រថយន្ត
អន្តរជាតិ
លោក Elon Musk ច្រានចោលការលើកឡើងថា រថយន្ត Tesla លួចព័ត៌មានសម្ងាត់របស់ចិន
22, Mar 2021 , 7:19 pm        
រូបភាព
លោក Elon Musk នាជំនួបជាមួយ​លោក​នាយករដ្ឋមន្ត្រីចិន Le Keqiang កន្លងមក។ រូបថត SCMP
លោក Elon Musk នាជំនួបជាមួយ​លោក​នាយករដ្ឋមន្ត្រីចិន Le Keqiang កន្លងមក។ រូបថត SCMP
ដោយ:
លោក Elon Musk អគ្គនាយកក្រុមហ៊ុនTesla នៅថ្ងៃទី២០ ខែមីនា ប្រកាសថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក នឹងបិទទ្វារលែងរកស៊ី បើសិនជារថយន្តទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការងារចារកិច្ច។ ការលើកឡើងរបស់លោក Musk ជាការតបទៅនឹងព័ត៌មានដែលបានលើកឡើងថា យោធាចិន ហាមមិនឱ្យរថយន្តផលិតដោយក្រុមហ៊ុន Tesla បើកចូល ឬចតក្នុងមូលដ្ឋានទ័ព ដោយបារម្ភពីបញ្ហាសន្តិសុខ។


 
ទីភ្នាក់ងារព័ត៌មាន Reuter ផ្សាយព័ត៌មានមួយកាលពីសប្ដាហ៍ទាក់ទងបញ្ជារបស់យោធាចិន បានណែនាំឱ្យអ្នកមានរថយន្តអគ្គិសនី Tesla ចតរថយន្តរបស់ខ្លួននៅក្រៅបរិវេណមូលដ្ឋានយោធា។ នេះក៏ដោយសារយោធាចិនបារម្ភថា កាម៉េរ៉ាដែលភ្ជាប់ជាមួយរថយន្តប្រមូលយករូបភាព ហើយរដ្ឋាភិបាលចិនពុំមានវិធីសាស្ត្រក្នុងការពិនិត្យមើលរូបភាពទាំងនោះ ឬគ្រប់គ្រងលំហូរទិន្ន័យទាំងនោះឡើយ។ ព័ត៌មានស្តីពីបញ្ជារបស់យោធាចិននេះ ត្រូវបានផ្សព្វផ្សាយនាថ្ងៃទី១៩ ខែមីនា។ 
 
មេក្រុមហ៊ុន Tesla លោក Elon Musk បដិសេធព័ត៌មាននេះ។ ថ្លែងក្នុងវេទិកាពិភាក្សាធុរកិច្ចអនឡាញនៅប្រទេសចិននៅថ្ងៃទី២០ ខែមីនា Musk សង្កត់ធ្ងន់ថា បើក្រុមហ៊ុន Tesla ប្រើប្រាស់រថយន្តដើម្បីធ្វើចារកិច្ចនៅប្រទេសចិន ឬទីកន្លែងដទៃ នោះក្រុមហ៊ុននឹងត្រូវបិទទ្វារតែម្ដង។  
 
នាវេទិកាដដែល ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ទទូចឱ្យចិន និងអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចទុកចិត្តគ្នាទៅវិញទៅមក។ អាមេរិកក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតីដូណាល់ ត្រាំ ចោទក្រុមហ៊ុនចិនដូចជាTik Tok និង Huawei ពីការលួចប្រមូលព័ត៌មានសម្ងាត់ និងប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។ 
 
សូមបញ្ជាក់ថា ចិន ជាទីផ្សារធំបំផុតសម្រាប់ផលិតផលរថយន្តអគ្គិសនី និងជាកន្លែងប្រកួតប្រជែងដ៏ក្តៅគគុកផងដែរ។ ក្រុមហ៊ុនTesla លក់រថយន្តអគ្គិសនីចំនួន១៤៧,៤៤៥គ្រឿងក្នុងទីផ្សារចិន ឬស្មើនឹងប្រមាណ៣០ភាគរយនៃចំនួនរថយន្តដែលខ្លួនលក់បាននៅទូទាំងពិភពលោក។ ចាប់ពីឆ្នាំ២០២០ មក ក្រុមហ៊ុននេះរងការប្រកួតប្រជែងពីក្រុមហ៊ុនផលិតក្នុងស្រុកចិនដូចជា Nio Inc និងGeely ជាដើម។ 
 
ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនTesla ចំណេញប្រាក់ចំនួន៧២១លានដុល្លារពីការលក់រថយន្តក្នុងប្រទេសចិន។ ក្នុងឆ្នាំ២០១៨ Tesla គឺជាក្រុមហ៊ុនផលិតរថយន្តបរទេសដំបូងបំផុតដែលត្រូវបានចិនអនុញ្ញាតឱ្យគ្រប់គ្រងការផលិតរថយន្តរបស់ខ្លួនទាំងស្រុង ដោយមិនចាំបាច់ចូលហ៊ុន ឬចាប់ដៃគូជាមួយក្រុមហ៊ុនចិនឡើយ។
 
ក្រៅតែច្រានចោលការលើកឡើងជុំវិញរឿងចារកិច្ចដោយយោធាចិន លោក Musk ក៏និយាយផងដែរពីការគ្រប់គ្រងបញ្ញាសិប្បនិម្មិត។ លោកសង្កត់ធ្ងន់ថា ការគ្រប់គ្រងបញ្ញាសិប្បនិម្មិតគឺ ជារឿងសំខាន់បំផុតសម្រាប់មនុស្សជាតិ ដោយសារមនុស្សពុំដែលជួបស្ថានការណ៍ណា ដែលរបស់មួយឆ្លាតជាងមនុស្សឡើយ។ បើតាមលោក Musk ពិភពលោកចាំបាច់ត្រូវការនិយ័តករគ្រប់គ្រងលើបញ្ញាសិប្បនិម្មិត មិនខុសអ្វីពីការគ្រប់គ្រងលើឱសថ ស្បៀង យានយន្ត និងយន្តហោះនោះឡើយ ដើម្បីសុវត្ថិភាពរបស់មនុស្ស៕
 
 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com