ជាតិ
រថយន្ត
ដូរគ្រឿងបន្លាស់ដើមស្ទើរទាំងអស់ដើម្បីឱ្យ Volkswagen បុរាណមួយគ្រឿងធន់ រឹងមាំ និងទាក់ទាញ
× រថយន្ដម៉ាក Volkswagen ប្រភេទទី១ ទំនងជាប្រភេទឡានបុរាណដែលនៅសល់ច្រើនជាងគេ ទូទាំងពិភពលោ។ ដូច្នេះក្នុងចំណោមឡានបុរាណ ដែលត្រូវនាំចូលមក ប្រទេសកម្ពុជា ច្រើនជា Volkswagen ប្រភេទទី១ដែរ។ នៅទីក្រុងពោធិ៍សាត់ មានមួយគ្រឿង Volkswagen ប្រភេទទី១ ដែលត្រូវបានផលិតក្នុងទសវត្សរ៍ ១៩៦០ ប៉ុន្តែវាត្រូវបានគេយកទៅកែច្នៃខ្លះ ដើម្បីឱ្យមើលទៅកាន់តែស្អាត ទាក់ទាញ និងធន់ក្នុងការប្រើប្រាស់។ វាត្រូវបានបាញ់ថ្នាំឡើងវិញ ខុសពីពណ៌ដើមរបស់វា ហើយម៉ាស៊ីន កង់ ហ្វារ ស៊ីញ៉ូ ផ្លិតទឹក កញ្ចក់ កៅអី តាប្លូ ចង្កូត និងពូក ក៏ត្រូវបានផ្លាស់ប្តូរដែរ ហើយក៏មិនមែនជាគ្រឿងបន្លាស់ ឡាន Volkswagen ប្រភេទទី១ ដើមរបស់ដែរ។ ពោលគឺគ្រឿងបន្លាស់ទាំងអស់នោះ ក៏មិនមែនបុរាណតែម្ដង។ លើសពីនេះទៅទៀត ដែកកាងទាំងខាងមុខ ទាំងខាងក្រោយ ក៏ត្រូវបានដកចេញ ហើយម៉ាស៊ីនថ្មី ត្រូវបានដាក់នៅផ្នែកខាងមុខវិញ ដែលធ្វើឱ្យត្រូវការកែទ្រង់ទ្រាយបន្តិចថែមទៀត។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូខាងក្រោមនេះ ៖
រថយន្ដ Volkswagen នេះ មានឈ្មោះផ្លូវការថា ប្រភេទទី១ ពីព្រោះជាប្រភេទដំបូងគេបង្អស់ ដែលក្រុមហ៊ុន Volkswagen បានផលិតចាប់ពីឆ្នាំ១៩៣៨ និងរហូតដល់ឆ្នាំ ១៩៧៨ និងដល់ ឆ្នាំ២០១៩ នៅប្រទេសប្រេស៊ីល។ គេមិនហៅវាថា ជារថយន្តប្រភេទទី១ ដូចឈ្មោះផ្លូវការនោះទេ ប៉ុន្តែគេហៅថា Coccinelle (ភាសាបារាំង) Escarabajo (ភាសាអេស្ប៉ាញ) Beetle (ភាសាអង់គ្លេស) Käfer (ភាសាអាល្លឺម៉ង់) Kever (ភាសាហូឡង់)។ ល។ ដែល អាចបកប្រែ ថា សត្វ ខ្ញុង ពីព្រោះវាមានរាងដូចសត្វ ល្អិតនេះ។
Volkswagen ប្រភេទទី១ ត្រូវបានដំឡើងតាមរោងចក្រ នៅប្រទេសអាល្លឺម៉ង់ ហើយនៅ ប្រទេសនាៗ ក្នុងទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក តែមិនមែននៅទ្វីបអាស៊ី នោះទេ។ ហេតុនេះហើយ រថយន្ដនេះនៅ ទ្វីបអាស៊ី មិនពេញនិយម ដូចនៅទ្វីបដទៃទៀតទេ។ មុនសង្គ្រាម នៅប្រទេសកម្ពុជា មានឡាន Volkswagen ប្រភេទទី១ ច្រើនគួរសម។ ប៉ុន្តែសូម បញ្ជាក់ថា សព្វថ្ងៃនៅរាជធានីភ្នំពេញមាន Volkswagen ប្រភេទទី១ មានប្រហែល ៣ ទៅ ៤គ្រឿងប៉ុណ្ណោះ។
ម៉ាក VOLKSWAGEN ត្រូវបាន បង្កើតនៅប្រទេសអាល្លឺម៉ង់ នៅអំឡុងឆ្នាំ១៩៣៧ ដោយ ពលរដ្ឋអូទ្រីសមួយរូប ឈ្មោះ PORSCHE Ferdinand ដែលក៏បានបង្កើតម៉ាក PORSCHE ដែរ។ ជាភាសាអាល្លឺម៉ង់ ពាក្យ VOLKS មានន័យថា ប្រជាជន និងពាក្យ WAGEN មានន័យ ថាឡាន៕
Tag:
យានយន្ត
រថយន្ត
Volkswagen
© រក្សាសិទ្ធិដោយ thmeythmey.com