្រាប់​វីអូអេ​ថា៖ «គ្រា​នោះ​ខ្ញុំ​មើល​ស្ថាន​ភាព​គាត់ របៀប​ថា​ដូចប្លែក​បន្តិចម្ដងៗ​អ៊ីចឹង​ទៅ​ណា គាត់​ថា ​«អូន​អើយ​បងដូច​ប្លែក ចេះ​តែ​ស្រៀវ​ស្រាញ ក្ដៅ​ខ្លួន ហើយ​មាន​ក្អក​បណ្ដើរៗ​ទៀត​» ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អាការៈ​គាត់​ដូច​ជា​ធ្ងន់​បន្ដិច​ម្ដងៗ»។
 
ដោយ​ស្ថាន​ភាព​មិន​ធូរ​ស្រាល លោក​ វណ្ណា ត្រូវ​បាន​ផ្ទេរ​ពី​មណ្ឌល​សុខភាព​ចាក់​អង្រែ​ ទៅកាន់មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត នាថ្ងៃទី​ ៥ ខែ​មីនា។
 

លោក ឡៅ វណ្ណា និងអ្នកស្រី វ៉េង សុម៉ាលី នាថ្ងៃមង្គលការ កាលពីឆ្នាំ ២០០៣។ (រូបថតផ្ដល់ឲ្យដោយក្រុមគ្រួសារ)
 
ក្រៅ​ពី​ការងារ​ជា​អ្នក​បើក​រថយន្ត​ឲ្យ​គេ លោក វណ្ណា ក៏​មាន​ការងារ​នៅ​នាយក​ដ្ឋាន​នគរបាល​អង្គរក្ស​នៃ​ក្រសួង​មហាផ្ទៃ​ផង​ដែរ។ លោក វណ្ណា អាយុ​ ៥០ ​ឆ្នាំ ត្រូវ​បាន​ក្រុមការងារ​សុខាភិបាល​ទាក់​ទង​ឱ្យ​ទៅ​ធ្វើ​តេស្ដ​បន្ទាប់​ពី​ថៅកែ​ចិន​ម្នាក់​ដែល​លោក​បើក​រថយន្តឲ្យ ដែលជាការ​ងារ​ទីពីរ​បន្ទាប់​ពី​ការងារ​រដ្ឋ ត្រូវ​បាន​ធ្វើ​តេស្តវិជ្ជមាន​កូវីដ​ក្នុង​ព្រឹត្តិ​ការណ៍ ២០ កុម្ភៈ។
 
មក​ទល់​នឹង​ថ្ងៃទី​៩ ខែ​មីនា លោក វណ្ណា បាត់​ដំណឹង​លែង​ខល​មក​ភរិយា ខណៈ​លោក​កំពុង​សម្រាក​ព្យាបាល មាត់​របស់​លោក​ត្រូវ​បាន​ខ្ទប់​ដោយ​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម ​(Ventilator) ដោយសារ​ស្ថានភាព​ធ្ងន់​ធ្ងរ។
 
«អត់​ឃើញ​គាត់​ខល​មក​ទេ បាត់​រហូត ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ប្ដី​ខ្ញុំ​មក​ថ្ងៃតាំង​ពី​ព្រឹក​ទល់​ដល់​យប់​ហ្នឹង អត់​ឃើញ​ខលរូបភាព​ឱ្យ​មើល​សោះ តែ​ពេល​ហ្នឹង ប្អូន គាត់​និយាយ​មក​ខ្ញុំ​ជឿ​ថាជំងឺ​ហ្នឹង​វា​ដល់​ដំណាក់​កាល​ខ្លាំង​ហើយ ព្រោះ​គាត់​ថត​មក​ខ្ញុំ​មើល​ហ្នឹង គាត់​ថា​និយាយ​បាន​មួយ​ម៉ាត់​ពីរ​ម៉ាត់ គាត់​លើក​ដៃ​ថា​ហត់​ណាស់​អូន ហត់​ណាស់​ហត់ បង​ហត់​និយាយ​លែង​បាន​តទៅ​ទៀត​ហើយ» ហើយ​ខ្ញុំ​ថាបើ​បង​ហត់ បង​មិន​បាច់​និយាយ​ទេ ឱ្យ​ខ្ញុំ​ឃើញ​មុខ​មក ក៏​ខ្ញុំ​អស់​ចិត្ត»។
 
នៅ​ថ្ងៃ​ទី ​១១ ខែ​មីនា រង្វង់​ម៉ោង​ជិត ​១១ ​ថ្ងៃ​ត្រង់ ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត បាន​ហៅ​ទូរស័ព្ទ​មក​អ្នកស្រី សុម៉ាលី ជាមួយ​នឹង​ដំណឹង​ថា ​លោក វណ្ណា បាន​ទទួល​មរណភាព។
 
«ពេល​ពេទ្យ​ជូន​ពាក្យ​ថា ប្ដី​ខ្ញុំ​អស់​សង្ខារ​អ៊ីចឹង​ភ្លាម ខ្ញុំ​រន្ធត់​ចិត្ត​ណាស់ រន្ធត់​ចិត្ត​ថា ខ្ញុំ​រស់​ដោយ​សារ​ប្ដី ដល់​ឥឡូវ​អស់​បង្គោល​ហើយ គិត​យ៉ាង​ម៉េច។ ហៅ​កូន​មក​ជិត​និយាយ ថា​យើង​អស់​ប៉ា​រកស៊ី​ចិញ្ចឹម​ហើយ ម៉ាក់​អត់​មាំ​ទៀត ខ្ញុំ​ទើប​វះ​ហើយ​អ៊ីចឹង ដល់​អ៊ីចឹង​ទៅ កូន​ក៏​មើល​មុខ​យើង ហើយ​ខ្ញុំ​ថា កូន​អើយ ម៉ាក់​ដូច​គិត​មិន​ចេញ​ទេ​នេះ ... កូន​ក៏​អង្គុយ​ជិត​ខ្ញុំ យំ​ទាំង​អស់​គ្នា​អ៊ីចឹង​ទៅ»។
 
គ្រា​នោះ​អ្នកស្រី សុម៉ាលី និង​កូនប្រុសស្រី​ទាំង​ ៤ មិន​អាច​ចេញ​ក្រៅ​ផ្ទះ​បាន​នោះ​ទេ ដោយ​សារ​ជាប់​កាតព្វកិច្ច​ធ្វើ​ចត្តាឡីស័ក​ក្នុង​គេហដ្ឋាន​ខ្លួន​ឯង​ នៅ​សង្កាត់​ចាក់​អង្រែ។
 
នៅ​ពេល​សព​លោក វណ្ណា ត្រូវ​បាន​បូជា​អំឡុង​ម៉ោង​៨​យប់ ថ្ងៃ​ទី ​១១ ខែ​មីនា នៅ​វត្ត​បញ្ចកែវ​មុនី​ឫស្សី​សាញ់ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អ្នក​ស្រី សុម៉ាលី និង​កូន​ប្រុស​ស្រី បាន​ត្រឹម​រៀប​ចំ​តុ​តូច​មួយ មាន​ជើងធូប​និង​នំនែក​បន្ដិច​បន្ដួច​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ។
 
លោក ឡៅ វណ្ណា ត្រូវ​បាន​ក្រសួង​សុខាភិបាល​កំណត់​ថា​ជា​អ្នក​ជំងឺកូវីដ​១៩​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​ទទួល​មរណភាព​ដោយ​វីរុស​នេះ។
 
ភ្លាមៗ​ក្រោយ​មរណភាព​លោក ឡៅ វណ្ណា នា​ថ្ងៃ​ទី ​១១ ខែមីនា លោកស្រី​វេជ្ជបណ្ឌិត ឱ​វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ទូរ​ទស្សន៍​បាយ័ន​ថា ​សួត​របស់​លោក​ទាំង​សង​ខាង​មាន​ការ​រលាក​ខូច​ខាត​ធ្ងន់​ធ្ងរ ទោះ​គ្រូពេទ្យ​ប្រើ​គ្រប់​បច្ចេក​ទេស​និង​បច្ចេកវិទ្យា​យ៉ាង​ណា​ក្ដី។
 
«ក៏​ប៉ុន្តែ​ជាការ​សោកស្ដាយ​មែនទែន​ដោយ​សារ​ការ​ជួយ​សង្គ្រោះរបស់​យើង​មិន​អាច​ជួយ​បាន ដោយ​សារ​ស្ថាន​ភាព​វាយលុក​របស់​វីរុសកូវីដ១៩​ ហ្នឹង​វា​លឿន ហើយ​ធ្វើ​ឱ្យ​សរីរាង្គ​របស់​គាត់​ទ្រាំទ្រ​អត់​បាន ធ្វើ​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅ​លើ​បញ្ហា​សួត​ទាំង​សង​ខាង​របស់​គាត់​នេះ»។
 
អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ បាន​ហៅ​មរណ​ភាព​លោក ឡៅ វណ្ណា ថា​ជា​ «កាល​ប្បវត្តិ​ដ៏​សោក​សង្រេង​នៃ​ការតស៊ូ​ក្រាញ​ននាល​របស់​កម្ពុជា​ជាមួយ​នឹង​វីរុស» ​កូវីដ​១៩ ​និង​បាន​សម្ដែង​មរណ​ទុក្ខ​ជូន​ក្រុម​គ្រួសារ​លោក វណ្ណា។

 

លោក ឡៅ វណ្ណា និងក្រុមគ្រួសារ អំឡុងដើរកម្សាន្តនៅខេត្តប៉ៃលិន កាលពីខែកញ្ញា ឆ្នាំ២០២០។ (រូបថតផ្ដល់ឲ្យដោយក្រុមគ្រួសារ)
 
សម្រាប់​ភរិយា​និង​កូនៗ​លោក វណ្ណា ក្ដី​សោយ​សោក​ពី​មរណភាព​របស់​លោក​មាន​ធំធេង​ជាងអ្វីដែល​ខ្ទង់​តួ​លេខដែល​ស្លាប់​ដោយ​សារ​កូវីដ​នៅ​កម្ពុជា​អាចគណនា​បាន។
 
លោក វណ្ណា មាន​ស្រុក​កំណើត​នៅ​ស្រុក​បុរី​ជល​សារ ខេត្ត​តាកែវ ហើយ​លោក​ជា​កូន​ទីពីរ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​ប្រុសស្រី​សរុប ​៨ ​នាក់។ លោក​ត្រូវ​បាន​បង​ជីទួតមួយ​របស់​អ្នកស្រី សុម៉ា​លី ណែនាំ​ឱ្យ​ស្គាល់​គ្នា​មុន​ឈាន​ទៅ​ចង​ចំណង​អាពាហ៍​ពិពាហ៍ ​នៅ​ឆ្នាំ​ ២០០​៣។​
 
ភរិយា​របស់​លោក វណ្ណា មាន​ប្រសាសន៍​ថា៖ «គាត់​ល្អ​នឹង​ខ្ញុំ​ណាស់ ហ្នឹង​ហើយ ល្អ​ដល់​ថ្នាក់​ខ្ញុំ​បំភ្លេច​មិន​បាន​តែ​ម្ដង គាត់​ល្អ​នឹង​ខ្ញុំ​ដូចថា​ហួស​តែ​ម្ដង ... រហូត​ដល់​បែក​គ្នា​ខ្ញុំស្រណោះ​សម្ដី​ប្ដី គាត់​គោរព​ស្រឡាញ់​យើង គាត់​ឱ្យ​តម្លៃ​យើង​ត្រង់​ហ្នឹង​»។
 
ដោយ​សារ​មាន​កូន​ ៤ នា​ក់​ក្នុង​បន្ទុក លោក វណ្ណា ត្រូវ​រក​របរ​ខាង​ក្រៅការងារ​រដ្ឋ​បន្ថែម គឺ​ធ្វើ​ជា​អ្នក​បើក​បរ​រថយន្ត​ប្ដូរ​យក​កម្រៃ​បន្ថែម ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​និង​ការ​សិក្សា​របស់​កូនៗ។
 
«ដូច​អូនឃើញ​ស្រាប់​ហើយ ប្រាក់​ខែ​យើង​រាជការ​ខ្លាច​ចាយ​មិន​គ្រាន់ ហើយ​មក​ទល់​នឹង​ខ្ញុំ កូន​ដល់​ច្រើន​អ៊ីចឹង​ទៀត អ៊ីចឹង​គាត់​ក៏​ចេះ​តែ​ស្វះស្វែង​រក​ការងារ​បន្ថែម​ទៀត​អ៊ីចឹង​ទៅ​ណា»។
 
អ្នកស្រី សុម៉ាលី បាន​បន្ថែម​ថា ​អ្នកស្រី​សម្គាល់​ឃើញ​ស្វាមី​ហាក់​មាន​សភាព​ហត់​នឿយ​ច្រើន​នា​មួយ​រយៈ​កាលថ្មីៗ​នេះ។ អ្នកស្រី​ឲ្យ​ដឹង​ថា​ ស្វាមី​មិន​មាន​ជំងឺ​អ្វី​ប្រចាំ​កាយ​នោះ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា​លោក​លើស​ទម្ងន់ និង​ពិសារ​គ្រឿង​ស្រវឹង​ធម្មតា។
 
«ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គាត់​ធ្វើការ​ដូច​ជា​រៀង​ខ្លាំង​ដែរ អ៊ីចឹង​កម្លាំង​វាចុះ​ទៅ​តាម​ហ្នឹង!»។
 
ក្រុម​គ្រួសារនេះ​បាន​ដឹង​ឮ​ដំបូង​អំពី​ជំងឺ​កូវីដ​១៩​ នៅ​ឆ្នាំ​ ២០២០ ពេល​ដែល​រោគ​រាតត្បាត​នេះ​ផ្ដើម​រំខាន​ផ្លាស់​ប្ដូរ​របៀប​របប​ជីវិត​ទាំង​ឡាយ​នៅ​ទូទាំង​សាកល​លោក។
 

កូនប្រុសពៅរបស់លោក ឡៅ វណ្ណា និងអ្នកស្រី វ៉េង សុម៉ាលី អង្គុយមុខជើងធូបសពឪពុក កាលពីខែមីនា ឆ្នាំ២០២១។ (រូបថតផ្ដល់ឲ្យដោយក្រុមគ្រួសារ)
 
អ្នកស្រី សុម៉ាលី បាន​លើក​ឡើង​ថា៖ «គាត់​ធ្លាប់​ប្រាប់​ដែរ​ហ្នឹង នៅ​ពេល​គាត់​ទៅ​ធ្វើការ​អ៊ីចឹង គាត់​ទិញ​តាំង​ពី​អាល់​កុល ទិញ​តាំង​ពី​ម៉ាស​មក​ទុក​នៅផ្ទះ​ឱ្យ​កូន ហើយ​គាត់​ចេះ​តែ​ថា «កូន​អើយ ទៅ​សាលា​ហ្នឹង បាញ់ៗ​អាល់​កុល លាង​ដៃ​ឱ្យ​ស្អាត ហើយ​ពាក់ៗ​ម៉ាស​ឱ្យ​ជិត កូន​ណា» គាត់​ចេះ​តែ​ប្រាប់​អ៊ីចឹង​ដែរ​ហ្នឹង ពេល​កើត​កូវីដ​ដំបូងៗ​»។
 
មក​ទល់​នឹង​ពេល​នេះ អ្នកស្រី សុម៉ាលី នៅ​តែ​ក្រៀមក្រំ​និង​កាន់ទុក្ខ​ស្វាមី​ដែល​ចែក​ឋាន។
 
ធាតុ​របស់​លោក វណ្ណា ត្រូវ​បាន​តម្កល់​ទុក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ជូន​ក្រុម​គ្រួសារ​មក​យក។ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា អ្នកស្រី សុម៉ាលី មិន​ទាន់​កំណត់​ថ្ងៃ​ទៅ​យក​ធាតុ​របស់ស្វាមី​មក​ទុក​នៅ​ផ្ទះ​នោះ​ទេ បើ​ទោះ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក ហើយ​អ្នក​ស្រី​និង​កូនៗ ​ពុំ​មាន​ផ្ទុកវីរុស​ជំងឺ​កូវីដ​១៩។
 
យ៉ាងណា​ក៏​ដោយ អ្នកស្រី សុម៉ាលី ​បន្ថែម​ថា៖ «នឹក​ដល់​រឿង​ហ្នឹង ខ្ញុំ​ក៏​ធ្វើចិត្ត​ឡើង​វិញ ខ្ញុំ​ត្រូវ​តែ​ខំ​ពង្រឹង​ខ្លួន​ឯង ខ្លាច​ខ្ញុំ​មិន​ស្រួល​មួយ​ទៀត ឥឡូវ​អត់​ឪពុក​ពិបាក​ម្លឹង​ទៅ​ហើយ ចុះ​បើ​អត់​ទាំង​ម្ដាយ​ទៀត កូន​ខ្ញុំ​ទីពឹង​អ្នក​ណា ខ្ញុំ​ក៏​ទាញ​ចិត្ត ខំ​សម្រួល​ចិត្ត​ ខំ​ធ្វើ​ចិត្ត បន្ដិច​ម្ដងៗ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com