អន្តរជាតិ
តបទៅឥណ្ឌូណេស៊ី៖ ក្រុមហ៊ុន AstraZeneca ថា វ៉ាក់សាំងខ្លួនគ្មានធាតុផ្សំពីសាច់ជ្រូកឡើយ
× ក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca នៅថ្ងៃទី២១ ខែមីនាបានអះអាងថា វ៉ាក់សាំងរបស់ខ្លួនគ្មានធាតុផ្សំពីសាច់ជ្រូកឡើយ។ ការអះអាងនេះ ជាការឆ្លើយតបការព្រួយបារម្ភរបស់ក្រុមប្រឹក្សាសាសនាឥស្លាមនៅឥណ្ឌូណេស៊ីដែលថា វ៉ាក់សាំងរបស់ខ្លួនមិនមែនជាផលិតហាឡាល់ ដែលបំពានច្បាប់ឥស្លាម។
ក្រុមមប្រឹក្សា Ulema ដែលជាស្ថាប័នសាសនាឥស្លាមជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី បានលើកឡើងនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៩ ខែមីនា ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មិនស្របតាម ច្បាប់សាសនាឥស្លាមឡើយ ដោយអះអាងថា វ៉ាក់សាំងរបស់ក្រុមហ៊ុននេះ មានធាតុផ្សំពីសាច់ជ្រូក។ ប៉ុន្តែក្រុមប្រឹក្សាដដែល នៅតែអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះដដែល ព្រោះជាការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
យ៉ាងណាមិញ ក្រុមហ៊ុនវ៉ាក់សាំងខាងលើ បានបដិសេធការអះអាងរបស់ឥណ្ឌូណេស៊ី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Rizman Abudaeri នាយកគ្រប់គ្រងក្រុមហ៊ុន AstraZeneca ប្រចាំឥណ្ឌូណេស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅគ្រប់ដំណាក់កាលនៃដំណើរការផលិត វ៉ាក់សាំងនេះ មិនបានប្រើ និងមិនទាក់ទងជាមួយសារជាតិដែលបានមកពីសាច់ជ្រូក ឬសត្វដទៃទៀតឡើយ។
មន្ត្រីរបស់ក្រុមប្រឹក្សា Ulema អះអាងថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នឹងត្រូវអនុញ្ញាតឱ្យប្រើប្រាស់រហូតដល់ឥណ្ឌូណេស៊ីមានវ៉ាក់សាំងដែលហាឡាល់។
ឥណ្ឌូណេស៊ី ទទួលបានវ៉ាក់សាំងពី AstraZenaca ចំនួន១,១លានដូសក្នុងខែមីនានេះតាមរយៈយន្តការ COVAX ។ ប្រទេសមួយនេះ ក៏កំពុងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការទូទាំងប្រទេស។ លើសពីនោះ ឥណ្ឌូណេស៊ី ក៏មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវ៉ាក់សាំងផ្សេងទៀតដូចជា Novavax និង Pfizer ផងដែរ៕
Tag:
ឥណ្ឌូណេស៊ី
AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com